ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណីកំហែងយកប្រាក់ និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ។
ករណីកំហែងយកប្រាក់ និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែងខាងលើនេះ កើតហេតុកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចកើតហេតុភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យដឹងបន្តថា ជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
ទី១. ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២. ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាង រួមមាន ៖ ១.ទូរសព្ទចំនួន០៣គ្រឿង (១.ម៉ាក OPPO ពណ៌ខ្មៅ, ២.ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ, ៣.ម៉ាក Samsung ពណ៌ខ្មៅ)
២.បណ្ណអ្នកសារព័ត៌មាន ចំនួន០២សន្លឹក ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យដឹងទៀតថា តាមការសាកសួរ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ៖ តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន ថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯ គេហទំព័ររស្មីខេត្តកណ្តាលធីវីញ៉ូ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯង ជាចាងហ្វាងសម្រាប់ចែកឲ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ ។
តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាយគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ នៅថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ កិតត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ ថ្នាក់ដឹងនាំ និងអាជ្ញាធរមានសមត្ថកិច្ចមែន និងបានប្រើសារតាមតេឡេក្រាមជាអក្សរ និងសំឡេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរ និងការមិនចុះផ្សាយ និងលុបព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន ។
ករណីនេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងប្រមូលផ្តុំឯកសារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ