ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

បុរស​ខ្លាំង​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​កំណត់​ពេលវេលា​ចេញ​ទៅ​ទស្សនៈកិច្ច​នៅ​មជ្ឈិមបូព៌ា​ដល់​ទៅ​៤​ប្រទេស នៅ​ក្នុង​ដំណើរ​មួ​យស​ប្តា​ហ៍​រាប់​ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ។…

បុរស​ខ្លាំង​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​កំណត់​ពេលវេលា​ចេញ​ទៅ​ទស្សនៈកិច្ច​នៅ​មជ្ឈិមបូព៌ា​ដល់​ទៅ​៤​ប្រទេស នៅ​ក្នុង​ដំណើរ​មួ​យស​ប្តា​ហ៍​រាប់​ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ។ តើ​សម្តេច​តេ​ជោ ចំណាយពេល​ដ៏​យូរ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ដើម្បី​អ្វី​ទៅ?

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋកា​តា សាធារណរដ្ឋ​តួ​ក​គី​យេ និង​អេ​មី​រ៉ាត អា​រ៉ាប់​រួម នៅ​ពេល​នេះ​តំណាង​ឱ្យ​ចំណុច​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ធ្វើ​ពិពិធ​កម្ម ភាព​ជា​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​ស្រប​តាម​គោលដៅ​ដែល​ព្រឹទ្ធសភា​បាន​ប្រកាស​ថា ស្ថាប័ន​កំពូល​របស់​ជាតិ​នេះ​នឹង​ប្រកាន់​យក​ជំហរ​ធ្វើ​នយោបាយ​ការទូត​សភា ដែល​នឹង​ផ្តល់​ផល​ទាំង​សេដ្ឋកិច្ច សង្គម និង​នយោបាយ ។

ម្យ៉ាងវិញទៀត ដំណើរ​ជា​ផ្លូវការ​របស់​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា​នៅ​ពេល​នេះ​ក៏​អាច​បញ្ជាក់​ពី​មហិច្ឆតា​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​សំខាន់​ៗ​នៅ​ក្នុង​តំបន់​ដែល​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ថាមពល​ឱកាស​វិនិយោគ និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ។

នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​១៧​ប្រទេស ប្រទេស​ទាំង​បួន​ដែល​បុរស​ខ្លាំង​នឹង​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​នោះ គឺ​សុទ្ធសឹងតែ​ជា​ប្រទេស​មហា​អំ​ណាយ​ទាំង​យោធា និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ដូចនេះ​វា​ពិតជា​មាន​ភាព​ចាំបាច់​ណាស់​ដែល​ត្រូវ​តែ​មានការ​ត្រួសត្រាយ​ផ្លូវ ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​ការទូត របស់​កម្ពុជា ។

អស់​រយៈពេល​ជា​ច្រើន​ទស្ស​វត្ស​មក​ហើយ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​បាន​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាស៊ាន ចិន និង​ប្រទេស​លោក​ខាងលិច ប៉ុណ្ណោះ ។ សម្រាប់​តំបន់​ម​ជ្ឃិ​ម​បូព៌ា មិនមែន​កម្ពុជា​មិន​មាន​ទំនាក់ទំនង​ការទូត​នោះ​ទេ គ្រាន់តែ​ទំនាក់ទំនង​នោះ​បាន​ធ្វើ​នៅ​ក្នុង​កម្រិត​មួយ ។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​វា​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​តែ​លើកកម្ពស់​ទំនាក់ទំនង​ការទូត និង​ភាព​បុ​រេ​សកម្ម​របស់​ខ្លួន​ទៅ​ក្នុង​តំបន់​នោះ ។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋកា​តា និង​អេ​មី​រ៉ាត អា​រ៉ាប់​រួម ប្រទេស​កម្ពុជា​អាច​នឹង​ពង្រឹង​កិត្យានុភាព​កាន់តែ​សកម្ម​នៅ​ក្នុង​បណ្តាញ​សេដ្ឋកិច្ច និង​ទីផ្សារ​នៃ​ក្រុម​ប្រទេស​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ដែល​ជា​ប្រទេស​ល្បីល្បាញ​ខាង​ធនធាន​ថាមពល និង​មូលនិធិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដោយសារ​ប្រទេស​ទាំងនេះ​អាច​ចាត់ទុកជា​បងធំ​មួយ​នៅ​ក្នុង​ក្រុម​ប្រទេស​នេះ ។ ចំណែក​សាធារណរដ្ឋ​តួ​ក​គី​យេ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​បងធំ​នៅ​មជ្ឈិមបូព៌ា ដែល​មាន​ទាំង​សេដ្ឋកិច្ច និង យោធា​ខ្លាំងក្លា ។ តើ​កម្ពុជា​អាច​មាន​អ្វី​ដែល​អាច​ចាត់​ទុក​ថា ជាស​រសរ​ស្តម្ភ​នៅ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​មជ្ឈិមបូព៌ា?

សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម វាយនភ័ណ្ឌ និង​ទេសចរណ៍ ។ ដូច្នេះ​ការ​ពង្រឹង​ការទូត​ជាមួយនឹង​ប្រទេស​ទាំងនេះ​អាច​ជា​ច្រក​មួយ​ដែល​កម្ពុជា​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការ​វិនិយោគ និង​ជំនាញ​នៅ​មជ្ឈិមបូព៌ា​លើ​វិស័យ​ទាំងនេះ ប្រសិនបើ​បណ្តា​ប្រទេស​ទាំងនោះ​ចាប់អារម្មណ៍ ។

គោលដៅ​នេះ​អាច​នឹង​ទៅ​រួច​ពីព្រោះ​នៅ​ពេល​នេះ​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​កំពុង​តែ​ដាក់​ចេញ​គោល​ការ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ក្រៅពី​ប្រេង​តាម​រយៈ​ការ​ជំរុញ​ការ​វិនិយោគ​ដែល​អាច​ធានា​សន្តិសុខ​ស្បៀង និង​និរន្ត​ភាព​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ក្រៅពី​ធនធាន​ប្រេង​ដែល​ខ្លួន​មាន ។ ដោយ​ឡែ ក​ប្រទេស​កម្ពុជា និង​មជ្ឈិមបូព៌ា​ក៏​មាន​ធ្នាក់​រកគ្នា​ស្រាប់ តាម​រយៈ​សហគមន៍​នៃ​ជន​មូ​ស្លី​ម​នៅ​កម្ពុជា​ដែល​នៅ​ពេល​នេះ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​របស់​កម្ពុជា​និង​មជ្ឈិមបូព៌ា គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា​ខ្លះ​ៗ​រួច​ទៅ​ហើយ ជា​ពិសេស​តាម​រយៈ​កម្មវិធី​អប់រំ និង​កិច្ច​សហប្រតិបត្តិការ​ខាង​សាសនា ។ អាហារូបករណ៍ ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​សន្ទនា​អន្តរ​ជំនឿ​អាច​ធ្វើ​ឲ្យ​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ស៊ីជម្រៅ និង​លើកកម្ពស់​សុច្ឆន្ទៈ​ទ្វេភាគី ។

ទេសចរណ៍​ក៏​ជា​ច្រក​សំខាន់​ដែរ ប្រសិនបើ​កម្ពុជា​អាច​ធ្វើ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​នៅ​មជ្ឈិមបូព៌ា​ឲ្យ​ពួក​គេ​ចាប់អារម្មណ៍​ស្វែងរក​ទិស​ដៅ​ថ្មី និង​សម្បូរ​បែប​ខាង​វប្បធម៌​ដូចដែល​កម្ពុជា​មាន ប្រាសាទអង្គរវត្ត និង​កន្លែង​ប្រវត្តិសាស្ត្រ​ផ្សេង​ៗ​ទៀត ។

សរុប​ទៅ​ដំណើរ​ទស្សនៈកិច្ច​រយៈពេល​មួ​យស​ប្តា​ហ៍​ទៅ​កាន់​ប្រទេស​៤​នៅ​មជ្ឈិមបូព៌ា​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​ការទូត​របស់​កម្ពុជា​នៅ​ពេល​ដែល​ចរន្ត​ពហុភាគី និង​ពហុ​ប៉ូ​ល​កំពុង​តែ​ផុលផុស ស្រប​ពេល​ដែល​សណ្តាប់ធ្នាប់​ពិភពលោក​ហាក់​រង្គោះរ​ង្គឺ ។ នៅ​ក្នុង​ដំណាក់កាល​នេះ ការ​កសាង​ទំនុកចិត្ត​ពី​មិត្ត​ចាស់ និង ការ​បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយនឹង​មិត្ត​ថ្មី​ក៏​មាន​សារៈសំខាន់​សម្រាប់​ធានា​និង​ជា​យ័ន​ការពារ​ភាព​ជា​ដៃគូ និង​ការ​អភិវឌ្ឍ​រួម​គ្នា​ប្រកបដោយ​និរន្តរភាព ។

បេសកកម្ម​ការទូត​ទៅ​កាន់​មជ្ឈិមបូព៌ា​នេះ ឆ្លុះ​បញ្ចាំង​ពី​មហិច្ឆតា​ដែល​កំពុង​កើនឡើង​របស់​កម្ពុជា ក្នុង​ការ​ធានា​បានការ​ឈរជើង​នៅ​ក្នុង​តំបន់​ដែល​មាន​សេដ្ឋកិច្ច​រស់​រវើក ហើយ​វា​ក៏​ស្រប​តាម​ចក្ខុវិស័យ​ទូលំទូលាយ​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​ភាព​ជា​ដៃគូ​ជា​សកល​របស់​ខ្លួន និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​ខ្លាំង​លើ​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ