ស្ថានភាពបានកើនកម្តៅចំពោះបញ្ហាចម្រូងចម្រាស់ដែលអ្នកនយោបាយប្រឆាំងនៅថៃកំពុងតែយកមកកកូរធ្វើឲ្យរដ្ឋាភិបាលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ឈឺក្បាលពាក់ព័ន្ធនឹងអនុស្សារណៈឆ្នាំ២០០១ ជាមួយនឹងកម្ពុជាលើការធ្វើអាជីវកម្ម ធនធានរ៉ែធម្មជាតិនៅតំបន់ត្រួតស៊ីគ្នា នៅឈូងសមុទ្រថៃ ។ រឿងនេះ គឺជាបញ្ហាប្រឈមដ៏ចម្បងរបស់រដ្ឋាភិបាលអាយុជាង៣ខែ…
ស្ថានភាពបានកើនកម្តៅចំពោះបញ្ហាចម្រូងចម្រាស់ដែលអ្នកនយោបាយប្រឆាំងនៅថៃកំពុងតែយកមកកកូរធ្វើឲ្យរដ្ឋាភិបាលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ឈឺក្បាលពាក់ព័ន្ធនឹងអនុស្សារណៈឆ្នាំ២០០១ ជាមួយនឹងកម្ពុជាលើការធ្វើអាជីវកម្ម ធនធានរ៉ែធម្មជាតិនៅតំបន់ត្រួតស៊ីគ្នា នៅឈូងសមុទ្រថៃ ។
រឿងនេះ គឺជាបញ្ហាប្រឈមដ៏ចម្បងរបស់រដ្ឋាភិបាលអាយុជាង៣ខែ របស់កូនស្រី លោក ថាក់ស៊ីន ស៊ីណាវាត្រា ដែលជាអ្នកផ្តួចផ្តើមឲ្យមានអនុស្សារណៈនេះឡើង ។ បញ្ហានេះគឺជារឿងផ្ទៃក្នុងរបស់ថៃ គ្រាន់តែក្រុមប្រឆាំងយកកម្ពុជាឈ្នាន់ប៉ុណ្ណោះ ។ ដូចនេះ កម្ពុជាគួរកុំប្រឡូកប្រឡាក់នៅក្នុងបញ្ហានេះ ប៉ុន្តែត្រូវតាមដាន ហើយប្រុងប្រៀបគ្រប់យន្តការ នៅក្នុងករណីដែលអាចមានការប៉ះពាល់ដល់ដែនអធិបតេយ្យភាព និងបូរណៈភាពទឹកដីនៃកម្ពុជា ។
រងើកភ្លើងវិបត្តិជុំវិញអនុស្សារណៈឆ្នាំ២០០១នេះត្រូវបានបង្កាត់ឡើង ដោយគណបក្សយោធានិយមដឹកនាំដោយលោកឧត្តមសេនីយ ប្រាវីត វង្សសុវណ្ណ ក្រោយពេលលោកត្រូវបានគេបំភ្លេចចេញពីគណរដ្ឋមន្ត្រីដែលមានអាយុជាង៣ខែ របស់លោកស្រី ផៃថងថាន ។
តាមសេចក្តីរាយការណ៍ដោយកាសែត The Nation ផ្សាយកាលពីថ្ងៃទី០៩ ខែធ្នូ ឥឡូវនេះរឿងនេះកាន់តែក្តៅទៀតហើយ ដោយសារអតីតអ្នកនយោបាយចាស់រង្សាដែលស្ងប់ស្ងាត់រាប់សិបឆ្នាំចាប់កម្រើកឡើងវិញ ។ បុគ្គលអ្នកនយោបាយរូបនេះ គឺលោក ស៊ុនធិ លីមថងគុល ដែលជាអតីតមេដឹកនាំសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ។ អ្នកនយោបាយរូបនេះហើយ គឺជាអ្នកដែលដឹកនាំបាតុកម្ម និងយុទ្ធនាការប្រឆាំងលោក ថាក់ស៊ីន ជាបន្តបន្ទាប់តាំងពី២០០៥ រហូតដល់ ឆ្នាំ២០០៩ ដែលបានហ៊ុំព័ទ្ធអគាររដ្ឋាភិបាល អាកាសយានដ្ឋានអន្តរជាតិដនមឿង និងសុវណ្ណភូមិ ។
សកម្មភាពនយោបាយរបស់លោក បានស្ងប់ស្ងាត់មកជាយូរមកហើយ ក្រោយពេលដែល គណបក្សប្រជាធិបតេយ្យដែលដឹកនាំដោយ លោក អាភីស៊ីត វិចាជីវ៉ា ឡើងកាន់អំណាច និងរហូតដល់មេដឹកនាំយោធាឡើងកាន់អំណាច និងបន្តដល់មានការបោះឆ្នោតថ្មី កាលពីឆ្នាំ២០២៣កន្លងទៅ ។ ក្រោយបាត់សកម្មភាព ឥឡូវនេះ លោក ស៊ុនធិ បានវិលមកវិញចេញមុខយកបញ្ហាអនុស្សារណៈឆ្នាំ២០០១ មកបន្ថែមកម្តៅទៀតហើយ ។ ថ្មីៗនេះលោកបានផ្ញើលិខិតមួយផ្ញើទៅកាន់លោកស្រីនាយករដ្ឋមន្ត្រីថៃ ដោយអំពាវនាវឱ្យលោកស្រីលុបចោលអនុស្សរណៈនេះ ។
លោកបានជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលថៃ ប្រមាណជា២០នាទី ហើយចេញមកធ្វើសន្និសីទកាសែត ដោយលើកឡើងពីការពារសន្តិសុខជាតិ រក្សាឯករាជ្យភាព និងអធិបតេយ្យភាពថៃ លើធនធានធម្មជាតិនៅឈូងសមុទ្រថៃ ។ លោកក៏លើកឡើងទាមទារឲ្យតុលាការធម្មនុញ្ញកំណត់ភាពស្របគ្នានៃអនុស្សារណៈនោះ ។ ក្រៅពីនោះលោកនៅទាមទារឲ្យផ្អាកដំណើរការតែងតាំងគណៈកម្មាធិការបច្ចេកទេសចម្រុះ និងរៀបចំកិច្ចពិភាក្សាសាធារណៈអព្យាក្រឹត្យអំពីបញ្ហានេះផងដែរ ។
អ្នកនយោបាយវ័យ៧៧ឆ្នាំរូបនេះក៏បានប្រើប្រាស់សន្និសីទនេះរិះគន់យ៉ាងចាស់ដៃលើលោក ថាក់ស៊ីន ដោយយកកម្ពុជាទៅប្រឡាក់ប្រឡូកករណីនេះផងដែរ ។ ដោយឡែកសារព័ត៌មាន បាងកកប៉ុស្តិ៍ចេញផ្សាយ នៅថ្ងៃទី១១ ខែធ្នូ វិញ បានរាយការណ៍ថា ឆ្លើយតបនឹងសំណើរលោក ស៊ុនធិ លោកស្រី ផៃថងថាន អះអាងថា រដ្ឋាភិបាលនឹងមិនរៀបចំវេទិកាសាធារណៈណាមួយពាក់ព័ន្ធនឹងបញ្ហាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ដ៏ចម្រូងចម្រាស់នេះទេ ។
លោកស្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលស្វាគមន៍មតិយោបល់ពីសាធារណជនទូទៅ អំពីបញ្ហានេះ ហើយភាគីពាក់ព័ន្ធអាចដាក់សំណើរបស់ពួកគេតាមរយៈបណ្តាញការងារដែលមានស្រាប់ ។ លោកស្រីបញ្ជាក់ថា «យើងយកអ្វីគ្រប់យ៉ាងមកពិចារណា ព្រោះយើងយល់ថា រាល់ញត្តិមានមតិខុសៗគ្នា ។ ប៉ុន្តែយើងមិនមានគម្រោងរៀបចំវេទិកាសាធារណៈបែបនេះទេ» ។ នៅពេលសួរថា តើនោះមានន័យថា រដ្ឋាភិបាលនឹងបន្តការចរចាដែលបានគ្រោងទុកជាមួយកម្ពុជាក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០១ ឬយ៉ាងណានោះ លោកស្រី មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងពិនិត្យមើលព័ត៌មានដែលបានដាក់ជូននោះ ។ លោកស្រី បានថ្លែងថា ការបង្កើតគណៈកម្មាធិការបច្ចេកទេសរួម ដើម្បីដោះស្រាយការចរចានៅមិនទាន់បានបញ្ចប់នៅឡើយទេ ។
នៅពេលដែលលោក ស៊ុនធិ បង្ហាញវត្តមាន រឿងអនុស្សារណៈនេះនឹងក្តៅគគុកថែមទៀត ហើយនៅពេលនោះកម្ពុជានឹងត្រូវបានក្រុមអ្នកនយោបាយថៃទាញបញ្ចូលទៅក្នុងរឿងនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែជារឿងផ្ទៃក្នុងនៅថៃ ដែលយើងជាភាគីកម្ពុជា កុំលូកដៃកិច្ចការនេះ ។ អ្វីដែលយើងគួរតែធ្វើ គឺបន្តតាមដាន ហើយត្រៀមខ្លួនគ្រប់កាលៈទេសៈដើម្បីឆ្លើយតបនៅក្នុងករណីមានអ្វីដែលប៉ះពាល់ដល់ដែនអធិបតេយ្យភាព បូរណៈភាពទឹកដី ក៏ដូចជា ឯករាជ្យភាពរបស់កម្ពុជា ។
រឿងថៃទុកឲ្យថៃដោះស្រាយ ហើយមេដឹកនាំកម្ពុជាដែលរួមមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងរួចមកហើយនៅលើករណីនេះ ។ សូមបន្តតាមដានស្ថានភាពនេះទាំងអស់គ្នា ដើម្បីប្រមូលព័ត៌មាន ហើយនេះក៏ជាពេលវេលាដ៏ល្អសម្រាប់យើងបន្ថែមការស្រាវជ្រាវ បង្កើនការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនទុកជាមុន ៕
ចែករំលែកព័តមាននេះ