ទីក្រុងសេអ៊ូល៖ នៅទីបំផុត ផែនការដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល ក្លាយជាផែនស្ករទៅវិញហើយនៅល្ងាចថ្ងៃសៅរ៍នេះនៅពេលក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សលោកយូនស៊ុកយូលខ្លួនឯង (គណបក្សអំណាចប្រជាជន) បានដើរចេញពីកន្លែងប្រជុំសភា។ មានន័យថាញត្តិរបស់គណបក្សប្រឆាំងដែលស្នើសុំឱ្យសភាអនុម័តនោះនៅ៥០%ទល់នឹង៥០%។ គាំទ្រក៏មិនទាន់គាំទ្រ រីឯជំទាស់ក៏មិនទាន់ជំទាស់។
អាចថាមកពីគណបក្សកាន់អំណាចមិនចង់ឱ្យបក្សប្រឆាំងចំណេញផ្នែកនយោបាយ។ បើបោះឆ្នោតទម្លាក់បេក្ខជនប្រធានាធិបតីខ្លួនឯងមានន័យស្មើនឹងធ្វើទៅតាមការចង់បាន ឬដើរនៅលើផ្លូវដែលគេគូសឱ្យដើររបស់ក្រុមប្រឆាំង។ ដូច្នេះ ពួកគេមិនចង់លេងតាមសេណារីយោនយោបាយបែបហ្នឹងទេ។ មនុស្សនៅក្នុងបក្សជាមួយគ្នាទោះបីអាក្រក់ល្អសខ្មៅយ៉ាងដូចម្ដេចក៏ពួកគេសុខចិត្តឱបក្រសោបគ្នាដែរ។ នេះជាចរិតអ្នកនយោបាយទូទាំងពិភពលោក។
គោលជំហររបស់ក្រុមអ្នកតំណាងរាស្ត្រទាំងនោះហាក់ផ្ទុយគ្នាពីជំហររបស់ប្រធានគណបក្សអំណាចប្រជាជនដែលប្រកាសកាលពីម្សិលមិញថា «លោកគាំទ្រការបោះឆ្នោតដកតំណែងលោកយូនស៊ុកយូល»។ ប្រធានគណបក្សរូបនេះបារម្ភតែម្យ៉ាងគត់ «បើមិនដកគាត់នៅពេលនេះទេ គាត់អាចនឹងប្រកាសច្បាប់អាជ្ញាសឹកជាលើកទី២»។ លោកយូនស៊ុកយូលក៏រាងផ្អែមមាត់មិនតិចដែរនៅថ្ងៃនេះ ព្រោះក្រុមបក្សប្រឆាំងអាចប្រមូលសំឡេងអ្នកតំណាងរាស្ត្រជិតគ្រប់២/៣។ ពោលគឺប្រមូលបាន១៩២សំឡេង ខណៈដែលចំនួនកូរ៉ុមកំណត់ត្រូវការ២០០សំឡេងទើបអាចដកតំណែងលោកយូនស៊ុកយូលបាន។
នៅក្នុងកិច្ចប្រជុំសភាកាលពីល្ងាចថ្ងៃសៅរ៍ គេឃើញថាមានតែអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងប៉ុណ្ណោះដែលបោះឆ្នោត។ ចំណែកអ្នកតំណាងរាស្ត្រគណបក្សកាន់អំណាចដើរចេញស្ទើរតែទាំងអស់គ្នា លើកលែងតែម្នាក់គត់ដែលវិលត្រឡប់ទៅវិញតាមការអំពាវនាវរបស់ប្រធានរដ្ឋសភា។ គេមិនទាន់ដឹងថាតើការបោះឆ្នោតដកតំណែងនេះត្រូវពន្យារពេលរហូតដល់ពេលណាទេ។ អគ្គលេខាធិការរដ្ឋសភាបង្ហើបឱ្យដឹងថាគេត្រូវរង់ចាំរហូតដល់ម៉ោង១២:៤៨រំលងអធ្រាត្រថ្ងៃសៅរ៍នេះ។
តាមមើលទៅ, គណបក្សរបស់លោកយូនស៊ុកយូលដែលប្រកាសថានឹងគាំទ្រឱ្យដកតំណែងលោកយូនស៊ុកយូលនោះប្រហែលជាអឺអើបានត្រឹមតែមាត់ទទេតែប៉ុណ្ណោះ។ ដល់ពេលសម្រេចកិច្ចការមែនទែន ពួកគេជំទាស់នឹងការដកតំណែងនេះទៅវិញ។ អាចថាលោកយូនស៊ុកយូលគាត់ប្រើយុទ្ធសាស្ត្របញ្ចុះបញ្ចូលយ៉ាងម៉េចមិនដឹងទេ ហើយអាចនិយាយបានថាគាត់មានមន្តស្នេហ៍នៅក្នុងការទាក់ទាញ ឬបន្ទន់ចិត្តកំហឹងរបស់មនុស្សដែលខឹងមួយឆាវៗ។ ក្រោយមកត្រជាក់ចិត្តវិញ។
កាលពីព្រឹកថ្ងៃសៅរ៍ លោកយូនស៊ុកយូលបានថ្លែងសុន្ទរកថាមួយ សូមអភ័យទោសចំពោះកំហុសឆ្គងរបស់លោកកាលពីយប់ថ្ងៃអង្គារដែលប្រកាសប្រើច្បាប់អាជ្ញាសឹក ហើយធ្វើឱ្យជ្រួលច្របល់ពេញផ្ទៃប្រទេស។ ប៉ុន្តែលោកសូមបញ្ជាក់ឡើងវិញថា «លោកនឹងមិនលាលែងពីតំណែងជាដាច់ខាត»។ ដូច្នេះ ទោះបីមានសម្ពាធខ្លាំងយ៉ាងណាក្ដី ទាំងពីគណបក្សប្រឆាំង និងគណបក្សរបស់លោកយូនស៊ុកយូលខ្លួនឯង លោកនៅតែប្រកាន់ជំហររឹងមាំដដែលនៅក្នុងរឿងនេះ។ លោកថ្លែងថាការប្រកាសប្រើច្បាប់អាជ្ញាសឹកនោះមិនមែនដើម្បីក្រាញអំណាចទេ។ ប៉ុន្តែដោយសារចិត្តអន្ទះសារបស់លោកមួយគ្រាៗ។
អ្នកតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចដែលមុនដំបូងដើរចេញពីសភា ហើយក្រោយមកវិលទៅបោះឆ្នោតវិញនោះ គាត់ទទួលស្គាល់ថា «លោកយូនស៊ុកយូលគ្មានគុណវុឌ្ឍិ (លក្ខណៈសម្បត្តិ) គ្រប់គ្រាន់ជាប្រធានាធិបតីកូរ៉េខាងត្បូងទេ។ ប៉ុន្តែគាត់ (អ្នកតំណាងរាស្ត្រ) ជាប់ជំពាក់ត្រូវបោះឆ្នោតការពារលោកយូនស៊ុកយូល និងជំទាស់នឹងញត្តិចង់ដកតំណែង។
ឥឡូវនេះ គេមិនទាន់ដឹងច្បាស់ថាតើសភាគាំទ្រការដកតំណែង ឬរក្សាទុកតំណែងរបស់លោកយូនស៊ុកយូលឱ្យនៅដដែល? មូលហេតុដោយសារសភាមិនទាន់បោះឆ្នោតនៅឡើយទេ។ ទោះជាយ៉ាងណាក្ដី គណបក្សប្រឆាំងទាំងតូចទាំងធំនិយាយជាលក្ខណៈបង្ការជើងទុកជាមុនថាបើនៅប់ថ្ងៃសៅរ៍នេះបោះឆ្នោតមិនបានសម្រេចទេ សភានឹងកោះប្រជុំម្ដងទៀតនៅថ្ងៃពុធ៕
ចែករំលែកព័តមាននេះ