រាជធានីភ្នំពេញ ៖ ក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា “ក្រមា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27 ។
“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនាជាដើម។ល។
កន្លងមកកម្ពុជា បានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦ មរតក រួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវគោលនយោបាយអាទិភាពសម្រាប់វិស័យ អភិរក្ស ការពារ និងអភិវឌ្ឍមរតកវប្បធម៌ជាតិ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាអនេកចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមការងារជំនាញ អង្គការ សហគមន៍តម្បាញទូទាំងប្រទេស ដែលបានជួយជ្រោមជ្រែង កសាងឯកសាររហូតទទួលបានជោគជ័យក្នុងការដាក់បញ្ចូល “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដែលជាមោទនភាពថ្មីបន្ថែមសម្រាប់ជាតិខ្មែរទាំងមូល ៕
ចែករំលែកព័តមាននេះ