ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​​ទាំងនេះ​នឹង​លេចឡើង ​នៅ​ពេល​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់

14 ម៉ោង មុន

ទឹកជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ និង​ទ្រទ្រង់​ជីវិត​មនុស្ស​គ្រប់​រូប ។ ពេល​ខ្លះ​ទឹក​ធម្មតា​មួយ​កែវ​អាច​ផ្ដល់​ភាព​ស្រស់ស្រាយ​បាន​ល្អ​ជាង​កាហ្វេ ឬ​ទឹកក្រូច​កំប៉ុង​ទៀត​ផង ។ អ្នក​ជំនាញ​​ជា​ច្រើន​ណែនាំ​ឲ្យ​ទទួលទាន​ប្រមាណ​ជា​២​លី​ត្រ ឬ​ពី​៨ ទៅ​៩​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​បាន​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​បញ្ហា ផ្សេង​ៗ…

ទឹកជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ និង​ទ្រទ្រង់​ជីវិត​មនុស្ស​គ្រប់​រូប ។ ពេល​ខ្លះ​ទឹក​ធម្មតា​មួយ​កែវ​អាច​ផ្ដល់​ភាព​ស្រស់ស្រាយ​បាន​ល្អ​ជាង​កាហ្វេ ឬ​ទឹកក្រូច​កំប៉ុង​ទៀត​ផង ។ អ្នក​ជំនាញ​​ជា​ច្រើន​ណែនាំ​ឲ្យ​ទទួលទាន​ប្រមាណ​ជា​២​លី​ត្រ ឬ​ពី​៨ ទៅ​៩​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​បាន​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​បញ្ហា ផ្សេង​ៗ ។

ទោះជា​យ៉ាងណា ភាគច្រើន​នៃ​ពួក​យើង​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់​ជា​ប្រចាំ​ឡើយ​។ អាការ​ដែល​នឹង​លេចឡើង​នៅ​ពេល​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ៖

១-ស្ងួត​មាត់ ៖ នោះ​ក៏​ព្រោះតែ​ជា​ធម្មតា​ការ​ទទួលទាន​ទឹក​ជួយ​សម្រួល​ដល់​ភ្នាស​ទឹករំអិល​ក្នុង​មាត់ និង​បំពង់ក ដែល​ធ្វើ​ឱ្យ​មាត់​មាន​សំណើម​ជាប់​រហូត​ជាមួយ​ទឹកមាត់ ។ ដូច្នេះ​ហើយ​ទើប​ក្នុង​មាត់ និង​បំពង់ក​ប្រែជា​ស្ងួត​នៅ​ពេល​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ។

២-ស្បែក​ស្ងួត ៖ ស្បែក គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៃ​រាង​កាយ ដូច្នេះ​វា​ត្រូវការ​រក្សា​បាន​នូវ​ជាតិ​សំណើម ឬ​ជាតិ​ទឹក​ជាប់​ជា​និច្ច ។ ជា​ញឹកញយ ស្បែក​ស្ងួត​ជា​អាការ​ដែល​លេចឡើង​ដំបូង​បំផុត​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ដែល​បង្ក​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​ផ្សេង​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត​កង្វះ​ជាតិ​ទឹក​មាន​ន័យ​ថា កង្វះ​ញើស​ជា​ហេតុ​បណ្ដាល​ឱ្យ​រាង​កាយ​អសមត្ថភាព​ក្នុង​ការ​សម្អាត​ភាព​កង្វក់ និង​ប្រេង​ដែល​បាន​ប្រមូលផ្ដុំ ។

៣-ស្ងួត​ភ្នែក ៖ ការ​ទទួលទាន​ទឹក​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​តែ​លើ​មាត់​, បំពង់ក និង​ស្បែក​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​ទាំង​ភ្នែក​ផង​ដែរ ។ ការ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​អាច​បណ្ដាល​ឱ្យ​ភ្នែក​ប្រែជា​ស្ងួត និង​ក្រហម ។ កង្វះ​នៃ​ជាតិ​ទឹក​ក្នុង​រាង​កាយ ក៏​ប៉ះពាល់​ដល់​ក្រពេញ​ទឹកភ្នែក​ផង​ដែរ ។

៤-ឈឺសន្លាក់ ៖ ឆ្អឹងខ្ចី និង​ឆ្អឹងខ្នង​បាន​បង្កើត​ឡើង​ពី​ជាតិ​ទឹក​ប្រមាណ​៨០​ភាគរយ ។ ទឹក គឺ​ចាំបាច់​ណាស់​ក្នុង​ការ​រក្សា​ឆ្អឹង​ពី​ការ​សង្កៀត​គ្នា​នៅ​ពេល​យើង​ធ្វើ​ចលនា ។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ឈឺសន្លាក់​ជាក់​ជា​មិន​ខាន​ក្រោយ​ពេល​ចលនា​ភ្លាម​ៗ​ដូច​ជា រត់ ឬ​លោត ។

៥-បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ៖ ទឹក​ជួយ​សម្រួល​ដល់​ដំណើរការ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ។ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​នោះ​បរិមាណ​នៃ​ជាតិ​រំអិល​ក្នុង​ក្រពះ​ត្រូវ​កាត់​បន្ថយ​ដែល​បណ្ដាល​ឱ្យ​អាស៊ីត​ក្រពះ​អាច​បង្ក​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​ខាងក្នុង​នៃ​រាង​កាយ​ដូច​ជា ក្រហាយ​ទ្រូង និង​ពិបាក​រំលាយ​អាហារ ។

៦-អស់កម្លាំង ៖ នៅ​ពេល​រាង​កាយ​ជួប​ប្រទះ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​នោះ​វា​នឹង​ខ្ចី​ជាតិ​ទឹក​ពី​ឈាម ហើយ​កង្វះ​ជាតិ​ទឹក​ក្នុង​ឈាម​នាំ​ឱ្យ​ខ្វះ​អុក​ស៊ី​សែន​ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ក្នុង​រាង​កាយ ។ កង្វះ​នៃ​អុក​ស៊ី​សែន​ក្នុង​រាង​កាយ​នឹង​បណ្ដាល​ឱ្យ​ងងុយគេង ហើយ​អស់កម្លាំង​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ងងុយគេង និង​អស់កម្លាំង ចូរ​ទទួលទាន​ទឹក​មួយ​កែវ​ភ្លាម ។

៧-ឈឺ​រមួល​សាច់ដុំ ៖ សាច់ដុំ​ត្រូវការ​ជាតិ​ទឹក​ដើម្បី​ដំណើរការ​មុខងារ​បាន​ប្រសើរ និង​ត្រឹមត្រូវ ។ ប្រសិន​បើ​អ្នក​ទទួលទាន​ទឹក​មិន​បាន​ច្រើន​ជាង​១​កែវ​ក្នុង​មួយ​ថ្ងៃ នោះ​អ្នក​កំពុង​ធ្វើ​ឲ្យ​សាច់ដុំ​បាត់បង់​នូវ​អ្វី​ដែល​វា​ត្រូវការ​ហើយ ។ ជា​លទ្ធផល​អ្នក​នឹង​ជួប​ប្រទះ​ការ​ឈឺចាប់​រមួល​សាច់ដុំ និង​ខ្សោយ​សាច់ដុំ​ផង​ដែរ ។

៨-ទល់លាមក ៖ ផល​ប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​នោះ គឺ​ទល់លាមក ។ ជា​ពិសេស​ប្រសិនបើ​របប​អាហារ​របស់​អ្នក​គ្មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ហើយ​អ្នក​ចំណាយពេល​អង្គុយ យូរ​ៗ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ