ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មាន​ជំងឺ​ហូប​បាយ​អត់​ចូល​ចេះ​តែ​ក្អួត ទីបំផុត​សម្រេចចិត្ត​ចាកចោល​ប្រពន្ធ​ និង​កូន គ្មាន​ថ្ងៃ​ត្រលប់

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​អី​វាន់​ចាបហួយ​ម្នាក់ មាន​ជំងឺ​ហូប​បាយ​អត់​ចូល ដោយពេល​ហូប​ម្ដង​ៗ គាត់​ចេះ​តែ​ក្អួតចង្អោរ និង​ឈឺចាប់​ក្នុង​ខ្លួន ទីបំផុត គាត់​ក៏​បាន​គិត​ខ្លី បណ្ដាល​ឲ្យ​បាត់បង់​ជីវិត…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​អី​វាន់​ចាបហួយ​ម្នាក់ មាន​ជំងឺ​ហូប​បាយ​អត់​ចូល ដោយពេល​ហូប​ម្ដង​ៗ គាត់​ចេះ​តែ​ក្អួតចង្អោរ និង​ឈឺចាប់​ក្នុង​ខ្លួន ទីបំផុត គាត់​ក៏​បាន​គិត​ខ្លី បណ្ដាល​ឲ្យ​បាត់បង់​ជីវិត តាម​បំណង​ចោល​ប្រពន្ធ និង​កូនប្រុស​ស្រី ឲ្យ​រស់នៅ​កំព្រា ឥត​បា ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​ចំណុច​ផ្ទះ​លេខ​១៤៧ ផ្លូវ​លេខ​២២ បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ស្ថិត​នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​អ្នកលក់​អី​វាន់​ចាបហួយ ដែល​បាន​បញ្ចប់ជីវិត​នោះ មានឈ្មោះ ពេជ្រ សំណាង អាយុ​៤១​ឆ្នាំ ទីកន្លែង​កំណើត​នៅ​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មាន​ប្រពន្ធ និង​កូន​២​នាក់ ក្នុង​នោះ​កូនប្រុស អាយុ​១៥​ឆ្នាំ និង​កូនស្រី អាយុ​៥​ឆ្នាំ នៅ​ក្នុង​បន្ទុកគ្រួសារ បច្ចុប្បន្ន​មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​របស់​នាង មាន​ជំងឺ​ម្យ៉ាង គឺ​ហូប​បាយ​អត់​ចូល នៅ​ពេល​ហូប​បាយ​ម្ដង​ៗ ចេះ​តែ​ក្អួតចង្អោរ ហើយ​តែងតែ​ត្អូញត្អែរ​ថា ឈឺ​ក្នុង​ខ្លួន និង​អត់​ស្រួលខ្លួន ប៉ុន្តែ​នាង​ពុំ​បានដឹង​ថា ជំងឺ​នោះ​ជា​ជំងឺ​អ្វី​នោះ​ទេ ។ ដោយឡែក រូប​នាង នៅ​ពេល​ឃើញ​ប្ដី​មាន​អាកា​រៈ​បែប​នេះ នាង​បាន​និយាយ​លើក​ចិត្ត​ទៅ​កាន់​ប្ដី​ថា «​បើ​បង​ឯង​ឈឺ បងអត់​ប្រឹង​ហូប​បាយ ប្រយ័ត្ន​ជំងឺ វាយលុក​កាន់តែ​ខ្លាំង​ទៀត​» ។

ប្រពន្ធ​រូប​នោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កន្លង​មក នាង និង​ប្ដី មិន​ដែល​ឈ្លោះប្រកែក​គ្នា ឬ​ធ្វើ​ឲ្យ​ប្ដី​ពិបាកចិត្ត​នោះ​ទេ ហើយ​សង្ស័យ​តែ​ប្ដី​នាង ពិបាក​ក្នុង​ខ្លួន ព្រោះតែ​ជំងឺ​នោះ​ហើយ ទើប​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ចោល​នាង និង​កូន​ទាំង​២​នាក់​បែប​នេះ ។ នាង​ថា ប្ដី​ប្រពន្ធ គឺ​ទាំង​២​នាក់ មានមុខ​របរ លក់​អី​វាន់​ចាបហួយ នៅ​ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ប៉ុន្តែ​ពុំ​មែន​លក់​នៅ​ក្នុង​ផ្សារ​នោះ​ទេ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​២​នាក់ បាន​នាំ​គ្នា​ទៅ​លក់ដូរ​ដូច​រាល់ថ្ងៃ ផង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា លុះដល់​វេលា​រសៀល ខណៈ​កំពុង​លក់ដូរ ស្រាប់តែ​មេឃ​ធ្លាក់​ភ្លៀង ហើយ​ប្ដី​របស់​នាង បាន​សុំ​ត្រលប់​ទៅ​ផ្ទះ​មុន ដើម្បី​សារ​ខោអាវ ដែល​ហាល​នៅ​ក្រៅ​ផ្ទះ ទុកដាក់​កុំ​ឲ្យ​ភ្លៀង​ទទឹក ហើយ​ក៏​ទៅ​បាត់​រហូត មិនឃើញ​ត្រលប់​ទៅ​កន្លែង​លក់​វិញ​ឡើយ​។ ពេល​នោះ នាង​ក៏​បាន​ខ​ល​ទៅ​រក​ប្ដី ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង អត់​លើក​សោះ ទើប​នាង ទៅ​តាម​មើល ស្រាប់តែ​ឃើញ​ប្ដី​ចង​.​ក ជាប់​បង្កាន់ដៃ​ដែក​ក្នុងផ្ទះ បាត់​ទៅ​ហើយ ខណៈនោះ​នាង​បាន​ស្រែក​ឆោឡោ ប្រាប់​អ្នក​ជិតខាង ទៅ​ជួយ​ទាំង​ការ​តក់ស្លុត ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ច​បច្ចេកទេស នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ