ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កូរ៉េ​ខាង​ត្បូង​ម្នាក់​កំពុង​ល្បី​ល្បា​ញ​ព្រោះ​ហ៊ាន​ត​តាំង​ជា​មួយ​ទាហាន

1 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ នារី​ក្លាហាន​​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​​ម្នាក់​ដែល​ហ៊ាន​ឈរ​ត​ទល់​ដោយ​មិន​ខ្លាច​ស្លាប់​នៅ​​ពេល​​ដែល​ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​នោះ ​លោក​ស្រី​​​​យល់​ថា​​ខ្លួន​មិន​មាន​អ្វី​អស្ចារ្យ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​ខាង​ក្រៅ​ចាត់​ទុក​ថា​​ការ​ដែល​លោក​ស្រី​​ហ៊ាន​ប្រទាញ​ប្រទង់​គ្នា​ជា​មួយ​ទាហាន​នៅ​យប់​នោះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទឹក​ចិត្ត​របស់​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​​។ ​ទង្វើ​របស់​លោក​ស្រី​កំពុង​​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង។​​ នារី​វ័យ​​៣៥​ឆ្នាំ​ឈ្មោះ​អាញ់​ឃ្វី​រីយុង (Ahn Gwi-ryeong)…

ទី​ក្រុង​សេអ៊ូល៖ នារី​ក្លាហាន​​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​​ម្នាក់​ដែល​ហ៊ាន​ឈរ​ត​ទល់​ដោយ​មិន​ខ្លាច​ស្លាប់​នៅ​​ពេល​​ដែល​ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​នោះ ​លោក​ស្រី​​​​យល់​ថា​​ខ្លួន​មិន​មាន​អ្វី​អស្ចារ្យ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​ខាង​ក្រៅ​ចាត់​ទុក​ថា​​ការ​ដែល​លោក​ស្រី​​ហ៊ាន​ប្រទាញ​ប្រទង់​គ្នា​ជា​មួយ​ទាហាន​នៅ​យប់​នោះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទឹក​ចិត្ត​របស់​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​​។ ​ទង្វើ​របស់​លោក​ស្រី​កំពុង​​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង។​​

នារី​វ័យ​​៣៥​ឆ្នាំ​ឈ្មោះ​អាញ់​ឃ្វី​រីយុង (Ahn Gwi-ryeong) ​​ជា​អ្នក​នាំ​ពាក្យ​​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង​។ នៅ​ក្នុង​វីឌីអូ​ឃ្លីប​ដែល​ថត​បាន​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ គេ​ឃើញថា​នារី​ឈ្មោះ​អាញ់​ឃ្វី​រីយុង​ហ៊ាន​យក​ដៃ​ទៅ​ចាប់​កាន់​កាណុង​កាំ​ភ្លើង​របស់​ទាហាន​​ដើម្បី​ទប់​មិន​ឱ្យ​ទាហាន​សម្រុក​ចូល​ទៅ​ក្នុងសាល​ធំ​របស់​វិមាន​រដ្ឋ​សភា​។​ ពួ​ក​គេ​ធ្វើ​ទៅ​តាម​បញ្ជា​​ដើម្បី​​​ដាក់​គំនាប​​ឱ្យ​សភា​បោះ​ឆ្នោត​គាំទ្រ​ច្បាប់​អាជ្ញា​សឹក​​។ ប៉ុន្តែ​សភា​នៅ​តែ​បោះ​ឆ្នោត​ជំទាស់​ដដែល​។​

ស្ត្រី​​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​មែន​មនុស្ស​អន់​ប៉ុន្មាន​ទេ​ គ្រាន់​តែ​អ្នក​ស្រី​ព្យាយាម​ដាក់​ខ្លួន​។ ​​​​នៅ​ក្នុង​ចំណោម​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម វីឌីអូ​ខ្លះ​បង្ហោះ​ត្រឹម​តែ១​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​ទទួ​លបាន​ចំនួន​ចូល​មើ​ល​១,២​លាន​ដង​នៅ​លើ​យូរ​ធូប​​។ អ្នក​ស្រី​ប្រាប់​ថា​កាល​នោះ​អ្វី​ដែល​​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្រី​មាន​តែ​១​គត់​ ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ពួក​គេ (ទាហាន) មិន​ឱ្យ​ចូល​ទៅ​​​​ក្នុង​រដ្ឋ​សភា​។ ​អ្នក​ស្រី​តែ​ពី​រុញ​ច្រាន​ពួក​គេ​ឱ្យ​ថយ​ក្រោយ​វិញ​។ អ្នក​ស្រី​​ខិត​ខំ​អស់​ពី​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​​។​​

កាល​នោះ មិន​មែន​តែ​អ្នក​ស្រី​ម្នាក់​ទេ​។ អ្នក​ឯ​ទៀត​ក៏​ខំ​ទាំង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​ដើម្បី​ទប់​ទល់​នឹង​ទាហាន​ដែល​សម្រុក​ចូល​​​ទាំង​ហ្វូង​ៗ​​ទៅ​ក្នុង​បរិវេណ​សភា​។​ នៅ​ពេល​អ្នក​តំណាង​រាស្ត្រ​កោះ​ប្រជុំ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ជំនួយ​ការ​របស់​ពួក​គេ​ខិត​ខំ​ប្រមែ​ប្រមូល​​របស់​រ​បរ​ដូច​ជា​​តុ ​កៅអី និង​​គ្រឿង​សង្ហារិម​​នៅ​ក្នុង​សភា​ដើម្បី​​យក​មក​ឃាំង​ច្រក​ចេញ​ចូល​​។

អ្នក​ខ្លះ​ទៅ​ដោះ​យក​បំពង់​ផ្សែង​សម្រាប់​ពន្លត់​អគ្គិ​ភ័យ​មក​បាញ់​ដាក់​មុខ​ទាហាន​។ រយៈ​ពេល​ពីរ​ម៉ោង​កន្លះ​បន្ទាប់​ពី​លោ​កយូ​ន​ស៊ុក​យូល​ប្រកាស​តាម​ទូរ​ទស្សន៍​ដើម្បី​ប្រើ​ច្បាប់​អាជ្ញា​សឹក​ អ្នក​តំណាង​រាស្ត្រ​ខាង​ក្រុម​ប្រឆាំង​១៩០​រូប​បាន​បោះ​ឆ្នោត​ជំទាស់​នឹង​ច្បាប់​នេះ​។ មិន​យូរ​ប៉ុន្មាន លោក​យូន​ស៊ុក​យូល​ក៏​ប្រកាស​លុប​ចោល​ច្បាប់​នោះ​វិញ​។​

ក្រោយ​មក​ ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​នេះ​មិន​មែន​ជា​គំនិត​របស់​លោក​យូន​ស៊ុក​យូល​ទេ​​។ មេ​ខ្លោង​នៅ​ពី​ក្រោយ​រឿង​នេះ​គឺ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​ជា​អ្នក​ជូន​យោបល់​ឱ្យ​លោក​ធ្វើ​ដូច្នេះ​។​ ឥឡូវ​នេះ អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​រូប​នោះ​បាន​ដាក់​ពាក្យ​លា​លែង​ពី​តំណែង​រួច​ហើយ​ ហើយ​ត្រូវ​លោក​យូន​ស៊ុក​យូល​ធ្វើ​ចំណារ​ឯក​ភាព​១០០%​។ លោក​យូន​បាន​ប្រកាស​តែង​តាំង​អតីត​នាយ​ឧត្ដម​សេនីយ៍​ពាក់​ផ្កាយ​បួន​ម្នាក់​ដែល​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​ប្រទេស​អារ៉ាប៊ី​សាឌីត​ដើម្បី​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្មី​។

អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បុង​ដែល​ជូន​យោបល់​ឱ្យ​ប្រធានា​ធិបតី​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។

អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ដែល​ទើប​តែ​ចុះ​ពី​តំណែង​ថ្ងៃ​នេះ​ក៏​មិន​ទាន់​​រួច​ខ្លួន​ដែរ​។ សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត និង​ប្រមូល​ភស្តុ​តាង​ដើម្បី​ប្ដឹង​ឡើង​តុលាការ​​ពី​បទ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​។ ចំណែក​​​លោក​យូន​ស៊ុក​យូល​ខ្លួន​លោក​ក៏​​មិនទាន់​អស់​បញ្ហា​ត្រឹម​នេះ​ដែរ​​។ សភា​​ត្រៀម​កោះ​ប្រជុំ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ដើម្បី​ពិនិត្យ​មើល​សំណើ​​សុំ​​ដក​តំណែង​លោក​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​ «គណ​បក្ស​អំណាច​ប្រជា​ជន» ដែល​ជា​គណ​បក្ស​របស់​លោក​យូន​ស៊ុក​យូល និង​ជា​បក្ស​​កំពុង​កាន់​អំណាច​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ទុក​ជា​មុន​ថា​ខ្លួន​នឹង​បោះ​ឆ្នោត​ជំទាស់​នឹង​សំណើ​​នេះ​​​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ