រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលឡើងវិញ នូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ករណីហាមរថយន្តធុនធំចេញចូលក្នុងរាជធានីនេះ មិនមែនជាករណីដំបូងនោះទេ តែត្រូវបានមហាជនមើលឃើញថាបានតែដំបូង ហើយក្រោយមកគឺវិលទៅរកស្ថានភាពដើមដដែល ។
លើកនេះការប្រកាសកែសម្រួល ត្រូវបានធ្វើឡើងក្រោយពីចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានីភ្នំពេញ មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ជារៀងរាល់ថ្ងៃ ហើយ
ករណីកកស្ទះចរាចរណ៍ក៏តែងបង្កឡើងដោយរថយន្តធុនធំបត់ចេញចូលឃ្លាំងដែលនៅកណ្តាលក្រុង ។ មួយវិញទៀត បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកជិះម៉ូតូនៅលើដងផ្លូវផងដែរ ។
តម្រាយផ្លូវនៅក្នុងភូមិសាស្ត្រជាយរាជធានីភ្នំពេញ ដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរណ៍មិនសូវមមាញឹក ក៏បានែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមានការកកស្ទះ និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្តធុនធ្ងន់ ។
យោងតាមសេចក្ដីណែនាំស្តីពីការកែសម្រួលការធ្វើចរាចរណ៍របស់រថយន្តដឹកជញ្ជូនធុនធ្ងន់
គ្រប់ប្រភេទចេញចូលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម ៖
១-រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ប្រភេទគឺ ៖
ប្រភេទទី១-រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ កម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តកំណត់ត្រឹម១៦តោន អាចធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញបាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវហាមការធ្វើដំណើរនៅវេលាម៉ោង៥ដល់ម៉ោង៩ព្រឹក និងម៉ោង៤រសៀលដល់ម៉ោង៩យប់ ក្នុងភូមិសាស្ត្រចំនួន៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ។
ប្រភេទទី២-រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ឡើងទៅ កម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១តោន ឡើងទៅ ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍បានពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវាត់ក្រុងទី៣ និងអាចធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញនៅពេលយប់ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៥ព្រឹក ។ ប៉ុន្តែហាមធ្វើចរាចរណ៍ទាំងថ្ងៃនិងយប់ក្នុងភូមិសាស្ត្រ៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
២-ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់លិខិតអនុញ្ញតជាអាទិភាពដោយឡែក ដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់យានយន្តបានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ។
៣-សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus)គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការណែនាំអំពីម៉ោងពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក ។
៤-ចំពោះរថយន្តដែលត្រូវធ្វើចរាចរណ៍ចូលនិងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុង
ម៉ោងហាមឃាត់ ត្រូវចូលសំចតរង់ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំ
ពេញដែលមានស្រាប់ ស្ថិតនៅគ្រប់ច្រកចេញចូលផ្លូវជាតិទាំង ៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាតការឈប់សំចតរង់ចាំនៅតាមដងផ្លូវ ។
រដ្ឋបាលរាជធានីភ្នំពេញបានព្រមានថា នឹងឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែ
នាំម្ចាស់រថយន្ត ចំពោះករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំខាងលើ ៕
ចែករំលែកព័តមាននេះ