ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ឃុំ​អ្នក​លឿង ចោល​មុខរបរ​ធ្វើស្រែ​ ​ងាក​មក​ដាំពោត​ជំនួស​វិញ ព្រោះ​ងាយស្រួល​ដាំ ហើយ​មិន​បារម្ភ​រឿង​ទីផ្សារ

12 ម៉ោង មុន

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​រាប់រយ​គ្រួសារ នៅ​ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពុង​សម្រុក​ធ្វើ​ចំការ​ពោតក្រហម ​គ្រប់​ៗ​គ្នា ដោយ​ពួក​គេ​ បាន​បោះបង់​មុខរបរ​ធ្វើស្រែ​…

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​រាប់រយ​គ្រួសារ នៅ​ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពុង​សម្រុក​ធ្វើ​ចំការ​ពោតក្រហម ​គ្រប់​ៗ​គ្នា ដោយ​ពួក​គេ​ បាន​បោះបង់​មុខរបរ​ធ្វើស្រែ​ ចោល​ទាំងស្រុង​ ។

ក្នុង​ពេល​កំពុង​ភ្ជួរ​ដី រោយ​គ្រាប់ពូជ​ពោតក្រហម​បងប្រុស ព្រហ្ម សឿ​ន ជា​កសិករ​ម្នាក់ ​នៅ​ក្នុង​ឃុំ​អ្នក​លឿង បាន​រៀបរាប់​ប្រាប់​ថា ពី​មុន​អ្នក​ភូមិ​របស់​គាត់ធ្វើស្រែ​គ្រប់​ៗ​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កសិករ​ ប្រមាណ ៩៩% ហើយ បាន​ងាក​មក​ចាប់​យកមុខ​របរ ​ដាំពោត​ក្រហម​ជំនួស​វិញ ដោយសារ​តែ​មុខរបរ​នេះ​ ងាយស្រួល​ដាំ ហើយ​មិន​ពិបាក​ថែទាំ​នោះ​ទេ អ្វី​ដែល​សំខាន់ គឺ​ពួក​គាត់​មិន​ចាំបាច់​បារម្ភ​រឿង​គ្មាន​ទីផ្សារ​នោះ​ទេ ព្រោះ​មាន​ឈ្មួញ​មក​ចាំ​ទទួល​ទិញ​ដល់​ចំការ ក្នុង​តម្លៃ​សមរម្យ​ ដែល​អាច​ទទួលយក​បាន ​។

បងប្រុស ព្រហ្ម សឿ​ន បញ្ជាក់​ថា បើ​ប្រៀបធៀប​ពី​ការ​ធ្វើស្រែ​ និង​ការ​ដាំពោត​ក្រហម​នេះ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​បើ​និយាយ​ពី​ការ​ដាំ និង​ការ​ថែទាំ គឺ​ខុស​គ្នា​ឆ្ងាយណាស់ ធ្វើស្រែ​ ត្រូវ​ប្រើប្រាស់​ជី​ច្រើន ប្រើ​ទឹក​ក៏​ច្រើន ហើយ​ត្រូវ​មើលថែ​រហូត ចាប់តាំងពី​ភ្ជួរ​ដី​ព្រួស​ពូជ​រហូត​ដល់​ច្រូតកាត់​ប្រមូល​ផល​។ ប៉ុន្តែ​សម្រាប់​ការ​ដាំពោត​ក្រហម​វិញ គឺ​ងាយស្រួល​ជាង ចាប់ពី​ភ្ជួរ​ដី​រោយ​គ្រាប់ពូជ​រួច​ហើយ ពួក​គាត់​ត្រូវ​ដាក់​ជី​និង​បូម ទឹក​ពន្លិច​តែ​២​ដង​ប៉ុណ្ណោះ នឹង​ប្រើ​ពេលវេលា​ប្រមាណ​ជា​៣​ទៅ​៤​ខែ គឺ​អាច​ទទួលផល​បាន​ហើយ ដោយ​មិន​ចាំបាច់​មើលថែ​ទាំ​ច្រើន​នោះ​ទេ ​។

កសិករ​នៅ​ឃុំ​អ្នក​លឿង​ បាន​បន្ត​ថា គាត់​ដាំពោត​ក្រហម មិន​បារម្ភ​រឿង​ទីផ្សារ​នោះ​ទេ ឱ្យ​តែ​ពោត​ទុំ​នៅ​លើ​ដើម​ភ្លាម គឺ​មាន​ឈ្មួញ​គេ​មក​ប្រមូល​ទិញ​ភ្លាម គឺ​ទិញ​ដល់​ចម្ការ​តែ​ម្ដង មិន​ចាំបាច់​ដឹក​យក​ទៅ​ផ្ទះ ឬ​យក​ទៅ​ហាល​នោះ​ទេ ដោយ​ក្នុង​១​គីឡូ​ លក់​បាន​តម្លៃ ៨០០រៀល ហើយ​មាន​ប៉ុន្មាន​ក៏​គេ​ទិញ​យក​ទាំងអស់ ​។

បើ​ទោះជា​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​កសិកម្ម​ស្រុក​ពាមរ​ក៍ បាន​ឲ្យ​ដឹង​ថា ក្រៅពី​មុខរបរ​បរ​ដាំពោត​ក្រហម​នេះ កសិករ​ក្នុងស្រុក​ពាម​រក៍ ក៏​បាន​ប្រកប​មុខរបរ​ដាំ​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​ទៀត​ផង​ដែរ ​ដូច​ជា ត្រសក់ ប៉េងប៉ោះ សណ្ដែក និង​ល្ងរ​ជាដើម ហើយ​នៅ​ទូ​ទាំង​ស្រុក​ពាម​រក៍​នេះ មុខរបរ​ធ្វើស្រែ នៅ​តែ​ជា​មុខរបរ​ស្នូល​ទី​មួយ សម្រាប់​ប្រជា​កសិករ​ទូទៅ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ