ទីក្រុងសេអ៊ូល៖ គណបក្សប្រឆាំងទាំងតូចទាំងធំនៅកូរ៉េខាងត្បូងបានដាក់ញត្តិទៅរដ្ឋសភាដើម្បីបោះឆ្នោតដកតំណែងលោកយូនស៊ុកយូល។ តាមគម្រោង សភានឹងបោះឆ្នោតនៅថ្ងៃសៅរ៍សប្ដាហ៍នេះទោះបីលោកប្រធានាធិបតីរូបនេះប្ដេជ្ញាថាលោកនឹងតស៊ូរហូតដល់តំណក់ឈាមចុងក្រោយយ៉ាងណាក្ដី។ លោកថាលោកមិនចុះចេញពីតំណែងជាដាច់ខាត។
រដ្ឋសភាថ្លែងថាគណបក្សប្រជាធិបតេយ្យ និងគណបក្សតូចៗចំនួន៥ទៀតបានដាក់ញត្តិកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ តាមគម្រោង សភានឹងចាប់ផ្ដើមបោះឆ្នោតនៅម៉ោង៥ល្ងាចថ្ងៃសៅរ៍ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។ នេះបើយោងតាមការអះអាងរបស់គណបក្សទាំង៦។ គួរកត់សម្គាល់ថាគណបក្សប្រឆាំងអាចរកបាន១៩២សំឡេងអ្នកតំណាងរាស្ត្ររួចជាស្រេច។
ពួកគេនៅខ្វះ៨សំឡេងទៀតអាចដកតំណែងលោកយូនស៊ុកយូលបានសម្រេច។ បន្ទាប់មកនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការធម្មនុញ្ញដើម្បីសម្រេចនៅទឹកផ្ដាច់ព្រ័ត្រថាត្រូវដកតំណែងរបស់គាត់ ឬត្រូវប្រគល់តំណែងនេះមកវិញ។ តាមពិត លោកយូនស៊ុកយូលត្រូវអស់តំណែងតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកម៉្លេះ។ កាលនោះគណបក្សកាន់អំណាចប្រុងបោះឆ្នោតគាំទ្រញត្តិដកតំណែងនោះទៅហើយ។ ប៉ុន្តែពួកគេធ្វើពិហិកាដោយសារចាញ់ការបោកបញ្ឆោតរបស់លោកយូនស៊ុកយូល។
ប៉ុន្តែកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានគណបក្សកាន់អំណាចយល់ថាលោកឈប់លេងសើចនៅក្នុងល្បែងនយោបាយនេះតទៅទៀតហើយ។ លោកសុខចិត្តបើកដៃឱ្យក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចបោះឆ្នោតទៅតាម «ជំនឿ និងមនសិការ» របស់ពួកគេរៀងៗខ្លួនទៅចុះ។ ធ្វើម៉េចឱ្យតែពួកគេយល់ថាជាផលប្រយោជន៍របស់ជាតិ និងប្រជាជន។
ការដាក់ផែនការបោះឆ្នោតលើកនេះធ្វើឡើងចំពេលដែលសមត្ថកិច្ចដាក់ពង្រាយកម្លាំងនគរបាលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅបរិវេណវិមានប្រធានាធិបតីដើម្បីប្រមូលយកឯកសារ និងគ្រឿងបរិក្ខារសំខាន់ៗ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយុនហាប់។ កាលពីថ្ងៃពុធ សមត្ថកិច្ចចុះទៅទីនោះម្ដងហើយ ប៉ុន្តែត្រូវបានរាំងខ្ទប់ដោយភ្នាក់ងារសន្តិសុខ។
លោកយូនស៊ុកយូលកំពុងតែតស៊ូរំដោះខ្លួនចេញពីបញ្ហាដ៏ចាក់ស្រេះ។ នៅក្នុងការថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍ លោកបាននិយាយការពារចំណាត់ការរបស់លោកកាលពីថ្ងៃអង្គារសប្ដាហ៍មុនក្នុងការសម្រេចចិត្តប្រើច្បាប់អាជ្ញាសឹក។ លោកបញ្ជាក់ឡើងវិញថាលោកគ្មានគំនិតបះបោរប្រឆាំងនឹងជាតិ ឬប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់ទេ។
លោកថាលោកនឹងតស៊ូនៅក្នុងរឿងនេះរហូតដល់ដំណាក់កាលចុងក្រោយដើម្បីទប់ស្កាត់មិនឱ្យកម្លាំងប្រដាប់អាវុធ និងក្រុមដែលលោកហៅថា «ពួកឧក្រិដ្ឋជន» គំរាមកំហែងចំពោះជោគវាសនា-អនាគតរបស់ប្រទេសកូរ៉េខាងត្បូងបានឡើយ។ លោកបានវាយបកទៅក្រុមប្រឆាំងថាពួកគេកំពុងតែសាបព្រោះភាពវឹកវរដល់សន្តិសុខសង្គមដោយអះអាងថាការប្រកាសច្បាប់អាជ្ញាសឹកនោះជា «អំពើបះបោរក្បត់ជាតិ»។ លោកដាក់ជាសំណួរថាតើអ្វីដែលពួកគេអះអាងនោះជាការពិតដែរឬទេ?
នៅយប់ថ្ងៃព្រហស្បតិ៍ គេទទួលដំណឹងថាចលនាបាតុកម្មដ៏ធំ និងដ៏ពុះកញ្ជ្រោលបានផ្ទុះឡើងនៅទីក្រុងសេអ៊ូលដើម្បីទាមទារដកតំណែងលោកយូនស៊ុកយូលឱ្យខាងតែបានទោះបីនៅក្នុងតម្លៃណាក៏ដោយ។ បាតុករខ្លះប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចនៅពេលពួកគេព្យាយាមរុះរើបារ៉ាស់របស់សមត្ថកិច្ចដែលដាក់ឃាំងនៅតាមដងវិថីឆ្ពោះទៅវិមានប្រធានាធិបតី៕
ចែករំលែកព័តមាននេះ