ហាងកាហ្វេនៅប្រទេសឥណ្ឌូណេស៊ីមួយបានចេញMenuថ្មី «អាយឡាតេមីគោក» ដែលមានរសជាតិផ្អែមត្រជាក់លាយឡំ ជាមួយមីដ៏ឈ្ងុយក្នុងកែវតែមួយ ។
ភេសជ្ជៈថ្មី «អាយឡាតេមីគោក» របស់ប្រទេសឥណ្ឌូនេស៊ី កំពុងក្លាយជាប្រធានបទមួយ ដែលត្រូវបានលើកមកជជែក វែកញែកតាមបណ្តាញសង្គម Tik Tok ដោយមានការយល់ឃើញខុសៗគ្នា និងលើកជាសំណួរថា តើនេះឬជាការបង្កើតមុខម្ហូបភេសជ្ជៈថ្មី ប្រកបដោយភាពច្នៃប្រឌិត ឬក៏ជាគំនិតបែបបែកស្លុយរបស់យុវជនសម័យថ្មី?
ដូចយើងដឹងហើយថា សម័យបច្ចុប្បន្ន អ្នកណាៗ ក៏និយមផឹកកាហ្វេដែរ គ្រាន់តែក្រុមមនុស្សវ័យកណ្តាលឡើងនិយមផឹកកាហ្វេទទេ ដោយផឹកក្តៅ ឬលាយជាមួយទឹកកក។ ប៉ុន្តែបើក្រឡេកទៅមើលក្រុមមនុស្សវ័យក្មេងវិញ ភាគច្រើននិយមផឹកភេសជ្ជៈផ្អែម ហើយក្នុងចំណោម Menu ទាំងនោះគឺពួកគេនិយមផឹក អាយឡាតេ ដែលមានកាហ្វេ លាយទឹកដោះគោស្រស់ និងទឹកកក។
បន្ថែមលើនេះ ក្រុមស្រទាប់មនុស្សវ័យក្មេងទាំងនោះពួកគេក៏និយមបរិភោគមីគោកជាអាហារពេល ឬអាហារសម្រន់ដូចគ្នា។ ដោយមើលឃើញពីចំណង់ចំណូលចិត្តខាងលើ ហាងកាហ្វេដ៏ល្បីមួយនៅប្រទេសឥណ្ឌូនេស៊ី បានរួមបញ្ជូលគ្រឿងផ្សំទាំងពីរមុខរួមបញ្ជូលគ្នាបង្កើតជាភេសជ្ជៈម្ហូបបែបថ្មី គឺ «អាយឡាតេមីគោក»ក្នុងកែវតែមួយ។
បើលោកអ្នកចង់ដឹងថា ភេសជ្ជៈម្ហូបបែបថ្មីនេះនឹងមានរសជាតិយ៉ាងណាដែរ ក្រោយពេលដែល “កាហ្វេ”“ទឹកដោះគោ”“ទឹកកក”“មីគោក” ត្រូវបានលាយបញ្ចូលគ្នា បន្ថែមជាមួយ“ស្ករផ្អែម”“គ្រឿងមីប្រៃ” “ម្ទេសហឹរ” “ក្រូចឆ្មារជូរ”នោះ? អាចសាកល្បងទៅភ្លក់ដោយផ្ទាល់ នៅប្រទេសឥណ្ឌូនេស៊ីបាន ។
«អាយឡាតេមីគោក» នេះត្រូវបានសារព័ត៌មានឥណ្ឌូនេស៊ីរាយការណ៍ថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងTikTokម្នាក់ ដែលមានគណនីឈ្មោះថា Mr.M.A បានបង្ហោះឃ្លីបនៃមុខម្ហូបមិនធម្មតាមួយពីហាងកាហ្វេយីហោ “Bilik Rumah Coffee” នៅឯខេត្ត West Java ដោយការលាយបញ្ចូលគ្នានូវ ” Ice latte” និង “មីគោក Indomie” ដែលជាមីកញ្ចប់ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី។
រយៈវីដេអូមួយនោះ មានអ្នកចូលមើលជាង៣១ម៉ឺននាក់ និងអ្នកបញ្ចេញមតិជាង ៧០០នាក់ ដោយទទួលបានទាំងមតិសរសើរនិងមតិរិះគន់ ។ អ្នកខ្លះសរសើរថាវាជាម៉ឺនុយប្លែក និងច្នៃប្រឌិត ខណៈអ្នកខ្លះទៀតនិយាយថា វាជាមុខម្ហូបដែលមើលទៅមិនស៊ីគ្នាទាល់តែសោះ ដោយនិយាយបែបលេងសើចថា ញ៉ាំហើយប្រយ័ត្នចូលពេទ្យ។
យ៉ាងណាក៏ដោយ Menuភេសជ្ជៈថ្មី «អាយឡាតេមីគោក» ត្រូវបានហាងកាហ្វេ Bilik Rumah Coffee បង្កើតនិងដាក់លក់ជាពិសេសតែមួយថ្ងៃប៉ុណ្ណោះ ពេលគឺបានបញ្ចេញវាហើយលក់ទៅអោយអតិថិនតាំងតែពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែវាបែជាបានក្លាយទៅជារឿងរ៉ាវទាក់ទាញរបស់មហាជននៅលើបណ្តាញសង្គមសារជាថ្មី ដោយសារអ្នកលេង TikTok យកវីដេអូនេះមបង្ហោះឡើងវិញ ដែលបច្ចុប្បន្ននេះ «អាយឡាតេមីគោក» កា្លយជាMenuដ៏ទាក់ទាញខ្លាំងប្រចាំហាង៕
ចែករំលែកព័តមាននេះ