ខេត្តកណ្ដាល ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ជុំវិញករណីរួមភេទជាមួយអនីតិជនអាយុ១៥ឆ្នាំ ហើយមិនតែប៉ុណ្ណោះ បានជំរិតទារប្រាក់ និងទម្លាយវីដេអូអាសអាភាស ដែលយុវជនរូបនេះបានលួចថតពេលរូបគេ និងក្មេងស្រីរងគ្រោះ ត្រូវបានជននេះប្រើហ្វេសប៊ុក ហើយលួងនាងឲ្យស្រាត ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់បាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ នៅចំណុចលើផ្លូវជាតិលេខ២១B ស្ថិតនៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ។
ជនសង្ស័យមានអាយុ២០ឆ្នាំ មុខរបរជាងភ្លើងប្រចាំរោងចក្រ មានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ឯក្មេងស្រីអាយុ១៥ឆ្នាំ នៅក្រុងសំពៅពូន ខេត្តកណ្តាល ។ វត្ថុតាង និងសម្ភារចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LE-៨១១២ និងទូរស័ព្ទដៃម៉ាក IPHONE X ពណ៌ស១គ្រឿង ។ តាមប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ ក្រោយមកបានស្រឡាញ់គ្នាជាសង្សារ ។ លុះដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យបានមកធ្វើការនៅក្រុមហ៊ុនជាមួយនឹងជនរងគ្រោះ ពេលធ្វើការជាមួយគ្នា ពួកគេធ្លាប់បានរួមភេទជាមួយគ្នាចំនួន៨លើក ចាប់ពីខែមីនា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ។
នៅរាល់ពេលដែលមានការទាក់ទងតាមវីដេអូ ខលតាមហ្វេសប៊ុកជាមួយជនរងគ្រោះម្ដងៗ ជនសង្ស័យតែងតែឱ្យជនរងគ្រោះស្រាតអាក្រាតកាយ ដើម្បីបង្ហាញឱ្យខ្លួនមើល ហើយជនសង្ស័យតែងតែលួចថតជាវីដេអូទុកក្នុងទូរស័ព្ទជានិច្ច ។ ពេលដែលនៅទំនាក់ទំនងជាសង្សារជាមួយគ្នា ជនសង្ស័យតែងតែប្រមាថដល់រូបនាង ។ រហូតដល់ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទ្រាំនឹងទង្វើរបស់ជនសង្ស័យលែងបាន ក៏សុំជនសង្ស័យបែកគ្នា តែជនសង្ស័យមិនព្រមបែក ហើយតែងតែខល និងឆាតតាមហ្វេសប៊ុកគំរាមទារប្រាក់ពីជនរងគ្រោះជាច្រើនលើក ក្នុងមួយលើកៗចាប់ពី១៥ដុល្លារទៅ២០ដុល្លារ ពេលខ្លះឈានដល់ ១០០ដុល្លារ ដោយគំរាមជនរងគ្រោះថា បើមិនឱ្យនឹងបង្ហោះរូបអាសអាភាស និងវីដេអូដែលខ្លួនបានលួចថតនាង ។
ជនសង្ស័យបានលួចយកអាខោនហ្វេសប៊ុករបស់ជនរងគ្រោះ ហើយបានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅអ្នកដែលស្គាល់ជនរងគ្រោះជាង១០នាក់រួចមកហើយ ថែមទាំងយករូបភាពជនរងគ្រោះដាក់ប្រូហ្វាល់តេឡេក្រាម ដើម្បីលក់វីដេអូទៅឱ្យមនុស្សផ្សេងៗជាច្រើននាក់ទៀត ។ លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យបានគំរាមជនរងគ្រោះម្ដងទៀត ដោយទារប្រាក់ពីជនរងគ្រោះចំនួន១៥០ដុល្លារ ។ ដោយទ្រាំលែងបាន ជនរងគ្រោះក៏បានប្រាប់រឿងទាំងអស់ទៅម្តាយឱ្យដឹង ពេលនោះម្តាយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ដើម្បីឱ្យជួយអន្តរាគមន៍ ។
ក្រោយទទួលពាក្យបណ្ដឹងរួច នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសំពៅពូន ក៏បានស្រាវជ្រាវ និងបានធ្វើការនាំខ្លួនជនសង្ស័យអនុវត្តតាមនីតិវិធី ។ ចំពោះករណីនេះ សមត្ថកិច្ចសូមផ្តាំផ្ញើ ផ្សព្វផ្សាយដល់ឪពុកម្ដាយ អ្នកអាណាព្យាបាល ទាំងអស់ សូមយកចិត្តទុកដាក់គ្រប់គ្រង តាមដានត្រួតពិនិត្យកូនចៅ ពិសេសការប្រើប្រាស់បណ្ដាញសង្គមតាមទូរស័ព្ទ កុំឱ្យមានរឿងអាស្រូវដូចរឿងនេះ ដែលនាំដល់ភាពអាម៉ាស ៕
ចែករំលែកព័តមាននេះ