ទីក្រុងសេអ៊ូល៖ ប្រធានគណបក្សប្រឆាំងនៅកូរ៉េខាងត្បូងនៅតែចិញ្ចឹមចិត្តចង់ដកលោកយូនស៊ុកយូលពីតំណែងប្រធានាធិបតីឱ្យខាងតែបានទោះបីនៅក្នុងតម្លៃណាក៏ដោយ។ លោកលីជេម្យុង (Lee Jae-myung) ជាប្រធានគណបក្សប្រជាធិបតេយ្យសច្ចាថានឹងរកវិធី និងឱកាសដកតំណែងលោកយូនស៊ុកយូលជាថ្មីម្ដងទៀត។ គណបក្សប្រឆាំងទាំងតូចទាំងធំរួមកម្លាំងគ្នាបាន១៩២សំឡេងនៅក្នុងរដ្ឋសភា ប៉ុន្តែពួកគេមិនអាចដកតំណែងលោកយូនស៊ុកយូលបាននៅឡើយទេកាលពីថ្ងៃសៅរ៍។
អ្នកតំណាងរាស្ត្រគណបក្ស «អំណាចប្រជាជន» ធ្វើពហិកាមិនបោះឆ្នោត និងដើរចេញពីបន្ទប់ប្រជុំរបស់រដ្ឋសភាលើកលែងតែអ្នកតំណាងរាស្ត្រម្នាក់គត់ដែលដើរចេញទៅក្រៅម្ដងហើយ ហើយវិលមកវិញ។ ប៉ុន្តែគាត់បោះឆ្នោតជំទាស់នឹងញត្តិនេះ។ អ្នកតំណាងរាស្ត្ររូបនេះមិនចង់ដកតំណែងលោកយូនស៊ុកយូលនៅពេលនេះទេទោះបីគាត់មានចំណុចខ្វះខាតក៏ដោយ។
ប្រធានគណបក្សប្រឆាំង លោកលីជេម្យុងសូមការយោគយល់អធ្យាស្រ័យពីក្រុមអ្នកគាំទ្រដែលចង់បោះឆ្នោតទម្លាក់លោកលោកយូនស៊ុកយូលពីតំណែងមិនបានសម្រេចដូចបំណង។ លោកនឹងបញ្ជូនញត្តិដដែលនេះទៅរដ្ឋសភាម្ដងទៀតនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ សង្ឃឹមថាសភានឹងកោះប្រជុំ និងបោះឆ្នោតនៅថ្ងៃសៅរ៍សប្ដាហ៍ក្រោយ។ ទម្រាំដល់ពេលនោះចាំគិតគ្នាទៀត។ លោកយូនស៊ុកយូលសូមកាន់អំណាចជាបន្តទៀតសិន។ លោកថាលោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត។
ក្រោយការប្រកាសរបស់គណបក្សប្រឆាំងដើម្បីបោះឆ្នោតដកតំណែងជាលើកទី២ គណបក្សកាន់អំណាចថ្លែងថាពួកគេឈប់លេងចូលតទៅទៀតហើយនូវល្បែងនយោបាយកោះប្រជុំដកតំណែងប្រធានាធិបតីខ្លួនឯងទៅតាមខ្សែញាក់របស់គណបក្សដទៃ។ គណបក្សកាន់អំណាចថាខ្លួនចង់បាន «វិធីដែលមានរបៀបរៀបរយ និងប្រកបដោយការទទួលខុសត្រូវ» ដើម្បីដោះស្រាយអ្វីដែលគណបក្សចាត់ទុកថាជា «វិបត្តិនយោបាយ» មិនមែនជាទោសកំហុសរបស់លោកយូនស៊ុកយូលនោះទេ។
បើយោងតាមច្បាប់កូរ៉េខាងត្បូង តំណែងរបស់លោកយូនស៊ុកយូលអាចដកបានដោយសំឡេងអ្នកតំណាងរាស្ត្រ២០០នាក់បោះឆ្នោតប្រឆាំង។ ប៉ុន្តែកាលពីល្ងាចថ្ងៃសៅរ៍ គណបក្សប្រឆាំងទាំងអស់អាចប្រមូលបានអ្នកតំណាងរាស្ត្រ១៩៥នាក់ មានន័យថានៅខ្វះ៥សំឡេងទៀត។ ដូច្នេះបើទុកពួកគេគាំទ្រញត្តិនោះ១០០%ក៏នៅតែមិនគ្រប់គ្រាន់ក្នុងការដកតំណែងដដែល។
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោកវូវុនស៊ីក (Woo Won-shik) និយាយទាំងអន្ទះសា និងដកដង្ហើមធំថា «ប្រទេសជាតិយើងទាំងមូលកំពុងសម្លឹងមើលព្រឹត្តិការណ៍បោះឆ្នោតនៅរដ្ឋសភានេះដោយឥតប៉ប្រិចភ្នែក។ ពិភពលោកក៏កំពុងតាមដានបញ្ហានេះផងដែរ»។ ប៉ុន្តែជាការគួរឱ្យសោកស្ដាយណាស់ដែលយើងមិនអាចរៀបចំការបោះឆ្នោតសូម្បីតែមួយសន្លឹកនៅថ្ងៃនេះ។
ឥឡូវនេះ លោកយូនស៊ុកយូលកំពុងស្ថិតនៅលើកាំបិតមុខ២។ មានន័យថាបើលោកប្រញាប់ចុះពីតំណែងឥឡូវនេះអាចនឹងបញ្ចប់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែបើលោកសុខចិត្តប្រថុយកាន់តំណែងជាបន្តទៀត បើសិនសមត្ថកិច្ចស៊ើបអង្កេតឃើញថាលោកមានទោសកំហុសពិតមែន លោកអាចនឹងមានរឿងធំជាលក្ខណៈ «ប្រាក់ក៏បង់ ថង់ក៏ដាច» ឬ «ចង់ចំណេញដាច់ចំណង»។
លោកសូមទោសប្រជាជន និងប្រទេសជាតិចំពោះទង្វើប្លែកៗកាលពីយប់ថ្ងៃអង្គារដែលធ្វើឱ្យផ្អើលពេញពិភពលោក។ ប៉ុន្តែបញ្ហាមិនទាន់ចប់ត្រឹមប៉ុណ្ណឹងទេ។ សមត្ថកិច្ចកូរ៉េខាងត្បូងថ្លែងថាខ្លួនកំពុងស៊ើបអង្កេតសំណុំរឿងនេះដើម្បីចង់ដឹងថាតើលោកបានប្រព្រឹត្តអំពើក្បត់ជាតិដែរឬទេ។ នេះជាទោសកំហុសធ្ងន់ណាស់។ បើលទ្ធផលស៊ើបអង្កេតបង្ហាញថាលោកមានទោសនេះមែន ទោះបីអភ័យឯកសិទ្ធិរបស់ប្រធានាធិបតីក៏មិនអាចជួយបានដែរ។ កម្រិតអតិបរមានៃទោសនេះគឺប្រហារជីវិត៕
ចែករំលែកព័តមាននេះ