រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀន រហូតដល់កម្រិតបែកថ្នាំទៅហើយនិងត្រូវបានក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន៣ដងមកហើយដែរ ។ លុះលើកនេះ ទើបចេញពីមណ្ឌលកែប្រែមកវិញដល់ផ្ទះបានតែ១០ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែថ្នាំញៀនរើឡើង និងបានដុតផ្ទះឪពុកម្តាយ បណ្ដាលឱ្យឆេះហុយផ្សែងខ្មួលផ្អើលដល់អ្នកជិតខាងភ័យខ្លាចឆេះរាលដល់ផ្ទះពួកគាត់ ។
ចំណែកសមត្ថកិច្ចមូលដ្ឋាន ក៏បានទៅអន្តរាគមន៍ ភ្លាមៗដែរ និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ទឹកពន្លត់រហូតរលត់ទៅវិញ ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅតាមផ្លូវបេតុងបុរីមួយកន្លែង ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ បុរសរូបនេះឈ្មោះ ស៊ុន ថានុតអាយុ៣៧ឆ្នាំ បានត្រូវនគរបាលប៉ុស្តិ៍ព្រៃសឃាត់ខ្លួននាំទៅប៉ុស្តិ៍ភ្លាមៗដែរ ។
បើតាមឪពុកជននេះនិយាយថា កូនប្រុសគាត់ម្នាក់នេះបានប្រើប្រាស់គ្រឿងញៀនរហូតដល់កម្រិតវង្វេងស្មារតីឬបែកថ្នាំទៅហើយ ។ កន្លងមក ធ្លាប់អុកឡុកបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាបន្តបន្ទាប់ ហើយគាត់ក៏បានយកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន៣ដងដែរ ។ ប៉ុន្តែដាក់អត់បានយូរទេ យ៉ាងច្រើនត្រឹមតែ២ខែប៉ុណ្ណោះខាងមណ្ឌលហៅឲ្យគាត់ទៅយកមកវិញ ។ ហើយបើគាត់អត់ទៅយកទេ ក៏ខាងមណ្ឌលដោះលែងឲ្យមកវិញដែរ ។ ខាងមណ្ឌលថា កូនប្រុសគាត់មានផ្ទុកជំងឺអេដស៍មិនអាចនៅបាន លុះពេលត្រឡប់មកដល់ផ្ទះវិញយ៉ាងយូរ១០ថ្ងៃប៉ុណ្ណោះ កូនប្រុសរូបនេះចាប់ផ្ដើមអុកឡុកគ្រួសារទៀតហើយ ។ឪពុកជននេះនិយាយទៀតថា គាត់ចង់ឲ្យកូនប្រុសនេះជាប់ឲ្យយូរកាន់តែល្អ ទុកមួយជីវិតក៏ទុកទៅ ហើយបើស្លាប់នៅទីនោះក៏ស្លាប់ទៅចុះ។
សព្វថ្ងៃគាត់រស់នៅតែ២នាក់ប្ដីប្រពន្ធ ហើយគាត់ក៏មានការភ័យខ្លាចកូនប្រុសនេះ ដោយសារតែលើកមុនបានដុតផ្ទះម្ដងដែរ ប៉ុន្តែមិនបានសម្រេច ។ លុះលើកនេះ បន្ទាប់ពីចេញពីមណ្ឌលកែប្រែក៏បានទៅនៅផ្ទះប្អូនគាត់នៅឯខេត្តពោធិ៍សាត់ ហើយប្រាប់ថាកែខ្លួនហើយ និងចង់មករកស៊ីនឹងគេ ទើបគាត់ឲ្យត្រឡប់មកផ្ទះវិញ ។ ប៉ុន្តែទើបតែបាន១០ថ្ងៃប៉ុណ្ណោះ ហើយប៉ុន្មានថ្ងៃមុនគាត់បានឲ្យម៉ូតូ១គ្រឿងជិះ ស្រាប់តែយកទៅបញ្ចាំបាត់ លុះដល់ថ្ងៃនេះក៏បានដុតផ្ទះតែម្ដង ។
នគរបាលបានឲ្យដឹងថា ព្រោះតែឥទ្ធិពលគ្រឿងញៀនធ្វើឲ្យបុរសនោះលែងដឹងខុសត្រូវអ្វីទាំងអស់ និងបានដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះពូកនៅក្នុងបន្ទប់ដេកហុយផ្សែងខ្មួល រួចហើយឈរនៅក្នុងផ្ទះនោះអត់ព្រមរត់ចេញ អត់ខ្លាចស្លាប់នោះទេ ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្លាំងសមត្ថកិច្ចបានទៅអន្តរាគមន៍ភ្លាមៗ និងបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់៣រថយន្ត ភ្លើងក៏រលត់ទៅវិញទាំងស្រុង ។
បន្ទាប់មក នគរបាលប៉ុស្តិ៍ព្រៃសបានឃាត់ខ្លួនលោកកូនដុតផ្ទះខ្លួនឯងនេះ នាំទៅ់ប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ