ខេត្តស្ទឹងត្រែង ៖ ការកា.ប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការកា.ប់បំផ្លាញព្រៃ ឈើ ការដាក់អន្ទាក់សត្វព្រៃ ត្រូវបានអនុវត្តយ៉ាងតឹងរឹងពីរដ្ឋបាលព្រៃឈើ និងសហគមន៍ អាជ្ញាធរស្រុក អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍រដ្ឋបាល ក្នុងការការពារព្រៃឈើ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ ។
លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថា ឡាបរិវ៉ាត់ បានលើកឡើងថា៖ គម្រោងរេដបូកមេគង្គជំហានទី១ បានចុះផ្សព្វផ្សាយអំពីគម្រោងរេដបូកមេគង្គ-ជំហាន១ មានគោលបំណងលើកកម្ពស់ចំណេះដឹង ដល់សហគមន៍មូលដ្ឋានអំពីសារសំខាន់របស់គម្រោងរេដបូក ផែនការយុទ្ធសាស្ត្រ និងជំរុញឲ្យសហគមន៍ចូលរួមការពារព្រៃឈើ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ ។
លោកបន្តថា ក្នុងសកម្មភាពនានា កម្លាំងសហការបានចុះល្បាតតាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនៅសកម្មភាពដូចជា ការកា.ប់ព្រៃឈើ ការដាក់អន្ទាក់សត្វព្រៃ ការកា.ប់រុករានកន្ទ្រាន ផ្ទៃដីសហគមន៍ធ្វើជាកម្មសិទ្ធិក្នុងនោះមន្ត្រីរបស់យើងក៏បានដកហូតនៅវត្ថុតាងនាំទៅរក្សាទុកកំណត់អត្តសញ្ញាណជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី ។
ដោយឡែក ចំពោះប្រជាពលរដ្ឋមួយចំនួនដែលអាស្រ័យផលដាំដំណាំក្នុងព្រៃសហគមន៍អោយបញ្ឈប់ និងប្រគល់ដីជូនសហគមន៍វិញផងដែរ ហើយជាលទ្ធផលអ្នកដែលកាប់ទន្ទ្រានដីព្រៃសហគមន៍ក៏បានយល់ ព្រមប្រគល់ដីអាស្រ័យផលទាំងនោះ ប្រគល់មកអោយសហគមន៍វិញដោយស្ម័គ្រចិត្តផងដែរ ។
ជាមួយគ្នានេះដែរ គណៈកម្មការសហគមន៍ព្រៃឈើក៏បានប្រជុំផ្សព្វផ្សាយ និងចុះដាក់ស្លាកអំពីទោសទាន់នៃការកា.ប់រានឈូសឆាយព្រៃយកដីធ្វើជាកម្មសិទ្ធិ ក្នុងព្រៃសហគមន៍ ។ ហើយបានសិក្សាចំណុចនិយាមការព្រំប្រទល់ដីសហគមន៏ព្រៃឈើនីមួយៗសម្រាប់ពង្រីកផ្ទៃដីបន្ថែម ដោយធ្វើការសហការជាមួយអាជ្ញាធរស្រុក អាជ្ញា ធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងគណ:កម្មកាផងដែរ ។
លោកនាយផ្នែករដ្ឋបាលព្រៃឈើថា ឡាបរិវ៉ាត់បានលើកឡើងដែរថា កន្លងមកក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងយើងក៏បានចូលរួមប្រជុំជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលស្តីពីការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ហើយអង្គប្រជុំបានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសកា.ប់រានដីព្រៃ បទល្មើសដឹកជញ្ជូន សន្និធិផលអនុផលព្រៃឈើ សត្វព្រៃ និងតាមដានត្រួតពិនិត្យសិប្បកម្មមានច្បាប់ និងបង្ក្រាបសិប្បកម្មគ្មានច្បាប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ ៕
ចែករំលែកព័តមាននេះ