ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអត្រា៥,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដោយកើនឡើងពី៥ភាគរយ កាលពីឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមានក្នុងការងើបឡើងវិញ និងការអភិវឌ្ឍនៅកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកំណើនប្រកបដោយចីរភាពកើតឡើងជាមួយនឹងទំនួលខុសត្រូវ និងបញ្ហាប្រឈមដែលទាមទារឱ្យមានសកម្មភាពជាយុទ្ធសាស្ត្ររួមរវាងរដ្ឋាភិបាល និងប្រជាជន ។
ស្ថានភាពដ៏វិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជានេះ គឺត្រូវបានបញ្ជាក់ដោយរបាយការណ៍ថ្មីរបស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលមានចំណងជើងថា ៖ ពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកភាពធន់ «ការប្រែក្លាយទេសចរណ៍ និងពាណិជ្ជកម្មឱ្យទៅជាកត្តាជំរុញកំណើនសេដ្ឋកិច្ច» ដែលចេញផ្សាយកាលពីសប្តាហ៍មុន ។
របាយការណ៍នេះបានលើកឡើងថា កំណើននេះត្រូវបានជំរុញភាគច្រើនដោយពាណិជ្ជកម្ម ។ ការកើនឡើងផ្នែកនាំចេញកម្មន្តសាល ជាពិសេសសម្លៀកបំពាក់ទំនិញធ្វើដំណើរដូចជា វ៉ាលី កាបូប និងកាបូបដៃ និងស្បែកជើង រួមជាមួយនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍ និងការបន្តកើនឡើងការវិនិយោគទុនបរទេសបានជួយទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅក្នុងកម្មវិធីបើកពិពណ៌ពាណិជ្ជកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ថា ១១ខែឆ្នាំនេះទំហំពាណិជ្ជកម្មរបស់កម្ពុជាមានចំនួនសរុបប្រមាណ៥០,៤៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញមានតម្លៃ២៤,៣៤ ពាន់លានដុល្លារកើនឡើង ១៤,៣៦ ភាគរយ ខណៈដែលការនាំចូលមានរហូតដល់២៦,១ ពាន់លានកើនឡើង១៧,៤៨ ភាគរយ។
ដោយឡែកលោក ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍វិញក៏បញ្ជាក់អំពីកំណើននៃវិស័យទេសចរណ៍ដូចគ្នា ។ លោកបានអះអាងថា ១១ខែឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុប៦លាននាក់ហើយ ជាមួយនឹងកំណើន២២ភាគរយ ហើយពេញមួយឆ្នាំនេះកម្ពុជារំពឹងថា អាចនឹងទទួលបានភ្ញៀវទេសចរបរទេសរង្វង់៦,៧លាននាក់ ។ ដោយឡែក ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាវិញបានឲ្យដឹងថា ១១ខែកន្លងមកនេះកម្ពុជាបានទាក់ទាញវិនិយោគដែលមានទឹកប្រាក់សរុប៦,៤៤ពាន់លានដុល្លារ ដោយអាចបង្កើតការងារធ្វើដល់ពលរដ្ឋប្រមាណជា៣០៥.០០០ នាក់ ។
គម្រោងថ្មីនេះ ផ្តោតសំខាន់លើវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង ការអភិវឌ្ឍន៍សណ្ឋាគារ ស្ថានីយ៍វារីអគ្គិសនី កំពង់ផែទឹកសាប រោងចក្រថាមពលពន្លឺព្រះអាទិត្យ កសិកម្ម សួនកម្សាន្ត រោងចក្រផលិតសំបកកង់រថយន្ត តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ ក្នុងចំណោមគម្រោងផ្សេងៗទៀត ។
ជាមួយនឹងកំណើននេះ វាពិតជាព័ត៌មានដ៏ល្អសម្រាប់កម្ពុជា ប៉ុន្តែកុំភ្លេចពាណិជ្ជកម្មនៅតែមានឱនភាព ហើយការមកដល់នៃវិស័យទេសចរបរទេសអាចមានចំនួនច្រើនជាងកាលពីឆ្នាំ២០១៩ មុនកូវីដមែន ប៉ុន្តែការចំណាយរបស់ពួកគេក៏ហាក់មិនសូវទូលំទូលាយទេ ដូច្នេះចាំបាច់ត្រូវតែបន្តប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីកុំអោយមានបញ្ហានៅពេលខាងមុខ ។ ការពឹងផ្អែកខ្លាំងលើវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម ដែលយើងកំពុងតែសម្រេចបានអាច គឺវាអាចផុយស្រួយ និងងាយរងគ្រោះពីព្រោះវាជាសេដ្ឋកិច្ចផ្សារភ្ជាប់ទៅនឹងការប៉ះទង្គិចពីខាងក្រៅ ។
នៅក្នុងស្ថានភាពនេះរាជរដ្ឋាភិបាលក៏បានដឹងដែរ ។ ដូច្នេះហើយបានជាបានខិតខំពង្រឹងការវិនិយោគលើវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងជំរុញការទាញយកផលិតតម្លៃបន្ថែមពីផលិតកម្ម ។ ក្រៅពីនោះរាជរដ្ឋាភិបាលក៏បានកំពុងតែពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពាក់ឱ្យកម្លាំងពលកម្មនូវជំនាញដែលត្រូវនឹងតម្រូវការឧស្សាហកម្ម ។ រាជរដ្ឋាភិបាលក៏បានកំពុងតែខិតខំដោះស្រាយបញ្ហាចន្លោះប្រហោងក្នុងចំណេះដឹងឌីជីថល ដើម្បីរៀបចំសម្រាប់និន្នាការសកលក្នុងស្វ័យប្រវត្តិកម្ម និងAI ផងដែរ។ នៅក្នុងស្ថានភាពបែបនេះ អ្នកជំនាញបរទេសក៏បានមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ប៉ុន្តែក្រៅពីរដ្ឋាភិបាលយើងជាពលរដ្ឋក៏មានចំណែក និងជាកត្តាលីករសំខាន់បំផុតមិនអាចខ្វះបានដែរ ។
លោកស្រី តានៀ មេយ័រ (Tania Meyer )នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចជំរុញកំណើនរបស់ខ្លួនបន្ថែមទៀតតាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការលើកកម្ពស់ផលិតភាព ។
លោកស្រីបានមានប្រសាសន៍ថា ការវិនិយោគលើធនធានមនុស្ស ជាពិសេសវិស័យអប់រំ និងការកែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច នឹងក្លាយជាគន្លឹះដែលអាចឱ្យវិស័យឯកជនបង្កើតការងារកាន់តែច្រើន និងកាន់តែប្រសើរឡើង ។
ដើម្បីរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព យើងទាំងអស់គ្នាជាប្រជាជន បុគ្គល អាជីវករ និងសហគមន៍ ក៏ចាំបាច់មានតួនាទី និងគួរតែចូលរួមឲ្យសកម្មផងដែរ ។ យើងទាំងអស់គ្នាគួរតែអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងលើកកម្ពស់ និងចូលរួមគោរព និងអនុវត្តច្បាប់ លើកកម្ពស់ការទទួលខុសត្រូវការងារ បន្តការខិតខំសន្សំសំចៃ ចេះគ្រប់គ្រងហិរញ្ញវត្ថុនិងវិនិយោគ …។ល។
សរុបទៅ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន យើងជាប្រជាជនក៏ត្រូវតែដើរតួនាទីយ៉ាងសកម្មជាកម្មករជំនាញ សហគ្រិន និងពលរដ្ឋដែលមានការទទួលខុសត្រូវ ។ ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ក្នុងការរៀនសូត្រ ការច្នៃប្រឌិត និងការលើកកម្ពស់និរន្តរភាពវានឹងក្លាយជាគន្លឹះក្នុងការធានានូវវឌ្ឍនភាព និងវិបុលភាពរយៈពេលវែងសម្រាប់សង្គម និងប្រទេសរបស់យើងទាំងអស់គ្នា ។
នៅក្នុងករណីដែលយើងមិនខំប្រឹងប្រែងទេ ខ្លួនយើងក៏យ៉ាប់ ហើយកាលណាយើងយ៉ាប់ប្រទេសជាតិយើងក៏វេទនាទៅតាមនោះដែរ ។ ការរីកចម្រើនរបស់ជាតិ គឺត្រូវតែមានតុល្យភាពរវាងរដ្ឋ និងប្រជាជន ៕
ចែករំលែកព័តមាននេះ