កាលពីពេលថ្មីៗនេះ មហាជនសម្តែងការចាប់អារម្មណ៍ជាខ្លាំងទៅលើរូបភាពប៉ុន្មានសន្លឹករបស់លោកគ្រូបង្រៀនម្នាក់ ដែលលោកមានទឹកចិត្តក្នុងការចែករំលែកចំណេះដឹងផ្នែកតន្ត្រី ខណៈរូបលោកជាជនមានពិការភាពនោះ ។
ជាការពិត ទឹកចិត្តគ្រូពិតជាមិនអាចកាត់ថ្លៃបាន គ្រូមួយថ្ងៃ គ្រូមួយជីវិត ទោះលោកគ្រូរូបនេះជាគ្រូបង្រៀនតន្ត្រីក៏ដោយនោះ តែគេឯងអាចនឹងរំភើបចំពោះទឹកចិត្តលោកដែលខិតខំតស៊ូបង្រៀនមិនខ្លាចភាពនឿយហត់ ក្នុងការផ្ទេរចំណេះជំនាញដល់សិស្ស ដើម្បីទទួលបានចំណេះដឹងអភិវឌ្ឍន៍សមត្ថភាព និងបំពេញតម្រូវការប្រចាំថ្ងៃ ។
តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលលោកគ្រូកំពុងបង្រៀនភាសាតន្រី្តនេះឃើញថា មានការចែករំលែក និងយកទៅផុសបន្តច្រើន ដោយក្នុងនោះគេបានសរសេរបង្ហោះតាមគ្នាថា « ទឹកចិត្ត និងបេះដូងគ្រូបង្រៀន ជាឪពុកម្តាយទី២ របស់សិស្សគ្រប់គ្នា» ។
មហាជនទស្សនិកជនអាចនឹងចង់ជ្រាបពីជីវិតលោកគ្រូរូបនេះដោយគួរបញ្ជាក់ដែរថា លោកជាគ្រូបង្រៀនភាសាតន្ត្រី ជំនាញហ្គីតា ដែលលោកអាចលេងហ្គីតា និងច្រៀងបានយ៉ាងពីរោះ មិនចាញ់អ្នកអាជីពនោះឡើយ ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោកឈ្មោះ រ៉ាន់ សារ៉ូន អាយុ៣២ឆ្នាំ ។ លោកសារ៉ូន មានកន្លែងកំណើតនៅ ភូមិព្រែកត្រប់ ឃុំព្រែកនរិន ស្រុកឯកភ្នុំ ខេត្តបាត់ដំបង ។ រ៉ាន់ សារ៉ូន ថា សព្វថ្ងៃលោកមានមុខរបរជាមន្ត្រីកិច្ចសន្យា នៅមន្ទីអប់រំខេត្តសៀមរាប ជំនាញគ្រូបង្រៀនភ្លេង ហើយក៏ជាប្រជាការពារមួយរូប ហើយពេលទំនេរលោកក៏ឆ្លៀតបង្រៀន ទៅលើជំនាញភ្លេងសម័យ ឧបករណ៍ហ្គីតា បង្រៀនក្មេងៗចាប់ពីអាយុ ៨ឆ្នាំឡើងទៅ។ លោកគ្រូបង្រៀនឧបករណ៍ហ្គីតា រ៉ាន់ សារ៉ូន បានបង្ហើបពីជីវិតពិការភាពនេះមិនមែនពីកំណើតកើតជានោះទេ ពោល គឺលោកពិការចាប់ពីអាយុ៤ខែ ដោយសារជំងឺគ្រុនក្តៅទើបធ្វើអោយលោកពិការជើងនោះ ។
លោកថា ក្នុងនាមលោកជាជនមានពិការភាពអាចថា ពិបាកនៅពេលដែលត្រូវធ្វើដំណើរទៅបង្រៀន គឺមិនមានមធ្យោបាយអ្វីធ្វើដំណើរបានម៉ូតូប្អូនអោយខ្ចីជិះទៅបង្រៀន ។ លោក សារ៉ូន ដែលមានទីលំនៅបច្ចុប្បន្នរស់នៅភូមិ អារញ្ញ សង្កាត់ សៀមរាប ខេត្តសៀមរាប ថា រូបលោកខ្វះខាតថវិការសម្រាប់ជីវភាពគ្រួសារ រស់នៅជាមួយម្តាយមិនមានផ្ទះដីផ្ទាល់ខ្លួនជាប់ជំពាក់ធានាគា ការធ្វើដំណើរទៅបង្រៀនដោយម៉ូតូប្អូន ហើយការបង្រៀនទៅតាមគោលដៅដែលមន្ទីរបានចាត់តាំង សព្វថ្ងៃលោកមានប្រពន្ធនឹងកូន២នាក់ ដែលត្រូវរ៉ាប់រងចិញ្ចឹម ក្នុងនាមលោកជាជនមានពិការភាពនោះ ។
គួរបញ្ជាក់ដែរថា ក្រោយការបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះមានបងប្អូនខ្លះបានលើកឡើងថា «ទឹកចិត្តលោកគ្រូធំធេងណាស់សម្រាប់កូនសិស្ស» ។ មហាជនខ្លះទៀតថា«បើមិនជូនអីគាត់ សូមកុំមើលងាយ គាត់បានហើយ អាជីបនេះ គឺល្អផូរផង់ណាស់ គ្រូ១ថ្ងៃ គ្រូ១ជីវិត »។ និងមហាជនខ្លះទៀតបានលើកឡើងថា «គាត់ពិការតែបេះដូងគាត់មិនពិការទេតស៊ូដើម្បីក្មេងជំនាន់ក្រោយបានយល់ពីការលំបាក់របស់គ្រូឲច្បាស់ក្នុងចិត្ត»៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ