រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានទម្លាយឲ្យដឹងថា នៅមានជនខិលខូចឆ្លៀតឱកាសនិយមបន្លំខ្លួនជាមន្ត្រីរាជការ ហើយទៅទារលុយ ឬយកពន្ធពីគេទាំងដែលខ្លួនឯងលែងជាមន្ត្រីយូរឆ្នាំមកហើយ ។
ថ្លែងនាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ សម្តេចមហាបវរធិបតី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានអំពាវនាវឱ្យប្រុងប្រយ័ត្នលើករណីឆបោកណាមួយ ឬទាមទារឱ្យបងថវិកាណាមួយសម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
ថ្លែងក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ៖ «ខ្ញុំសូមបែបនេះ ព្រោះកន្លងទៅមានអ្នកអាជីវកម្មចឹងទៀតឱ្យតែមានថា យើងប្រុងចេញស្អីមួយនឹង គឺមានអ្នកគេដើរតាំងខ្លួនជាអ្នកតំណាង ហើយទៅយកលុយបងប្អូនមកថា រត់ចុះឈ្មោះឲ្យ ដល់ចឹងបងប្អូនយល់ថា ក្រែងនាយករដ្ឋមន្ត្រីប្រកាសថាអត់យកលុយ ហេតុអ្វីមកយកលុយខ្ញុំចឹងយល់ច្រឡំថា អ្នកនឹង គឺជាមន្ត្រីរបស់រាជរដ្ឋាភិបាល មន្ត្រីរបស់ក្រសួង ចឹងយល់បាត់ ដល់ឆែកចុះឆែកឡើងអត់ទេ» ។
ក្នុងនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីករណីការបន្លំស្រដៀងគ្នានេះជាមួយនឹងករណីពន្ធតូច១៥០លាន ដែលថា មិនមានជាប់អ្វីទាំងអស់បែរជាមានក្រុមមួយឆ្លៀតឱកាសទៅបន្លំចូលទៅធ្វើជាអ្នកជួយសម្របសម្រួលជួយសរសេរ ឬបំពេញឯកសារ ហើយគិតថ្លៃសេវាពីគេ ។
ក្នុងនោះ សម្តេចមហាបវរធិបតីបានបន្ថែមថា ៖ ខ្ញុំសូមឱ្យយ៉ាងម៉េច បើថា នៅតាមច្រកចេញចូលតែមួយនៅតាមខេត្ត ឬមួយនៅកន្លែងណា ហើយតាមប្រព័ន្ធអ៊ីធើណេតរបស់យើង គឺសូមបញ្ជាក់អានឹងឱ្យច្បាស់ ហើយសូមខាងរដ្ឋបាលរាជធានី-ខេត្ត សូមជួយផ្សព្វផ្សាយផង ។
បន្ថែមលើនេះ សម្តេចមហាបវរធិបតីបន្ថែមថា ៖«អារឿងស្វាស៊ីបាយលាបមាត់ ពពែនេះ មានច្រើនហើយ ហើយជួនកាល គេទៅតែងខ្លួនតែម្តងជាមន្ត្រី ថ្ងៃមុនគយនឹងឯង ម្នាក់នោះឈប់ធ្វើមន្ត្រីយូរឆ្នាំហើយ នៅពាក់ខោអាវ ដើម្បីទៅយកទាពន្ធគេនៅផ្លូវ កន្លែងបបរពេទ្យចិន គាត់ទៅពាក់ខោអាវ ហើយម្សិលថ្ងៃនេះ ទើបតែស្រាវជ្រាវឃើញមួយ បងប្រុសម្នាក់គាត់យូរហើយ គាត់ទៅពាក់ខោអាវយោធា ហើយគាត់ទៅដើរសុំទាននៅខេត្តព្រះសីហនុ ហើយគាត់អត់នៅក្នុងទេ គាត់ធ្លាប់ពីអតីតទាហានខ្មែរក្រហមពីមុន ប៉ុន្តែនៅក្រោយមកនេះគាត់អត់មាននៅក្នុងបញ្ជី ចឹងឱ្យមានការយល់ច្រឡំ គាត់ធ្លាប់ជាទ័ពមែន តែគាត់ចេញពីទ័ពយូរហើយ ហើយក៏មានការជួយផ្សេងៗ ចឹង គឺសូមធ្វើម៉េចឱ្យមានការប្រុងប្រយ័ត្នទៅលើនេះ ហើយជាពិសេសនៅតាមប្រព័ន្ធឌីជីថលអនឡាញនេះ គឺប្រយ័ត្នមែនទែន សូមធ្វើការសហការជាមួយនឹងជំនាញរបស់ក្រសួងមហាផ្ទៃ» ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចមហាបវរធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវរកឃើញករណីមិនប្រក្រតីមួយចំនួនទាក់ទិននឹងជនឆ្លៀតឱកាសដែលតែងតែចាំបន្លំខ្លួនជាអ្នកសម្របសម្រួល ឬជាអ្នករត់ការបំពេញបែបបទ ដើម្បីទារកម្រៃ ជើងសារពីអ្នកដទៃ នៅពេលដែលរាជរដ្ឋាភិបាល ប្រកាសគោលនយោបាយអ្វីមួយ ៕
ចែករំលែកព័តមាននេះ