ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី ​តិ​មា វិច្ឆិកា​ល​ ៖ សំណូម​បងប្អូន​ក្នុង​វេទិការ​សាធារណៈ អាច​ឆ្លុះ​បញ្ចាំង​ចំណុច​ខ្វះខាត​ក្នុង​ការ​កែ​លម្អ​ឡើង​វិញ​ ឲ្យ​បាន​សម​ស្រប​តាម​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុម ប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌ​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ​ ៖ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុម ប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ​២០២៤​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ គឺ​បាន​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ការចូលរួម​ដំណើរការ​អភិបាលកិច្ច​ល្អ និង​ជា​ឧបករណ៍​មួយ​សម្រាប់​លើកកម្ពស់ គណនេយ្យ​ភាព តម្លាភាព ក្នុង​ដំណើរការ​ពិនិត្យ​មើល លើ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់​ ។

លោកបញ្ជាក់​ថា វេទិកា​នេះ ​ក្នុង​គោលបំណង ដើម្បី​ធានា​ថា​ ៖
១-​រាល់​បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវ​បាន​ពិនិត្យ ដោះស្រាយ និង​ឆ្លើយ​តប​។
២-​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​មូលដ្ឋាន ត្រូវ​បាន​រួម​បញ្ចូល​បរិ​យា​បន្ន​នៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ​។

ក្នុង​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌ​ព្រែក​ព្រៅ មាន​ប្រជាពលរដ្ឋ​បាន​ឡើង​មាន​មតិ​ជា​ច្រើន​បញ្ហា​ដូច​ជា ស្នើ​សុំ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ពលរដ្ឋ​ ចំនួន​ជាង​៩០​គ្រួសារ ​ដោយ​កាត់​ឆ្វៀល​ដី​ចេញ​អនុក្រឹត្យ​នៅ​តំបន់​បឹង​តា​មោក និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ក្បាលដី បន្ទាប់​ពី​មន្ត្រី​ភូមិបាល​បាន​ចុះ​វាស់វែង​ដី​តាំងពី​ឆ្នាំ​២០២៣ រហូត​មក​ដល់​ឆ្នាំ​២០២៤ មាន​រយៈពេល​៩​ខែ​មក​ហើយ មិន​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​, ស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ព​ន្លឿ​ន​ការ​ដាក់​លូ​បង្ហើយ​ឱ្យ​បាន​រួចរាល់, ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ប្រមូល​សំរាម​ឱ្យ​បាន​ទៀងទាត់​តាម​វេលា​កំណត់​ព្រោះ​សំរាម​ច្រើន​គរ​ទុក ចោល​ច្រើន​ថ្ងៃ​ហើយ​ក្រុម​អ្នក​រើស​អេ​ត​ចាយ​មក​ហែក​ថង់​សំរាម​រាយ​ប៉ាយ​, ស្នើ​សុំ​រដ្ឋាករទឹក ធ្វើការ​ផ្លាស់​ប្តូរ​ពី​ឯកជន មក​រដ្ឋ​វិញ ព្រោះ​ទឹក​ឯកជន​មាន​ភាព​ល្អក់កករ ពិបាក​ក្នុង​ការ​ប្រើប្រាស់​, និង​បញ្ហា​ជា​ច្រើន​ទៀត​ ។

ឆ្លើយ​តប​នា​ឱកាស​នោះ​ដែរ ​លោកស្រី​ តិ​មា វិច្ឆិកា​ល អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​តំណាងលោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​បញ្ជាក់​ថា សំណួរ សំណើ និង​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​នេះ គឺ​សម្រាប់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យក ទៅ​ធ្វើការ​ពិចារណា កែ​លម្អ ក្នុង​ការ​អនុវត្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវភាព រស់នៅ​របស់ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​សង្កាត់ ខណ្ឌ​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន ភាពល្អ​ប្រសើរ​។ លោកស្រី​បន្ត​ថា ការ​ចូលរួម​ផ្តល់​មតិយោបល់ និង​ការ​លើក​ឡើង នូវ​សំណើ និង​សំណូមពរ​របស់​អស់លោក​/​លោកស្រី នា​ថ្ងៃនេះ គឺ​បាន​នាំ​មក​នូវ​សក្តានុពល​ដ៏​ធំធេង និង​ធ្វើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ឆ្លុះ​បញ្ចាំង​បាន​នូវ​ចំណុច​ខ្វះខាត ចំណុច​អសកម្ម ដែល​បាន​អនុវត្ត​កន្លង​មក និង​អាច​ឱ្យ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​យក​ទៅ​ពិចារណា​ធ្វើការ​កែ​លម្អ​ឡើង​វិញ ឱ្យ​បាន​សម​ស្រប​តាម​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ