ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​យើង​សាកសួរ​មនុស្ស​នៅ​ជិត​ផ្ទះ​របស់​យើង​នោះ យើង​នឹង​បានដឹង​ថា​មានគ្រួសារ​កម្ពុជា​ជា​ច្រើន​បាន​ចំណាយ​លុយ​យ៉ាងច្រើន ដើម្បី​ស្វែងរក​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ សារព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា វិស័យ​សុខ​ភា​ភិ​បាល​ប្រទេស​ជិតខាង​យើង គឺ​ថៃ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​យើង​សាកសួរ​មនុស្ស​នៅ​ជិត​ផ្ទះ​របស់​យើង​នោះ យើង​នឹង​បានដឹង​ថា​មានគ្រួសារ​កម្ពុជា​ជា​ច្រើន​បាន​ចំណាយ​លុយ​យ៉ាងច្រើន ដើម្បី​ស្វែងរក​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ សារព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា វិស័យ​សុខ​ភា​ភិ​បាល​ប្រទេស​ជិតខាង​យើង គឺ​ថៃ និង​វៀតណាម កំពុង​រក​វិធី​រក​លុយ​បន្ថែម​ពី​ទេសចរណ៍​សុខភាព​នៅ​ឆ្នាំ​២០២៥ និង​ឆ្នាំ​ខាង​មុខ ។ ដូចនេះ វិស័យ​សុខាភិបាល​នៅ​ក្នុងស្រុក​គួរតែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​ធ្លុះធ្លាយ​នៃ​វិស័យ​នេះ​កាន់តែ​ធំ ។

វិស័យ​ទេសចរណ៍​សុខភាព​នេះ​ធ្វើ​អោយ​លុយ​ជា​ច្រើន​លាន​ដុល្លារ​ហូរ​ចេញពី​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ ដោយ​មួយ​ថ្ងៃ​ៗ​ពលរដ្ឋ​កម្ពុជា​ច្រើន​នាក់​បាន​ជិះឡាន​ក្រុង និង​យន្តហោះ​យក​លុយ​ពេញ​ៗ​ហោប៉ៅ​ទៅ​ចាយ​នៅ​ប្រទេស​ជិតខាង និង​ប្រទេស​ឆ្ងាយ​ជាង​នេះ​ដូច​ជា ឥណ្ឌា ចិន បារាំង និង​អា​មេ​រិ​ក​ជាដើម ។ លើកលែងតែ​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​ឈប់​សម្រាក​យូរ​ទេ​ដែល​អ្នកដំណើរ​ភាគច្រើន គឺ​ទៅ​ធ្វើ​ទេសចរណ៍​ពិត ប្រាកដ ។ ប៉ុន្តែ​ប្រសិនបើ​ទៅ​ថ្ងៃ​ធម្មតា ជា​ពិសេស គឺ​សៅរ៍ អាទិត្យ មួយ​ចំនួន​ធំ​នៃ​អ្នក​ធ្វើ​ដំណើរ​ចេញ​ក្រៅ ប្រទេស​តាម​ឡានក្រុង គឺ​ចេញ​ទៅ​ដោយ​ស្ពាយ​ទាំង​លុយ ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅប្រទេស​ដែល​គេ​ហៅ​ថា ទេសចរណ៍​សុខភាព​នេះឯង ។

យើង​ត្រូវ​តែ​ខំប្រឹង​ប្រែង និង លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​ក្នុងស្រុក​យើង​បន្ថែម​ទៀត ទោះបីជា​ពេល នេះ​យើង​បាន​កែ​ល្អជា​ច្រើន​មក​ហើយ​ក៏​ដោយ ។ ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​មាន​ទំនុកចិត្ត ។ ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​ស្រុក​យើង​បច្ចុប្បន្ន​មិន​អន់​ទេ ហើយ​កម្រិត​សមត្ថភាព​ក្រុម គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ក៏​មិន​អន់​ដែរ​ដោយ​មួយ​ចំនួន​ក៏​បាន​ចេញ​ទៅ​រៀន​ជំនាញ​នេះ​ជំនាញ​នោះ​នៅ​ក្រៅប្រទេស​ក៏​ច្រើន ។

ក្រៅពី​នោះ​សេវាកម្ម​ផ្សេង​ៗ​រួម​ទាំង​កន្លែង​ស្នាក់​នៅ​តាម​មន្ទីរពេទ្យ​ក៏​ប្រសើរ​ដែរ ជា​ពិសេស​នៅ​មន្ទីរពេទ្យ​ថ្មី​ៗ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​យក​លុយ​ទៅ​ចាយវាយ​លើ​បញ្ហា​សុខភាព ឬ​ទេសចរណ៍​សុខភាព​នេះ​នៅ​ក្រៅប្រទេស​ដដែល ។ សូម​យកចិត្តទុកដាក់​ចំណុច​នេះ ហើយ​ចាត់​ទុក​ថា វា គឺជា​ជំងឺ​សង្គម​មួយ​សម្រាប់​កម្ពុជា​ដែល​ក្រុម​គ្រូពេទ្យ និង​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​បន្ត​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​រោគ​សញ្ញា ដើម្បី​ដាក់​ថ្នាំ​ព្យាបាល​ឲ្យ​ត្រូវ បើ​មិន​ដូច្នេះ​ទេ សេដ្ឋកិច្ច​ស្រុក​យើង​នឹង​បន្ត​ធ្លុះធ្លាយ​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ជិតខាង ។

តាម​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post)​ដែល​បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​កំពុង​តែ​ដាក់​ផែនការ​ទាក់ទាញ និង​ពង្រឹង​វិស័យ​ទេសចរណ៍​សុខភាព​នេះ​ឲ្យ​រីក​ចំរើន​ឡើង​បន្ថែម​ទៀត​រហូត​ដល់​ទៅ​៤៣% ជាមួយនឹង​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​១៦​ពាន់​លាន​ដុល្លារ​នៅ​មុន​ឆ្នាំ​២០៣០ ។

នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ស្ថិតិ​នៃ​ចំណូល​ពី​វិស័យ​ទេសចរណ៍​សុខភាព​នេះ នៅ​មិន​ទាន់​បញ្ចេញ​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ ថៃ​បាន​ទាក់ទាញ​អ្នកទេសចរ​សុខភាព​នេះ​សរុប​៣​លាន​នាក់​ជាមួយនឹង ប្រាក់​ចំណូល​ប្រមា​ន​ជា​៦​ពាន់​លាន​ដុល្លារ ។ ក្នុង​ចំណោម​លុយ​ដ៏​ច្រើន​នេះ គេ​ជឿ​ថា មាន​មួយ​ផ្នែក​ថៃ​បាន​មក​ពី​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​បាន​យក​លុយ​ទៅ​ស្វែងរក​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ។ ដោយឡែក ចំពោះ​វៀតណាម​វិញ ក៏​គួរសម​ដែរ នៅ​ពេល​នេះ ។ បណ្តាញ​ព័ត៌មាន វៀតណាម ប្រ៊ី​ហ្វី​ង (Vietnam Briefing) វិញ​បាន​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​សុខភាព​នេះ​នៅ​ប្រទេស​សង្គមនិយម​ក្បែរ​ខាង​មួយ​នេះ គឺ​កំពុង​តែ​មាន​កំណើន ។ ដូច្នេះ​ហើយ​ទើប​ផ្នែក​នេះ កំពុង​តែ​បង្កើន​ការ​បណ្តាក់ទុន ។

ផ្អែក​តាម​សេចក្តីរាយការណ៍​នៅ​ក្នុង​សារព័ត៌មាន​នេះ វិស័យ​ទេសចរណ៍​សុខភាព​វៀតណាម​មិន​ទាន់​ខ្លាំង ដល់​ថៃ​នៅឡើយ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​ខ្ទង់​២​ពាន់​លាន​ដុល្លារ​ដែរ​នៅ​ក្នុង​មួយ​ឆ្នាំ​ពី​អ្នក​ដែល​ស្វែងរក សេវាកម្ម​នេះ​ប្រមាណ​ជា​៣​សែន​នាក់ ។

តាម​សារព័ត៌មាន​ថៃ និង​វៀតណាម​នេះ​មិន​មាន​តួរ​លេខ​ថា ទេសចរ​ទាំងនោះ​ជា​ជនជាតិ​អ្វីខ្លះ​នោះ​ទេ ប៉ុន្តែ នៅ​ក្នុង​ចំណែក​ប្រាក់​ដែល​ប្រទេស​ទាំង​ពីរ​រកបាន​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ គឺ​ពិតជា​មាន​ប្រាក់​ដែល​ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​បាន​ខំ​សន្សំ និង​ខ្លះ​ក៏​ជាប់បំណុលគេ​ផង​ដែរ ដើម្បី​យក​លុយ​ទៅ​ចាយ​នៅ​ក្នុង​ប្រទេស​ទាំងនេះ​។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន នៅ​ក្នុងស្រុក​មួយ​ដែល​បាន​រាយការណ៍ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល​បានដឹង​អំពី​បញ្ហា​នេះ ហើយ​ក៏​បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​មាន​ពលរដ្ឋ​ប្រមាណ​ជា​ពី​២០​ម៉ឺន​ទៅ​២៥​ម៉ឺន​នាក់ ដែល​បាន​ចេញ​ទៅ​ស្វែងរក​សេវា​ផ្នែក​សុខភាព ឬ​ទេសចរណ៍​សុខភាព​នេះ​នៅ​ក្រៅប្រទេស កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ ។

ក្រសួងសុខាភិបាល​បានដឹង​អំពី​បញ្ហា​នេះ​ហើយ ។ ដូច្នេះ​គួរ​គប្បី​ខិតខំ​ធ្វើ​យ៉ាងណា​កសាង​ទំនុកចិត្ត​លើ​គុណភាព និង​សេវាកម្ម​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។ នៅ​ពេល​ដែល​គេ​កំពុង​តែ​ពង្រឹង​ហើយ​យើង​មិន​យកចិត្តទុកដាក់​យើង​ខ្លាច​ថា នៅ​ពេល​អនាគត​ចំនួន​ពលរដ្ឋ​យើង​កាន់តែ ច្រើន​ជាង​ចំនួន​ខាងលើ​នឹង​ចេញ​ទៅ​គេ​បន្ថែម​ទៀត ។ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ក្រសួងសុខាភិបាល និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ទេសចរណ៍​ផង​ដែរ គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា អ្វី​ដែល​យើង​បាន​កំពុង​តែ​ខិតខំ​ធ្វើ​ខិតខំ​វិនិយោគ​បន្ថែម​នឹង​អាច​ទាក់ទាញ​ការ​កើនឡើង​នៃ​ទំនុកចិត្ត និង​គាំទ្រ​ពី​ពលរដ្ឋ​បន្ថែម​ទៀត ។

ការ​ពង្រឹង​វិស័យ​សុខាភិបាល​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ ហើយ​បង្កើន​ផលិតភាព​ការងារ ។ ក្រៅពី​នោះ​វា​ក៏​ជួយ​មិន​អោយ​លុយ​ហូរ​ចេញពី​កម្ពុជា ដោយសារ​តែ​បញ្ហា​សុខភាព និង​ការ​ស្វែងរក​ការ​ព្យាបាល​នៅ​ក្រៅប្រទេស ។ សូម​អោយ​ឆ្នាំ​២០២៥ ក្លាយជា​ឆ្នាំ​មួយ​ដែល​ប្រជាជន​កម្ពុជា​កាន់តែ​ទទួល​បាន​សេវា​សុខភាព​កាន់តែ​ប្រសើរ​ពី​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ។ ចំណែក​ទំនុកចិត្ត​ចំពោះ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ហើយ​ប្រជាជន​កាន់តែ​តិច​វេច​លុយ​ទៅ​អោយ​ប្រទេស​ជិតខាង​ដោយសារ​តែ​ជំងឺ ។ ប៉ុន្តែ​អ្វី​ៗ​មិនកើត​ចេញពី​គ្រាន់តែ​ការ​ដេក​សុបិន​នោះ​ទេ វា​កើត​ចេញពី​សកម្មភាព​ជាក់ស្តែង​របស់​មនុស្ស​គ្រប់​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល ។ ខ្មែរ​រួម​គ្នា គឺ​ខ្មែរ​អាច​ធ្វើ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ