ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេច​យាង​តាម​ព្រះ​ទីនាំង​យន្តហោះ​ពិសេស…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេច​យាង​តាម​ព្រះ​ទីនាំង​យន្តហោះ​ពិសេស ដើម្បី​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​ខេត្ត​ហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​បី​ថ្ងៃ (​ពី​ថ្ងៃ​ទី​១៩-២១ ខែធ្នូ ឆ្នាំ​២០២៤) ដែល​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​ចិន ។

ការ​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​យាង​មក​ដល់​របស់​ព្រះករុណា ព្រះមហាក្សត្រ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សម្ដេច​ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត ។

ដោយឡែក ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ចិន ក៏​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ផង​ដែរ ។ នៅ​ក្នុង​ព្រះរាជ​សារ​របស់ ព្រះករុណា ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ផ្ញើ​ជូន​ជនរួមជាតិ ព្រះ​អង្គ​បាន​គូសបញ្ជាក់​ថា ៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ព្រះ​អនុញ្ញាត និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយ​ៗ​ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ តទៅ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​ខេត្ត Hainan នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ខាងលើ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នឹង​ទទួល​ជួយ​ក្នុង​ព្រះ​បរម​នាម​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ជា​ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

អញ្ជើញ​អម​ព្រះរាជ​ដំណើរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​ខេត្ត Hainan នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​មាន សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​ព្រះ​បរមរាជវាំង ។ ក្នុង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង នឹង​ព្រះ​រាជទាន​ព្រះរាជ​សវនាការ​ដោយឡែក​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ហៃ​ណា​ន និង​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំង​សិស្សានុសិស្ស​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​សាលា​ពុទ្ធិកសិក្សា​ណា​ន​ហៃ​ផង​ដែរ ។

ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង យាង​ទៅ​កាន់​ខេត្ត​ហៃ​ណា​ន នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​គ្រោង​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​មាតុប្រទេស​វិញ នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ