ទីក្រុងសេអ៊ូល៖ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងប្រកាសលាលែងពីតំណែងរួចមក រដ្ឋមន្ត្រីដទៃទៀតនៅក្នុងរដ្ឋាភិបាលរបស់លោកយូនស៊ុកយូលត្រៀមដាក់ពាក្យលាលែងជាបន្តបន្ទាប់។ នៅពេលនេះ លោកយូនខ្លួនឯងទទួលរងសម្ពាធកាន់តែខ្លាំងពីក្រុមប្រឆាំង និងមហាជនឱ្យចុះចេញពីតំណែងដោយសារតែទង្វើខុសឆ្គងរបស់គាត់ដែលប្រកាសប្រើច្បាប់អាជ្ញាសឹក។
ទោះបីក្រោយមក លោកបានលុបចោលច្បាប់នោះវិញ ប៉ុន្តែអំពើដែលបានសាងរួចទៅហើយមិនអាចបង្វិលពេលវេលាឱ្យថយក្រោយវិញឡើយ។ ពាក្យចាស់ថាជ្រុលក្បាលក្រពើ។ នៅសុខៗ លោកយូនស៊ុកយូលប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងស្ថានភាពដែលប្រទេសជាតិគ្មានអាសន្នអន្ធក្រគួរឱ្យកត់សម្គាល់ទេ។ លោកទទួលបានការគាំទ្រពីរដ្ឋមន្ត្រីការពារជាតិ។
ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងអប់រំ ហិរញ្ញវត្ថុ និងយុត្តិធម៌នៅក្នុងចំណោមរដ្ឋមន្ត្រីដទៃទៀតត្រៀមចុះចេញពីតំណែងដោយសារតែពួកគេមិនអាចតស៊ូទទួលយកសេចក្ដីអាម៉ាស់ និងបន្តធ្វើការជាមួយលោកយូនស៊ុកយូលតទៅទៀតបាន។ ម៉្យាងទៀត ពួកគេយល់ថាមានតែការចុះចេញពីតំណែងទេទើបអាចលុបលាងកំហុសនេះបាន។
ក្រុមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងបានបញ្ជូនពាក្យស្នើសុំដកតំណែងលោកយូនស៊ុកយូលទៅសភារួចហើយបន្ទាប់ពីមានភាពចលាចលមួយគ្រាកាលពីថ្ងៃអង្គារ។ គេរំពឹងថាយ៉ាងយូរត្រឹមថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្ដាហ៍នេះ សភានឹងកោះប្រជុំដើម្បីពិនិត្យ និងសម្រេចទៅលើការស្នើសុំនោះ។ អ្នកដែលចេញមុខប្រឆាំងនឹងច្បាប់អាជ្ញាសឹកខ្លាំងជាងគេគឺគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង។ ពួកគេចោទប្រកាន់ថាលោកយូនស៊ុកយូលរំលោភរដ្ឋធម្មនុញ្ញ។ ដូច្នេះ គាត់ត្រូវតែចុះចេញពីតំណែង។
សូមរំលឹកថាកាលពីក្បាលព្រលប់ថ្ងៃអង្គារ លោកយូនស៊ុកយូលធ្វើឱ្យគេស្រឡាំងកាំងគ្រប់ៗគ្នានៅពេលលោកថ្លែងសុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលតាមកញ្ចក់ទូរទស្សន៍អំពីការសម្រេចចិត្តប្រើច្បាប់អាជ្ញាសឹក។ នៅក្នុងសុន្ទរកថានោះ លោកចោទប្រកាន់ថាក្រុមប្រឆាំងមានសមានចិត្តចំពោះកូរ៉េខាងជើង និងធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលជានិច្ច។ លោកអះអាងថាការប្រើច្បាប់អាជ្ញាសឹកដើម្បីកម្ទេចក្រុមគាំទ្រកូរ៉េខាងជើង និងការពារសេរីភាពប្រកបដោយសណ្ដាប់ធ្នាប់ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
មិនយូរប៉ុន្មាន រដ្ឋសភាបោះឆ្នោតជំទាស់នឹងច្បាប់អាជ្ញាសឹក និងបង្គាប់ឱ្យលោកយូនស៊ុកយូលលុបចោលច្បាប់នោះវិញជាបន្ទាន់។ រហូតដល់ព្រឹកថ្ងៃពុធទើបលោកប្រកាសលុបចោលជាផ្លូវការ។ សូម្បីតែប្រធាន «គណបក្សអំណាចប្រជាជន» របស់លោកយូនស៊ុកយូលក៏ស្នើសុំឱ្យលោកពន្យល់មូលហេតុនៃការប្រើច្បាប់អាជ្ញាសឹកផងដែរ។ ប្រធានគណបក្សរូបនេះបានស្នើសុំឱ្យដកតំណែងរដ្ឋមន្ត្រីការពារជាតិពីបទបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
រដ្ឋមន្ត្រីការពារជាតិ លោកគីមយ៉ុងយុន (Kim Yong-hyun) ធ្លាប់ជាមេអង្គរក្សរបស់លោកយូនស៊ុកយូល និងជាជំនួយការដ៏ជំនិតម្នាក់របស់លោកយូន។ លោកទើបតែស្បថចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ២០២៤ប៉ុណ្ណោះ។ ក្រសួងការពារជាតិបញ្ជាក់ថារដ្ឋមន្ត្រីរូបនេះហើយជាមេគំនិត និងជាអ្នកជូនយោបល់ទៅលោកយូនស៊ុកយូលដើម្បីប្រើច្បាប់អាជ្ញាសឹក៕
ចែករំលែកព័តមាននេះ