តើវិបត្តិនយោបាយនៅកូរ៉េនឹងរលត់ទៅវិញដោយរបៀបណា បន្ទាប់ពីមានរឿងរ៉ាវដ៏ច្របូកច្របល់ទាក់ទងនឹងការចេញច្បាប់អាជ្ញាសឹក ដែលមានអាយុកាលមិនដល់៦ម៉ោង ហើយធ្វើអោយប្រធានាធិបតីកូរ៉េខាងត្បូង ស្ថិតក្នុងស្ថានភាពឆ្ពោះទៅការអស់អំណាច ? រឿងរ៉ាវវិបត្តិនយោបាយនៅកូរ៉េខាងត្បូងបានផ្ទុះខ្លាំង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងបានសម្រេចចិត្តចេញច្បាប់អាជ្ញាសិក កាលពីថ្ងៃទី៣ ខែធ្នូ…
តើវិបត្តិនយោបាយនៅកូរ៉េនឹងរលត់ទៅវិញដោយរបៀបណា បន្ទាប់ពីមានរឿងរ៉ាវដ៏ច្របូកច្របល់ទាក់ទងនឹងការចេញច្បាប់អាជ្ញាសឹក ដែលមានអាយុកាលមិនដល់៦ម៉ោង ហើយធ្វើអោយប្រធានាធិបតីកូរ៉េខាងត្បូង ស្ថិតក្នុងស្ថានភាពឆ្ពោះទៅការអស់អំណាច ?
រឿងរ៉ាវវិបត្តិនយោបាយនៅកូរ៉េខាងត្បូងបានផ្ទុះខ្លាំង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងបានសម្រេចចិត្តចេញច្បាប់អាជ្ញាសិក កាលពីថ្ងៃទី៣ ខែធ្នូ ដោយសារតែប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ ហើយអ្នកនយោបាយប្រឆាំងធ្វើការអុកឡុកដោយធ្វើអោយលោកប្រធានាធិបតីពិបាកនឹងអនុវត្តរបៀបវារ:នយោបាយ ដោយសារតែការប្រឆាំងពីសភាដែលមានក្រុមប្រឆាំងភាគច្រើន ។
លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង នៅខែឧសភា ឆ្នាំ២០២២ ដោយយកឈ្នះបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យត្រឹមតែ០,៨% តែប៉ុណ្ណោះ ក្រោយមកនៅខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងការបោះឆ្នោតសភាគណបក្សប្រជាធិបតេយ្យបានដណ្តើមជ័យជម្នះដែលធ្វើឲ្យលោក យូន ត្រូវស្ថិតក្រោមគំនាបនយោបាយយ៉ាងធ្ងន់ធ្ងរដោយសភា ។ ចាប់តាំងពីពេលនោះមក សេចក្តីព្រាងច្បាប់ជាច្រើនត្រូវគណបក្សប្រធាធិបតេយ្យច្រានចោល ដោយរួមទាំងបញ្ហាច្បាប់ថវិកាជាតិ ជាហេតុធ្វើឲ្យលោក យូន ក្លាយជាប្រធានាធិបតីដែលបានប្រើប្រាស់សិទ្ធិវេតូច្រើនជាងប្រធានាធិបតីមុនៗ ។
១ ហេតុអ្វីលោកប្រធានាធិបតីចេញច្បាប់អាជ្ញាសឹក
គំនាបនយោបាយដោយគណបក្សប្រឆាំងនេះហើយ ដែលបណ្តាលឲ្យអ្នកវិភាគលើកឡើងថា គឺជាមូលហេតុដែលលោក យូន គិតថា វាចាំបាច់សម្រាប់លោកប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីប្រឆាំងនឹងគណបក្សប្រឆាំង ហើយបានព្យាយាមទាញទំពក់ទៅរកបញ្ហាកូរ៉េខាងជើង ដែលលោក យូន មានទស្សនៈវិស័យរឹងត្អឹងជាងប្រធានាធិបតីអាណត្តិមុន ។ប៉ុន្តែមិនដល់៦ម៉ោងផង ក្រោយការប្រកាសច្បាប់អាជ្ញាសឹកនោះសភាកូរ៉េខាងត្បូងដែលកាន់កាប់ដោយក្រុមប្រឆាំងក៏បានទម្លុះការហ៊ុំព័ទ្ធរបស់ប៉ូលិស ហើយបោះឆ្នោតប្រឆាំងនឹងច្បាប់អាជ្ញាសឹកនោះវិញលោក យូន ក៏យល់ព្រមដកវាចេញវិញ ។
២ ការបោះឆ្នោតទម្លាក់ប្រធានាធិបតីបរាជ័យ
ក្រោយមកទៀត សភាកូរ៉េខាងត្បូងបានរៀបចំការបោះឆ្នតោទម្លាក់លោកចេញពីតំណែងប្រធានាធិបតី ប៉ុន្តែមិនអាចទម្លាក់បានដោយសារវាត្រូវការ២០០សំឡេង ២០០ឬ២ភាគ៣ នៃសមាជិកសភាទាំង៣០០នាក់ ។
ដូច្នេះ លោក យូន យ៊ូកយុល ប្រធានាធិបតីទី១៣ របស់កូរ៉េខាងត្បូង អាចគេចផុតពីការបោះឆ្នោតទម្លាក់តំណែងនៅសភា ដោយសារតែគណបក្សខ្លួនធ្វើពហិការមិនចូលរួមបោះឆ្នោត ប៉ុន្តែលោកត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងតំណែង ប៉ុន្តែបានអស់សិទ្ធិអំណាចនៅក្នុងតួនាទីនេះទៅហើយ ។
ទោះបីគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមិនអាចប្រមូលផ្តុំសមាជិកសភាដើម្បីទម្លាក់លោកបានជោគជ័យក៏ដោយ ប៉ុន្តែនៅថ្ងៃទី០៩ ខែធ្នូនេះ លោក អូ ឌុងវូ (Oh Dong-woon) ប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៤ នៅអាស៊ីនេះបាននិយាយថា លោកបានបញ្ជាឱ្យហាមឃាត់លោក យូន មិនអោយមានសិទ្ធធ្វើដំណើរទៅបរទេសទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហាន ដុងហូ (Han Dong-hoon) មេដឹកនាំគណបក្សអំណាចប្រជាជនបាននិយាយថាលោក យូន នឹងត្រូវបានដកសមត្ថកិច្ចចេញពីកិច្ចការបរទេស និងកិច្ចការរដ្ឋផ្សេងទៀតដោយនាយករដ្ឋមន្ត្រី ហាន ឌុកស៊ូ ( Han Duck-soo) នឹងគ្រប់គ្រងកិច្ចការរដ្ឋាភិបាលរហូតដល់ លោកយូន លាលែងពីតំណែង ។ នៅក្នុងស្ថានភាពនេះ គណបក្សប្រជាធិបតេយ្យបាននិយាយថា គណបក្សកាន់អំណាចបានកំពុងធ្វើរដ្ឋប្រហារលើកទីពីរ ដោយប្រកាន់ខ្ជាប់ការក្តាប់អំណាច និងមិនព្រមចោទប្រកាន់លោក យូន ។
លោក ផាក ចានដេ (Park Chan-dae)ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមួយរូបបាននិយាយថា ប្រធានាធិបតី អាចបន្តកាន់តំណែងបាន ប៉ុន្តែបានផ្ទេរអំណាចរបស់លោក យូន ទៅនាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្សអំណាចប្រជាជនដែលមិនមែនជាមន្ត្រីជាប់ឆ្នោត គឺជា «ការរំលោភលើរដ្ឋធម្មនុញ្ញដោយគ្មានមូលដ្ឋានច្បាប់។» លោក ផាក បាននិយាយដោយជំរុញឱ្យ គណបក្សអំណាចប្រជាជនបញ្ឈប់សេណារីយូ នយោបាយនេះជាបន្ទាន់ហើយលើកឡើងថា «នេះ គឺជាទង្វើខុសច្បាប់ និងខុសពីរដ្ឋធម្មនុញ្ញ ហើយជារដ្ឋប្រហារលើកទីពីរ » ។
រឿងរ៉ាវចលាចលនយោបាយនៅកូរ៉េខាងត្បូង គឺដោយសារតែលោក យូន បានសម្រេចប្រើប្រាស់ច្បាប់អាជ្ញាសឹក ដែលមានអាយុត្រឹម៦ម៉ោង បានកើតមានឡើងនៅថ្ងៃទី០៣ ខែធ្នូ ប៉ុន្តែសមាជិកសភារបស់គណបក្សប្រឆាំងបានផ្គើននឹងរនាំងការពារយោធា និងប៉ូលិស ហើយបានបោះឆ្នោតជាឯកច្ឆ័ន្ទប្រឆាំងនឹងច្បាប់នេះ ។ នៅថ្ងៃសៅរ៍សប្តាហ៍មុន លោក យូន បានចេញធ្វើការសុំទោសចំពោះការប្រកាសដាក់ចេញនូវច្បាប់នេះ ដោយនិយាយថា លោកនឹងមិនគេចវេះពីការទទួលខុសត្រូវផ្នែកច្បាប់ ឬផ្នែកនយោបាយសម្រាប់ទង្វើដែលកើតចេញពី«ការអស់សង្ឃឹម និងអារម្មណ៍ភ័យព្រួយឡើយ»នេះ។
៣ តើនឹងមានរបត់នយោបាយអ្វីទៅមុខទៀត?
នៅពេលនេះអាណត្តិរបស់លោក យូន ត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែស្ថានភាពនយោបាយបច្ចុប្បន្ន គេពិបាកនឹងប៉ាន់ស្មានបានដោយសារតែគណបក្សប្រឆាំង និងសាធារណៈមតិកំពុងតែចោទប្រកាន់ខ្លាំង ។ លោកត្រូវគេគិតថា នឹងលាចេញពីតំណែងមុនអាណត្តិ ។ នៅក្នុងករណីដែលលោក យូន សុខចិត្តលាលែងពីតំណែង លោកនាយករដ្ឋមន្ត្រី ហាន ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន ហើយនៅពេលដែលកូរ៉េរៀបចំការបោះឆ្នោត លោក លី ជេ មីយុន (Lee Jae-myung) ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថា នឹងឈ្នះឆ្នោតនៅលើកក្រោយនេះ ៕
ចែករំលែកព័តមាននេះ