ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែប្រាក់ធានារ៉ាប់រងជាង១លានដុល្លារ ​ប្តី​ផ្តា.ច់​ជីវិតប្រពន្ធ​នៅ​លើសាឡាង

1 ថ្ងៃ មុន

ប្រទេសចិន ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤…

ប្រទេសចិន ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានរាយការណ៍អំពីរឿងរ៉ាវឃាតកម្មដ៏កក្រើកប្រទេសចិន ដោយបុរសជនជាតិចិនម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីបានច្រានប្រពន្ធពីសាឡាងធ្លាក់ចូលទៅក្នុងសមុទ្រ ហើយព្យាយាមទាមទារប្រាក់សំណងធានារ៉ាប់រងអាយុជីវិតរបស់ប្រពន្ធ ដើម្បីយកទៅសងបំណុលគេផង និងយកទៅរកសេវាកម្មផ្លូវភេទផង។

បើតាមទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសជាប្តីមាននាមត្រកូលថា លី អាយុ៤៧ឆ្នាំ ត្រូវបានផ្តន្ទាទោសដំបូងពីបទមនុស្សឃាតដោយចេតនា ពីតុលាការប្រជាជនជាន់ខ្ពស់ខេត្តលាវនីង (Liaoning) កាលពីខែធ្នូ ឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ អ្វីៗនៅមិនច្បាស់ថា តើការកាត់ទោសត្រូវបានអនុវត្តហើយឬនៅនោះទេ?

រឿងហេតុបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខណៈពេលដែលកំពុងធ្វើដំណើរតាមសាឡាងពីទីក្រុងតាលៀន (Dalian) ខេត្តលាវនីង ភាគឦសានប្រទេសចិនទៅទីក្រុងយ៉ាតៃ (Yantai) ខេត្តសានទុង (Shandong) ភាគខាងកើត ស្រាប់តែប្រពន្ធលោក លី បានធ្លាក់ពីសាឡាងចូលទៅក្នុងសមុទ្រ។ ប្រមាណ៤៥នាទីក្រោយមក ក្រុមអ្នកសង្គ្រោះបានរកឃើញសាកសពស្ត្រីរងគ្រោះ ស្របពេលបុរសជាប្តីពេលដឹងដំណឹងថាប្រពន្ធស្លាប់ ក៏យំស្រែកបោកខ្លួនទាំងតក់ស្លុតជាទីបំផុត។

បើទោះបីជាមានការអះអាងពីបុរសជាប្តីថា ឧបទ្ទវហេតុនេះកើតឡើងដោយចៃដន្យយ៉ាងក៏ដោយ ប៉ុន្តែប៉ូលិសកាន់តែមានការសង្ស័យខ្លាំង ដោយសារទីតាំងជនរងគ្រោះធ្លាក់នោះ គឺងងឹតខ្លាំងដាច់ចេញពីប្រព័ន្ធឃ្លាំមើលសាឡាង ដែលមានកាមេរ៉ាជាង២០០គ្រាប់។ ចំណែកអ្នកជំនាញផ្នែកកោសល្យវិច្ច័យក៏រកឃើញស្នាមជាំនៅលើមុខរបស់ស្រ្តីជាប្រពន្ធផងដែរ។ ជាងនេះទៅទៀត លោក លី ស្រាប់តែមានបំណងចង់ស្នើសុំសំបុត្រមរណៈភាពប្រពន្ធគាត់ពីប៉ូលិសឱ្យបានលឿន ប៉ុន្តែមន្ត្រីក្នុងតំបន់តម្រូវឱ្យបូជាសពក្នុងរយៈពេលបីថ្ងៃជាមុនសិន។

ប៉ូលិសបានអញ្ជើញលោក លី ទៅទីក្រុងតាលៀន ដោយសន្យាថានឹងផ្តល់សំបុត្រមរណៈភាព ខណៈប៉ូលិសបានបញ្ជូនមន្រ្តីជំនាញខ្លួនទៅទីក្រុងសៀងហៃ ជាកន្លែងលោក លី កំពុងរស់នៅ ដើម្បីស៊ើបអង្កេត។ ជាលទ្ធផលបង្ហាញថា លោក លី បានបើកភោជនីយដ្ឋានមួយនៅទីក្រុងសៀងហៃ ប៉ុន្តែជារឿយៗជំពាក់លុយប្រាក់ខែបុគ្គលិក និងដៃគូរកស៊ីរបស់គាត់។

ការស៊ើបអង្កេតប៉ូលិសក៏រកឃើញថា លោក លី គឺជាកម្លោះចាស់បានរៀបការ កាលពីខែតុលា ឆ្នាំ ២០២០ ជាមួយប្រពន្ធគាត់អាយុ៤៦ឆ្នាំ ដែលជាស្ត្រីមេម៉ាយមានកូនពីរនាក់ ពោលគឺ៦ខែ មុនពេលស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិត ខណៈស្ត្រីរងគ្រោះបានបម្រើការនៅភោជនីយដ្ឋានរបស់ប្តី តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ូលិសរកឃើញទៀតថា បណ្តាបុគ្គលិកភោជនីយដ្ឋានមិនបានដឹងពីការរៀបអាពាហ៍ពិពាហ៍របស់ទាំងពីរនោះទេ ហើយអ្នកជិតខាងបានកត់សម្គាល់ឃើញថា ប្តីប្រពន្ធ១គូនេះ ហាក់ដូចជាមិនមានទំនាក់ទំនងជិតស្និតនឹងគ្នាទាល់សោះ។ អំឡុងពេលការស៊ើបអង្កេត ប៉ូលិសក៏រកឃើញថា លោក លី មានមិត្តស្រីអាយុ១៩ឆ្នាំម្នាក់ផងដែរ។

លោក លី បានទៅរកសេវាកម្មផ្លូវភេទ ពោលត្រឹមតែកន្លះខែប៉ុណ្ណោះ បន្ទាប់ពីការស្លាប់របស់ប្រពន្ធគាត់ នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ដែលជាការរៀបចំដោយប៉ូលិស ពេលនោះហើយដែលលោក លី ត្រូវបានចាប់ខ្លួន ដោយក្រុមប៉ូលិសឃ្លាំមើល។ ប៉ូលិសបានរកឃើញថា លោក លី ជាប់បំណុលជាង១លានយ័ន ស្មើនឹង១៤០,០០០ដុល្លារអាមេរិក ដោយបានទិញធានារ៉ាប់រងអាយុជីវិតចំនួន៤​ច្បាប់សម្រាប់ប្រពន្ធគាត់ ពោលគឺពីរខែបន្ទាប់ពីរៀបការ ហើយបានដាក់ឈ្មោះខ្លួនឯងជាអ្នកទទួលផលតែម្នាក់គត់។ ប្រសិនបើប្រពន្ធគាត់ស្លាប់ដោយគ្រោះថ្នាក់ណាមួយ សំណងរួមពីគោលនយោបាយធានារ៉ាប់រងទាំងនោះ អាចសរុបជាទឹកប្រាក់រហូតដល់ ១.៦លានដុល្លារអាមេរិក។

លោក លី ត្រូវបានចាប់ខ្លួន ប៉ុន្តែគាត់នៅតែបន្តអះអាងថា គ្មានកំហុស។ ប៉ូលិសបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកកោសល្យវិច្ច័យ ដើម្បីពិនិត្យវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាព មានទីតាំងឆ្ងាយពីកន្លែងកើតហេតុ។ អ្នកជំនាញកំណត់ថា របៀបដែលជនរងគ្រោះដួលធ្លាក់នោះបានបង្ហាញថា នាងត្រូវបានគេច្រាន ជាជាងធ្លាក់ដោយចៃដន្យ។ ស្របពេលក្នុងវីដេអូបានកំណត់អត្តសញ្ញាណដៃមនុស្សម្នាក់ទៀតពាក់អាវពណ៌ខ្មៅ ចំពេលលោក លី បានស្លៀកឈុតពណ៌ខ្មៅនៅថ្ងៃនោះ។

លោក លី ត្រូវបានកាត់ទោសប្រហារជីវិតពីបទមនុស្សឃាត ក្នុងការកាត់ក្តីលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ហើយតុលាការជាន់ខ្ពស់បានតម្កល់សាលក្រមនេះ បន្ទាប់ពីការប្តឹងឧទ្ធរណ៍៕ ប្រភព ៖ South China Morning Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ