ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ចំអក​ទៅ​ក្រុមប្រឆាំង រឿង​ចោទ​រដ្ឋាភិបាល​ប្លន់​ដី​ពលរដ្ឋ ប៉ុន្តែ​មិន​លើក​ពី​រដ្ឋាភិបាល​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ ពី​នៅ​ទឹកដី​ខេត្តកំពង់ចាម សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង ថា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ ពី​នៅ​ទឹកដី​ខេត្តកំពង់ចាម សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង ថា តែងតែ​ចោទ​រាជរដ្ឋាភិបាល​ប្លន់​ដី​ប្រជាពលរដ្ឋ ប៉ុន្ដែ​ពួក​គេ មិន​ដែល​លើក​ឡើង​ពី​រឿង​រាជរដ្ឋាភិបាល ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ម៉ឺន​ក្បាលដី​ឡើយ ។

ក្នុង​ពិធី​ប្រកាស​ខេត្តកំពង់ចាម បញ្ចប់​ការ​វាស់វែង​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល អាណត្តិ​ថ្មី មិន​មាន​អ្វី​ក្រៅពី​ការ​ប្ដេជ្ញា​ចិត្ត នឹង​បន្ដ​ខិតខំ​ធ្វើ​ការងារ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ នឹង​ផ្ដល់​ផល​ឱ្យ​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖ «​គេ​តែងតែ​លើ​ចំណុច​អវិជ្ជា​មាន គេ​តែ​គិត​ថា រដ្ឋាភិបាល ធ្វើបាប​តែ​ប្រជាជន ប្លន់​ដីធ្លី ប្រជាជន ប៉ុន្ដែ​គេ​មិន​បាន​យក ទទួលស្គាល់ យើង​ចុះ​ចែក​បណ្ណ​រាប់​ម៉ឺន រាប់​សែន​ក្បាលដី ដី​រាប់​លាន​ហិ​កតា ឱ្យ​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​អ្វី​សំខាន់ អ្នក​ណា ថា​អី ថា​ចុះ សំខាន់​ប្រជាពលរដ្ឋ​បាន​ទទួលផល​ជាក់ស្ដែង ប្រជាពលរដ្ឋ​ផ្ដល់​ផល​ជាក់ស្ដែង​» ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​បវរ​ធិ​បតី បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ដីធ្លី​បន្ថែម​ទៀត តាម​រយៈ​ការ​វាស់វែង​ដីធ្លី ចុះបញ្ជី និង​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី ។

សម្តេច​បវរ​ធិ​បតី បញ្ជាក់​ថា ការ​បញ្ចប់​ការ​វាស់វែង​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​ធានា​បាន​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​មាន​លក្ខណៈ​យូរអង្វែង ត​ជំនាន់​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​ជំរុញ​ដល់​ការ​វាស់វែង ក្នុង​ការ​ចុះបញ្ជី​ក្បាលដី ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ឱ្យ​ចប់​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ខណៈ​ក្នុង​អំឡុង​ឆ្នាំ​២០២៧ នឹង​ត្រូវ​ឈាន​ដល់​ការ​ចែក​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទទួល​បាន ។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា មក​ដល់​នឹង​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល បាន​ជំរុញ​ការ​ចុះបញ្ជី​ក្បាលដី ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស បាន​ចំនួន​៣​លាន​៤​សែន​ក្បាលដី និង​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​៨​ម៉ឺន​៧​ពាន់​ប័ណ្ណ ខណៈ​សម្តេច​ធិ​បតី ថា នៅ​សល់​តែ​ប្រហែល​១​លាន​៣​សែន​ក្បាលដី​ទៀត​នោះ​ទេ ដែល​ត្រូវ​ចុះបញ្ជី​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់​ថា ៖ “​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​គោលដៅ​របស់​យើង គ្រោង​បញ្ចប់ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ ក្នុង​ការ​វាស់វែង​ចុះបញ្ជី ដើម្បី​យើង​ឈាន​ទៅ​ដល់​ការ​ចែក​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទទួល​បានឱ្យ​ចប់ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៧ និយាយ​រួម​ជិត​៤០​ឆ្នាំ នៃ​ខួប​នៃ​ការ​ផ្តល់​ដី​សម្បទាន ចឹ​ង​ខ្ញុំ​សូម​ជូន​ព័ត៌មាន​នេះ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ