ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់ ជិះ​ម៉ូតូ​ទៅ​ធ្វើការ ត្រូវ​រថយន្ត​បែន​ដឹក​ដី​បុក​រង​របួសធ្ងន់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ១​គ្រឿង ចេញពីផ្ទះ នៅ​ខេត្តកំពង់ស្ពឺ ទៅ​ធ្វើការ​នៅ DN រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ១​គ្រឿង ចេញពីផ្ទះ នៅ​ខេត្តកំពង់ស្ពឺ ទៅ​ធ្វើការ​នៅ DN រាជធានី​ភ្នំពេញ ក៏​ត្រូវ​រថយន្ត​បែន​ដឹក​ដី ១​គ្រឿង បើក​ឆ្លងផ្លូវ បុក​ពេញទំហឹង បណ្ដាល​រង​របួស​ធ្ងន់ធ្ងរ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​លើ​ជាតិ​លេខ​៤ នៅ​ត្រង់​ចំណុច​ទល់មុខ​ទីតាំង​ឆៀករថយន្ត​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ឌិ​ត សា​វេ​ត អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មានស្រុក​កំណើត​នៅ​ភូមិ​កណ្ដាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​អង្គុយ​រង់ចាំ​ដឹក​ម៉ូយ នៅ​ត្រង់​ចំណុច​ខាងលើ បានឃើញ​រថយន្ត បែន​ដឹក​ដី ១​គ្រឿង ព​ណ៍​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-8833 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​មន្ត្រី​យោធា​រង​គ្រោះ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FO-6676 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បញ្ច្រាស់ទិស​គ្នា ។

អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ បាន​ប្រាប់​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បែន​នោះ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​មន្ត្រី​យោធា​រូប​នោះ បាន​រង​របួសធ្ងន់ ចំណែក​រថយន្ត បាន​ហួស​ទៅ​មុខ​ប្រមាណ​ជាង​១០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ទើប​ឈប់​ស្ងៀម​។ បន្ទាប់​មក អ្នកបើកបរ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​កន្ទោក ចំណែក​មន្ត្រី​យោធា​រង​គ្រោះ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ ។

បើ​តាម​ប្អូនប្រុស​របស់​ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បងប្រុស​ខ្លួន បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​កន្លែងធ្វើការ​នៅ DN រាជធានី​ភ្នំពេញ ប៉ុន្តែ​ជា​អកុសល ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​បែន​ដឹក​ដី​ខាងលើ​បុក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បែប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក បាន​ចុះ​ទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ ។ បន្ទាប់​មក នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ