ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជាថា មានYoutuber និងTiktoker បរទេសចង់ល្បីមកកម្ពុជាធ្វើជាត្រូវចាប់ជំរិតធ្វើឱ្យអ្នកទស្សនាយល់ច្រឡំពីកម្ពុជា

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ក្រុម Youtuber និង…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ក្រុម Youtuber និង Tiktoker ចង់បាន​ល្បី​ខ្លួនឯង​ហោះ​មក​កម្ពុជា បន្លំ​ធ្វើ​ជា​ខ្លួន​ត្រូវ​បាន​ចាប់ជំរិត នាំ​ឱ្យ​គេ​យល់​ថា នៅ​កម្ពុជា​មានការ​ចាប់ជំរិត និង​ការ​ជួញដូរ​មនុស្ស ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា តែ​ករណី​នេះ​អាជ្ញាធរ​បាន​ចាត់វិធានការ​បាន​ភ្លាម​ៗ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ ឆ្នាំ​២០២៤ លើក​ទី​១៨ ក្រោម​ប្រធានបទ «​កម្ពុជា​ប្រឆាំង​ដាច់ខាត​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​» នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ យ៉ាង​ដូច្នេះ​ថា ៖«​អ្នក Youtuber និង Tiktoker ចង់បាន​ល្បី​ខ្លួនឯង​មក​កម្ពុជា ធ្វើ​ជា​បន្លំ​ថា គេ​ចាប់ជំរិត​គាត់ គេ​ធ្វើបាប​គាត់​ថា នៅ​កម្ពុជា​មានការ​ចាប់ជំរិត ជួញដូរ​មនុស្ស ។​ល​។ គាត់​ទៅ​ទិញ​ខោអាវ​នៅ​ទឹកថ្លា ធ្វើ​ទាហាន​ឱ្យ​គ្នា​គាត់​តែ​២​នាក់​នឹង គាត់​ធ្វើ​ដើម្បី​បាន Views (​អ្នក​ទស្សនា​) រាប់​លាន​នាក់ ទីបំផុត Fan របស់​គាត់​ដែល​មើល​នោះ​ច្រឡំ​ថា កម្ពុជា​នេះ​អាក្រក់​ណាស់ ចុះ​មក​មិន​ទាន់​បាន​ចាប់​ទៅ​ហើយ ទីបំផុត​គាត់​អត់​ទេ គាត់​ទៅ​ទិញ​ខោអាវ​ដល់​គេ​សួរ​ទៅ ឯកឧត្តម គួ​ច ចំរើន ហៅ​សួរ​ធ្វើ​ម៉េច គាត់​ចង់បាន​ឱ្យ View គាត់​ល្បី ដើម្បី​គាត់​ទៅ​លក់​ផលិតផល​របស់​គាត់ តែ​គាត់​យក​កម្ពុជា​ធ្វើ​ជា​អាជីវកម្ម​របស់​គាត់​តាម​ការ​បំផ្លាញ​» ។

សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​បង្ហើប អំពី​ការ​ព្រមាន​ទៅ​កាន់​អ្នក​ដែល​បាន​អន្តរាគមន៍ មក​លើ​បុគ្គល​ជា Youtuber ក៏​ដូច​ជា Tiktoker មក​ពី​កោះ​តៃវ៉ាន់​ខាងលើ ក្រោម​លេស​ថា ម្តាយ​ឈឺ​ដេក​លើ​កន្ទេល ។

ទាក់ទិន​នឹង​ករណី​នេះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​តប​ទៅ​វិញ​ថា «​ខ្ញុំ​ប្រាប់​ថា អត់​ទេ គាត់​ឱ្យ​គេ​១​លាន់​នាក់​រាប់​លាន​នាក់​មើល​គាត់ ហើយ​យល់​ខុស​ពី​កម្ពុជា តើ​យើង​ឱ្យ​ស្ងាត់​ៗ​កើត​ទេ? អត់​ទេ ចឹ​ង​ពេល​នោះ​ដាក់​ឱ្យ Maximum ដូច​ប៉ុន្មាន​ឆ្នាំ ២​ឆ្នាំ ឬ​៤​ឆ្នាំ​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា «​បើសិន​យក​ហេតុផល​ថា ម្តាយ​ឈឺ លែង ខ្ញុំ​ថា គួរ​ដាក់​ឱ្យ​ខ្លាំង​ជាង​នឹង​ទៀត​តាម​ផ្លូវច្បាប់ ព្រោះ​បើ​ម្តាយ​ឈឺ កូន​កត្តញ្ញូ គេ​មិន​ដែល​ដើរមក​បំផ្លាញ​ប្រទេស​ផ្សេង​ធ្វើ​ចឹ​ង​ទេ គឺ​នៅ​មើល​ឪពុក​ម្តាយ​ដេក​កន្ទេល នៅ​មើលថែ​ទាំ ឯង​ម្តាយ​ដេក​កន្ទេល ចេញ​មក​ដើរ​ផែនការ​របស់​គាត់​មក​ធ្វើ​កំពង់សោម​ហើយ ប្រុង​មក​ថត​នៅ​ភ្នំពេញ ហើយ​សៀមរាប ហើយ​ហោះ​ទៅ​ប្រទេស​ផ្សេង​ទៀត​ធ្វើ​ដូច​គ្នា​»​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា ប្រទេស​ជា​មិត្ត​ទាំងឡាយ និង​អនុវត្ត​ដូច​គ្នា​ដើម្បី​ជា​ឆន្ទៈ​នៅ​ក្នុង​ការ​គោរព និង​ការ​រក្សា​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ជា​កម្លាំង​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម គឺ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆ្លង​ដែន ដោយ​ត្រូវ​បន្ត​កិច្ចសហការ និង​មិន​ធ្វើការ​សន្និដ្ឋាន​ចោទប្រកាន់ ដោយ​ខ្វះ​ការ​សិក្សា​ស្វែង​យល់ អំពី​សភាព​ការ​ពិត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ចំណងមិត្តភាព ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​ថា «​រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា ប្រទេស​ជា​មិត្ត​ទាំងឡាយ និង​អនុវត្ត​ដូច​គ្នា ដើម្បី​ជា​ឆន្ទៈ​នៅ​ក្នុង​ការ​គោរព និង​ការ​រក្សា​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ជា​កម្លាំង​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម គឺ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆ្លង​ដែន ដែល​បាន និង​កំពុង​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​បន្ថែម​ថា «​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ល្អ និង​ជា​ប្រទេស​ក្នុង​តំបន់​កម្ពុជា​ជឿជាក់​ថា យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ដោយ​មិន​ធ្វើការ​សន្និដ្ឋាន​ចោទប្រកាន់ ដោយ​ខ្វះ​ការ​សិក្សា​ស្វែង​យល់ អំពី​សភាព​ការ​ពិត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ចំណងមិត្តភាព និង​កិច្ចសហការ​ល្អ​នោះ​ឡើយ មាន​តែ​កិច្ចសហការ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​រួម​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ