ខេត្តកណ្ដាល ៖ រណ្ដៅដី២ទីតាំងរាប់ហិកតា មានជម្រៅជ្រៅស្ទើរដល់ក្បាលប្រែតដែលហួសសុពលភាពអាជ្ញាបណ្ណ នៅតែកំពុងបន្តលួចជីកកាយដឹកយកទៅលក់យ៉ាងកក្រើក បំផ្លិចបំផ្លាញផ្លូវកៅស៊ូរបស់រដ្ឋនិងបង្កឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ខណៈលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹង សម្ងំឈឹង ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងរណ្ដៅដីហួសសុពលភាពទាំង២នាក់នោះគឺ៖ ទី១-លោក ឃ្លាំង ចំរើន ហៅភាព ដែលមានអាសយដ្ឋានភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ធ្វើអាជីវកម្មអាចម៍ដី នៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអាជ្ញាបណ្ណមានសុពលភាពចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទី២-លោក រ៉ង រ៉ា (RANG RA) ដែលមានអាសយដ្ឋានផ្ទះលេខ៦២ ផ្លូវបេតុង ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើអាជីវកម្មអាចម៌ដី នៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអាជ្ញាបណ្ណមានសុពលភាពចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
ទាក់ទិនករណីនេះ លោក រ៉ង រ៉ា ម្ចាស់អាជ្ញាបណ្ណលេខ០១៥០ រថ.អធរ.អប ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២បានឲ្យ អ្នកកាសែត ដឹងកាលពីម្សិលមិញថា លោកជាប់រវល់កម្មវិធីការគេ ចាំស្អែកលោកនឹងបំភ្លឺជូន ប៉ុន្តែរហូតមកទល់ម៉ោងនេះ បណ្ដាញសារព័ត៌មានយើងនៅមិនទាន់បានការបំភ្លឺពីលោក រ៉ង រ៉ា នៅឡើយនោះទេ។
ជុំវិញករណីខាងលើនេះ លោក ឃ្លាំង ចំរើន ហៅភាព ម្ចាស់អាជ្ញាបណ្ណលេខ០១៣៨ រថ.អធរ.អប ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២បានប្រាប់ថា ចាំលោកផ្ញើអាជ្ញាបណ្ណឲ្យទៅខាងស្រុក លោកមិនត្រូវផ្ញើឲ្យខាងសារព័ត៌មានអីទេ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងយ៉ាងដូច្នេះថា ក្រុមធ្វើអាជីវកម្មជីករណ្ដៅដីខាងលើនេះ បានកំពុងតែជីកលើសទំហំនិងលើសជម្រៅដែលបានស្នើសុំពីក្រសួងរ៉ែ និងមិនធ្វើរបងបិទជិតរឹងមាំដើម្បីការពារអាយុជីវិតមនុស្សឬការពារសត្វពាហនៈរបស់ប្រជាជន ពោលគឺធ្វេសប្រហែសមិនគោរពតាមកិច្ចសន្យា។
ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមនេះ កំពុងបានធ្វើឲ្យខូចផ្លូវកៅស៊ូរដ្ឋថ្មីស្ទើរទាំងស្រុង និងផ្លូវក្នុងភូមិរបស់ប្រជាជនមួយចំណែកទៀតផង ជាពិសេសគឺបណ្ដាលឲ្យហុយខ្លាំង និងមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងមន្ទីរជំនាញនោះទេ ពោលគឺមិនស្រោចទឹកលើផ្លូវឲ្យបានជាប្រចាំនោះទេ។
បើតាមលោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលបានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ លោកនឹងចាត់ក្រុមការងារឲ្យចុះតាមដាន ឃ្លាំមើលឲ្យបាន២ខែម្ដង ឬ៣ខែម្ដង។ លោកបន្តថា ចំពោះរបងជុំវិញទីតាំងរណ្ដៅដីខាងលើ លោកបានណែនាំរួចរាល់ហើយ ហើយលោកនឹងបន្តណែនាំទៀត។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ