ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ពុល​នំ​ប៉័ង​សាច់​វៀតណាម, អាជ្ញា​ធរ​បិទ​ទ្វារ​ហាង​រយៈ​ពេល​៥​ខែ

2 ខែ មុន

ទី​ក្រុង​ហាណូយ​៖ នៅ​ទី​បំផុត​ ​ហាង​លក់​នំ​ប៉័ង​សាច់​ដ៏​សែន​ស្មោគ​គ្រោក​ គ្មាន​អនាម័យ​ ទាំង​សាច់​ ទាំង​បន្លែ និង​អ្នក​រៀប​ចំ​នំ​ប៉័ង​​ជូន​ភ្ញៀវ​​គ្មាន​ពាក់​ស្រោម​ដៃ​ទេ​ត្រូវ​អាជ្ញាធរ​ចុះ​បិទ​ទ្វារ​ហើយ។ ហាង​​​លក់​នំ​ប៉័ង​សាច់ និ​ងនំ​ប៉័ង​ប៉ាតេ​​១​កន្លែង​​នេះ​​​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ចុះ​ក្អួត​ស្ទើរ​ស្លាប់​ស្ទើរ​រស់​រាប់​​រយ​នាក់​។ ​អាជ្ញា​ធរ​ប្រាប់​ថា​ខ្លួន​បាន​​បិទ​ទ្វារ​​​នៅ​​ទី​ក្រុង​​វង់​តូ​១​កន្លែង​នេះ​…

ទី​ក្រុង​ហាណូយ​៖ នៅ​ទី​បំផុត​ ​ហាង​លក់​នំ​ប៉័ង​សាច់​ដ៏​សែន​ស្មោគ​គ្រោក​ គ្មាន​អនាម័យ​ ទាំង​សាច់​ ទាំង​បន្លែ និង​អ្នក​រៀប​ចំ​នំ​ប៉័ង​​ជូន​ភ្ញៀវ​​គ្មាន​ពាក់​ស្រោម​ដៃ​ទេ​ត្រូវ​អាជ្ញាធរ​ចុះ​បិទ​ទ្វារ​ហើយ។ ហាង​​​លក់​នំ​ប៉័ង​សាច់ និ​ងនំ​ប៉័ង​ប៉ាតេ​​១​កន្លែង​​នេះ​​​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ចុះ​ក្អួត​ស្ទើរ​ស្លាប់​ស្ទើរ​រស់​រាប់​​រយ​នាក់​។ ​អាជ្ញា​ធរ​ប្រាប់​ថា​ខ្លួន​បាន​​បិទ​ទ្វារ​​​នៅ​​ទី​ក្រុង​​វង់​តូ​១​កន្លែង​នេះ​ (Vung Tau) និង​ពិន័យ​ជា​ប្រាក់​១២៥​លាន​ដុង​ ឬ​ស្មើ​នឹង​៤៩១០​ដុល្លារ​​ក្រោយ​ពេល​មនុស្ស​៣៤២​នាក់​ដែល​បរិភោគ​អាហារ​នៅ​ហាង​នេះ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​។

អ្នក​ខ្លះ​​បន្តោក​សេរ៉ូម​ជា​ច្រើន​កំ​ប្លោក​​ និង​ចាក់​ថ្នាំ​អស់​ជា​ច្រើន​ម្ជុល​ទម្រាំ​បាន​ស្រួល​ខ្លួន​ឡើង​វិញ​​។ អាជ្ញាធរ​​សម្រេច​បិទ​​​​​ហាង​នេះ​រយៈ​ពេល​៥​ខែ​​​ដើម្បី​ទុក​ជា​ការ​ព្រមាន​​។ ​ហាង​នេះ​​មាន​យីហោ​ «គោបា» (Co Ba) ស្ថិត​នៅ​តាម​ដង​វិថី​ង្វៀន​អាន​និញ​ (Nguyen An Ninh) ជាប់​នឹង​មាត់​សមុទ្រ​​។ អាជ្ញា​ធរ​រក​ឃើញ​ថា​ហាង​នេះ​បាន​ប្រព្រឹត្ត​កំហុស​៤​យ៉ាង​៖ ទី​១-​លក់​ចំណី​អាហារ​ធ្វើ​ឱ្យ​ពុល​មនុស្ស​​, ​ទី២-​បើក​ហាង​លក់​ដូរ​គ្មាន​ស្នើ​សុំ​​លិខិត​ទទួល​ស្គាល់​សុវត្ថិ​ភាព​ចំណី​អាហារ​, ទី​៣-​អ្នក​ចាប់​អាហារ​ជូន​ភ្ញៀវ​ប្រើ​ដៃ​​ទទេ គ្មាន​ពាក់​ស្រោម​ ធ្វើ​ឱ្យ​គគ្រេច​ទៅ​លើ​ចំណី​អាហារ​ និង​​ទី​៤-​បំពាន​គោល​ការណ៍​ណែ​នាំ​ស្ដី​ពី​សុវត្ថិ​ភាព​ចំណី​អាហារ​។​

ម្ចាស់​ហាង​ត្រូវ​រ៉ាប់​រង​ចំណាយ​​លើ​ថ្នាំ​ពេទ្យ និង​សេវា​ព្យាបាល​​ជន​រង​គ្រោះ​​​។ សូម​រំលឹក​​​ថា​ករណី​ពុល​ចំណី​អា​ហារ​នៅ​ហាង​ខាង​លើ​នេះ​កើត​ឡើង​​កាល​ពី​​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។ គេ​ឃើញ​​អតិ​ថិ​​ជន​​កុម្ម៉ង់​នំ​ប៉័ង​​​សាច់​ច្រើន​ប្រភេទ​ដូច​ជា​៖ នំ​ប៉័ង​​ដាក់​សាច់​ជ្រូក​​,​ នំ​ប៉័ង​​ប៉ាតេ​​​ និង​នំ​ប៉័ង​​សាច់​ក្រក​ លាយ​ជា​មួយ​​បន្លែ​ឆៅ​ (ហេង​ស៊យ​បន្លែ​ទាំង​នោះ​មិន​បាន​លាង​ទឹក​ទេ​ព្រោះ​ប្រញាប់​ដោយ​សារ​លក់​ដាច់​ពេក​​)។ ញ៉ាំ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ពួក​​គេ​ចាប់​ផ្ដើម​មាន​អការៈ​ធ្វើ​ទុក្ខ​១​រំពេច​ដូច​ជា​ចុក​ពោះ​, ក្ដៅ​ខ្លួន​ និង​រាក​រូស​។

ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ អតិថិជន​ដែល​ញ៉ាំ​នំប៉័ង​សាច់​នៅ​ហាង​នេះ​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ច្រើន​ឡើង​ៗ​មិន​ថា​ក្មេ​ង​តូច​ៗ, មនុស្ស​ចាស់​, ស្ត្រី​មាន​គភ៌​ និង​ជន​មាន​ពិការ​ភាព​​នោះ​ទេ​។ មាន​ករណី​បុរស​ម្នាក់​អាយុ​៧១​ឆ្នាំ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ទៅ​ៗ​រហូត​ដល់​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​លែង​បាន​។ គាត់​ក៏​ស្លាប់​ទៅ​​។ ​មុន​ពេល​ស្លាប់​ គាត់​បាន​បរិភោគ​នំ​ប៉័ង​សាច់​នៅ​ក្នុង​ហាង​នេះ​។

អាជ្ញា​ធរ​បាន​ចុះ​ត្រួត​ពិនិត្យ​រួច​ហើយ​ ហើយ​រក​ឃើញ​ថា​ករណី​ពុល​ចំណី​អាហារ​នេះ​បណ្ដាល​មក​ពី​បាក់​តេរី​សាម៉ូណេឡា​ និង​អ៊ី​ខូឡាយ (Salmonella & E. Coli)​។ មេរោគ​នេះ​នៅ​ពេល​គេ​ប្រើ​មីក្រូ​ទស្សន៍​ឆ្លុះ​មើល​ទៅ​ឃើញ​ថា​ពួក​វា​​រាត​ត្បាត​ពាស​ពេញ​សាច់​ជ្រូក, សាច់​ប៉ាតេ និង​បន្លែ​ឆៅ​។ មេរោគ​ទាំង​២​ប្រភេទ​នេះ​រស់​នៅ​ក្នុង​ពោះ​វៀន​ធំ​របស់​មនុស្ស​។ វា​ជួយ​ដល់​ការ​រំលាយ​អាហារ​។ ប៉ុន្តែ​បើ​មនុស្ស​បរិភោគ​អាហារ​មាន​មេរោគ​នេះ​ វា​នឹងធ្វើ​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រហូត​ដល់​ស្លាប់​ក៏​មាន​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ