រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈ ពីនៅទឹកដីខេត្តកំពង់ចាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកទៅកាន់ក្រុមប្រឆាំង ថា តែងតែចោទរាជរដ្ឋាភិបាលប្លន់ដីប្រជាពលរដ្ឋ ប៉ុន្ដែពួកគេ មិនដែលលើកឡើងពីរឿងរាជរដ្ឋាភិបាល ចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋម៉ឺនក្បាលដីឡើយ ។
ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល អាណត្តិថ្មី មិនមានអ្វីក្រៅពីការប្ដេជ្ញាចិត្ត នឹងបន្ដខិតខំធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋ នឹងផ្ដល់ផលឱ្យកាន់តែច្រើនជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ៖ «គេតែងតែលើចំណុចអវិជ្ជាមាន គេតែគិតថា រដ្ឋាភិបាល ធ្វើបាបតែប្រជាជន ប្លន់ដីធ្លី ប្រជាជន ប៉ុន្ដែគេមិនបានយក ទទួលស្គាល់ យើងចុះចែកបណ្ណរាប់ម៉ឺន រាប់សែនក្បាលដី ដីរាប់លានហិកតា ឱ្យប្រជាពលរដ្ឋ។ ប៉ុន្ដែអ្វីសំខាន់ អ្នកណា ថាអី ថាចុះ សំខាន់ប្រជាពលរដ្ឋបានទទួលផលជាក់ស្ដែង ប្រជាពលរដ្ឋផ្ដល់ផលជាក់ស្ដែង» ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើកំណែទម្រង់លើវិស័យដីធ្លីបន្ថែមទៀត តាមរយៈការវាស់វែងដីធ្លី ចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ។
សម្តេចបវរធិបតី បញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាបានកម្មសិទ្ធិកាន់កាប់ដីធ្លីមានលក្ខណៈយូរអង្វែង តជំនាន់ផងដែរ ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញដល់ការវាស់វែង ក្នុងការចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចប់ត្រឹមឆ្នាំ២០២៥ខាងមុខ ខណៈក្នុងអំឡុងឆ្នាំ២០២៧ នឹងត្រូវឈានដល់ការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលត្រូវទទួលបាន ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ឲ្យដឹងថា មកដល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន៣លាន៤សែនក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានចំនួន៨ម៉ឺន៧ពាន់ប័ណ្ណ ខណៈសម្តេចធិបតី ថា នៅសល់តែប្រហែល១លាន៣សែនក្បាលដីទៀតនោះទេ ដែលត្រូវចុះបញ្ជីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ៖ “យើងខិតខំធ្វើយ៉ាងណាឱ្យគោលដៅរបស់យើង គ្រោងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខនេះ ក្នុងការវាស់វែងចុះបញ្ជី ដើម្បីយើងឈានទៅដល់ការចែកប័ណ្ណ ជូនប្រជាពលរដ្ឋដែលត្រូវបានទទួលបានឱ្យចប់ នៅក្នុងអំឡុងឆ្នាំ២០២៧ និយាយរួមជិត៤០ឆ្នាំ នៃខួបនៃការផ្តល់ដីសម្បទាន ចឹងខ្ញុំសូមជូនព័ត៌មាននេះ ជូនប្រជាពលរដ្ឋឱ្យបានជ្រាប” ៕
ចែករំលែកព័តមាននេះ