ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​មិន​ទាន់​អញ្ជើញ​លោក​ពូ​ទីន​​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែ​ង

2 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ខ្លួន​មិន​ទាន់​បាន​លិខិត​ពី​លោក​ត្រាំ​ដើម្បី​អញ្ជើញ​លោក​ពូទីន​ទៅ​ចូល​រួម​ពិធី​ស្បថ​ចូល​​កាន់​តំណែង​របស់​គាត់​​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​នោះ​ទេ​។ ប៉ុន្តែ​លោក​ត្រាំ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ទៅប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ រួច​ហើយ​។​ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រភព​អនាមិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ទូរ​ទស្សន៍​ស៊ីប៊ី​អែស (CBS)…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ខ្លួន​មិន​ទាន់​បាន​លិខិត​ពី​លោក​ត្រាំ​ដើម្បី​អញ្ជើញ​លោក​ពូទីន​ទៅ​ចូល​រួម​ពិធី​ស្បថ​ចូល​​កាន់​តំណែង​របស់​គាត់​​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​នោះ​ទេ​។ ប៉ុន្តែ​លោក​ត្រាំ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ទៅប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ រួច​ហើយ​។​ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រភព​អនាមិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

ទូរ​ទស្សន៍​ស៊ីប៊ី​អែស (CBS) បាន​ដក​ស្រង់​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​មក​ចុះ​ផ្សាយ​ថា​​ក្រុម​ការ​ងារ​របស់​លោ​កត្រាំ​បាន​បញ្ជូន​លិខិត​អញ្ជើញ​ទៅ​លោក​ស៊ី​ជីន​ពីង​រួច​ហើយ​ នៅ​ឡើយ​តែ​លោក​ពូទីន​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​យ៉ាង​ចម្លែក​។ ការ​មិន​ទាន់​អញ្ជើញ​លោក​ពូទីន​នេះ​ចំ​ពេល​ដែល​ទំនាក់​ទំនង​ការ​ទូត​រវាង​រុស្ស៊ី​​ជាមួយ​​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​​​​ធ្លាក់​ចុះ​។​​

ម៉្យាង​ទៀត​ គេ​មិន​ត្រូវ​ភ្លេច​ថា​លោក​ពូទីន​ត្រូវ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​​​ចេញ​ដីកា​​ចាប់​ខ្លួន​។ ដូច្នេះ បើ​លោក​ត្រាំ​​​អញ្ជើញ​លោក​ពូទីន​ហាក់​ដូច​ជា​ប្រមាថ​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរ​ជាតិ​នៅ​ទី​ក្រុង​ឡាអេ១​​នេះ​។ ម៉្យាង​ទៀត​ បើ​ទុក​ជា​លោក​ត្រាំ​អញ្ជើញ​លោក​ពូទីន​ទៅ​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​នោះ​ គេ​មិនទាន់​ច្បាស់​ថា​តើ​លោក​នឹង​អញ្ជើញ​ទៅ​ឬ​អត់​​។

សូម​រំលឹក​ថា​​ករណី​លោក​ត្រាំ​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​លោ​កស៊ី​ជីន​ពីង​​មិន​មែន​ទើប​តែ​​អញ្ជើញ​កាល​ពី​​ពេល​​​ថ្មី​ៗ​នេះ​ទេ​។​ ​​លោក​បាន​អញ្ជើញ​តាំង​ពី​ដើម​ខែ​វិច្ឆិកា​​បន្ទាប់​ពី​​​​ឈ្នះ​ឆ្នោត​ភ្លាម​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ទូរ​ទស្សន៍​ស៊ីប៊ី​អែស​មិន​បាន​បញ្ជាក់​ថា​តើ​លោក​ស៊ី​ជីន​ពីង​បាន​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​នោះ​​ហើយ​ឬ​នៅ​​។​ ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​អឹន​ប៊ី​ស៊ី (NBC) លោក​ត្រាំ​អះ​អាង​ថា​​លោក​ និង​លោក​ស៊ីន​ជីន​ពីង​មាន​ទំនាក់​ទំនង​​​​ស្អិត​ល្មួត​ដូច​ស្ករ​តាំង​ម៉ែ​​​។

​​​បើ​លោក​ស៊ី​ជីន​ពីង​អញ្ជើញ​ទៅ​ចូល​រួម​នៅក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ត្រាំ​​ហាក់​ដូច​ជា​មិន​សូវ​សម​ទំនង​​​ទាល់​តែ​សោះ​។ ​ប្រទេស​ទាំង​២​កំពុង​តែប៉ែង​ជើង​គ្នា​លើ​គ្រប់​វិស័យ​ ហើយ​នឹង​​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្រួច​ស្រាល់បំផុត​។​​ដូច្នេះ ​បើ​ទុក​ជា​លោក​ស៊ី​ជីន​ពីង​ទទួល​យក​​ការ​អញ្ជើញ​នេះ​ ក៏​យ៉ាង​ខ្លាំង​​លោក​អាច​នឹងចាត់​​អ្នក​តំណាង​ទៅ​ចូ​លរួម​​តែ​ប៉ុណ្ណោះ​​​។

មាន​សញ្ញា​ថា​ប្រទេស​ទាំង​២​នឹង​ប្រកួត​ប្រជែង​គ្នា​ ហើយ​នឹង​កាច់​កុង​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សក​រាជ​របស់​លោក​ត្រាំ​​។ លោក​​​បាន​តែង​តាំង​មន្ត្រី​ដែល​ប្រកាន់​ជំហរម៉ឺង​ម៉ាត់​​​ចំពោះ​ប្រទេស​ចិន​ឱ្យ​កាន់​តំណែង​សំខាន់​ៗ​សម្រាប់​ត្រៀម​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​។ សមា​ជិក​ព្រឹទ្ធ​សភា​អាមេរិក លោក​ម៉ារ៉ាកូ រូប៊ីយ៉ូ (Marco Rubio) នឹង​ក្លាយ​ជា​​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​។​

ថ្មី​ៗ​នេះ លោ​កត្រាំ​តែង​តាំង​​លោក​ស្រី​ខារី ឡេក (Kari Lake) ជា​នាយក​កម្ម​វិធី​វិទ្យុ​វីអូអេ​ (VOA)​។ លោក​ស្រី​ជា​មនុស្ស​សម្ដី​មុត​​​ដែល​ត្រៀម​រៀប​ចំ​ព័ត៌​មាន​វាយ​ប្រហារ​ប្រទេស​ចិន​ឥត​បន្ធូរ​ដៃ​។ ​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម លោក​ត្រាំ​​​ត្រៀម​ដំឡើង​ពន្ធ​គយ​១០​ទៀត​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិនបើ​ចិន​មិន​ព្រម​​ទប់​ស្កាត់​ក្រុម​ម៉ាស់​ផ្ចា (mafia) ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ឈ្មោះ​ហ្វឹន​តានីល ឬ​ប៉ង​តានីល (fentanyl) ចូល​ប្រទេស​​អាមេរិក​។​​

​ដើម្បី​រក្សា​តុល្យ​ភាព​ជញ្ជីង​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​ចិន ​លោក​ត្រាំ​គំរាម​​​ដំឡើង​ពន្ធ​​៦០%​ទៅ​លើ​ទំនិញ​ចិន​គ្រប់​ប្រភេទ​។ ​ជា​កិច្ច​ឆ្លើយ​តប​ សារ​​ព័ត៌​មាន​ចិន​ព្រមាន​ថា​បើ​លោក​ត្រាំ​ធ្វើ​ដូច្នេះ​​មែន​ សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទាំង​២​នឹង​ផ្ទុះ​ឡើង​យ៉ាង​ពេញ​ទំហឹង​ ហើយ​នឹង​ឈាន​ទៅ​ដល់​ការ​បំផ្លាញ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ