ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​ឱ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​មាន​ក្រមសីលធម៌​និង​ចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ

1 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​លើកកម្ពស់​គុណភាព​វិជ្ជាជីវ​: ​ប្រកបដោយ​ក្រមសីលធម៌ ក្នុង​វិស័យសុខាភិបាល ជា​ច​លករ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​នា​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត ក្រុម​គ្រូពេទ្យ​ទាំងអស់ ​ត្រូវ​បន្ត​ការ​ទទួលខុសត្រូវ​ប្រកបដោយ​ក្រមសីលធម៌ និង​ចុះបញ្ជី​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​បាន​គ្រប់​ចំនួន…

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​លើកកម្ពស់​គុណភាព​វិជ្ជាជីវ​: ​ប្រកបដោយ​ក្រមសីលធម៌ ក្នុង​វិស័យសុខាភិបាល ជា​ច​លករ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​នា​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត ក្រុម​គ្រូពេទ្យ​ទាំងអស់ ​ត្រូវ​បន្ត​ការ​ទទួលខុសត្រូវ​ប្រកបដោយ​ក្រមសីលធម៌ និង​ចុះបញ្ជី​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​បាន​គ្រប់​ចំនួន សម្រាប់​មន្ទីរពហុ​ព្យាបាល​ឯកជន​នានា ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត លិ គឹ​ម ហ៊ួ ប្រធាន​គណ​:​គ្រូពេទ្យ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៩ ដែល​បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ ។ លោក​វេជ្ជបណ្ឌិត លិ គឹ​ម​ហ៊ួ បាន​ថ្លែង​ថា គ្រូពេទ្យ​ដែល​បាន​បំពេញការងារ​កន្លង​មក​ប្រកបដោយ​វិជ្ជាជីវ​: ប្រកបដោយ​លទ្ធផល​ល្អ​ប្រសើរ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​តិចតួច មាន​ភាព​ចន្លោះ​ប្រហោង ដែល​ទាមទារ​ឱ្យ​ក្រុម​គ្រូពេទ្យ​ទាំងអស់​ត្រូវ​បំពេញបន្ថែម ទាំង​លើ​វិសាលភាព​ផ្លូវច្បាប់ និង​ក្រម​វិជ្ជាជីវ​:​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​ទៅ​តាម​តម្រូវការ​របស់​សង្គម​ជាតិ ក៏​ដូច​ជា​អតិថិជន​ដែល​មក​ទទួល​សេវា​ព្យាបាល ។

លោក​ប្រធាន​គណៈ​គ្រូពេទ្យ​ខេត្ត បាន​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៩ នៅ​ខេត្ត​ព្រះ​សីហ​នុនា​ពេល​នេះ គឺ​ស្វែងរក​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ដែល​គណៈ​គ្រូពេទ្យ​បាន​អនុវត្ត​នា​ពេល​កន្លង​មក ។ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​នេះ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​តូច ដែល​ត្រូវកែ​លម្អ​ដូច​ជា គ្រូពេទ្យ​ដែល​ទើបនឹង​បញ្ចប់​ការសិក្សា​ថ្មី​ៗ​ពុំ​សូវ​យល់​ជ្រួតជ្រាប​អំពី​ច្បាប់ និង​បទបញ្ជា​ផ្ទៃក្នុង ពិបាក​ក្នុង​ការ​វិនិច្ឆ័យ សញ្ញាបត្រ​មួយ​ចំនួន​តូច​មាន​លក្ខណៈ​ស្មុគស្មាញ ជា​ពិសេសសញ្ញាបត្រ​របស់​គ្រូពេទ្យ​ជា​ជនជាតិ​បរទេស ។​ភាព​អសកម្ម​របស់​សមាជិក​ក្នុង​ការ​បរិច្ចាគ​ពេលវេលា ដើម្បី​ចូលរួម​ប្រជុំ​ទទួលយក​ព័ត៌មាន ក៏​ដូច​ជា​ការ​ស្រាវជ្រាវ ក្នុង​ការ​បង្កើន​នូវ​គុណវុឌ្ឍិ​សម្រាប់​ការ​ផ្តល់​សេវា​សុខាភិបាល ។

លោក​បន្ត​ទៀត​ថា ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​ព្រះ​សីហ​នុ មាន​ទិស​ដៅ​បន្ត​រួម​មាន ៖-​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទំ​លំ​ទូលាយ នូវ​សេចក្តីសម្រេច សេចក្ដីណែនាំ និង​ច្បាប់​ថ្មី​ៗ របស់​គណៈ​គ្រូពេទ្យ​ជាតិ បន្ត​លើកទឹកចិត្ត​និង​ជំរុញ​ដល់​គ្រូពេទ្យ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ ករណី​សិក្សា​ឲ្យ​កាន់តែ​មាន​លក្ខណ​:​ល្អ​ប្រសើរ ។-​ជំរុញ​ការ​បន្ត​សុពលភាព​របស់​សមាជិក​ឲ្យកាន់តែ​ល្អ ស្រប​តាម​សេចក្ដីណែនាំ និង​បទបញ្ជាផ្ទៃក្នុង​របស់​គណៈ​គ្រូពេទ្យ​ជាតិ ជំរុញ​ឲ្យ​មាន​ទិវាអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​២​ដង​ក្នុង​១​ឆ្នាំ ។-​បន្ត​ជំរុញ​ក្រុមការងារ​ឱ្យ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​សុខាភិបាល​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។

-​បន្ត​ចូលរួម​ជួយ​ដោះស្រាយ​នូវ​រាល់​បា​តុភាព​ជាយថាហេតុ ឱ្យ​បាន​ដល់​សមាជិក​គណៈ​គ្រូពេទ្យ​ខេត្ត នៅ​តាម​បណ្តា​មូលដ្ឋាន​សុខាភិបាល​សាធារណ​: និង​សេវា​ឯកជន ។ ចំពោះ​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​ក្រុមប្រឹក្សាគណៈ​គ្រូពេទ្យ​ខេត្ត​ទទួល​បាន ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត ក៏​ដូច​ជា​លោក លោកស្រី ក្រុម​គ្រូពេទ្យ​ទាំងអស់ ជា​ពិសេស​លទ្ធផល​ជា​វិជ្ជមាន​នេះ​ពិត​បាន​មក​ពី​ការ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​យ៉ាង​ចិត្ត​ទុកដាក់​របស់​គណៈ​គ្រូពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

លោក សែ​ជូ សិទ្ធិ​ជោត្តិ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ថ្លែង​ថា គ្រប់​កិច្ចការ​និង​កំហុសឆ្គង​ទាំងអស់​របស់​ក្រុម​គ្រូពេទ្យ ចាំបាច់​ត្រូវ​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពីគណ​:​គ្រូពេទ្យ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្របសម្រួល​នូវ​គ្រប់​ដំណោះស្រាយ ជា​ពិសេស​លើ​ផ្នែក​ច្បាប់ ។ លោក​បាន​បន្ថែម​ថា ក្នុង​នាម​គណ​:​គ្រូពេទ្យ ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​នៅ​គ្រប់​ទីតាំង​ប្រកប​អាជីវ​កម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល ដើម្បី​ជៀសវាង​នូវ​ភាព​មិន​ប្រក្រតី​ចំពោះ​ទីតាំង​មួយ​ចំនួន ដែល​ពុំ​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​បើក​អាជីវកម្ម ។

​យោង​តាម​ការ​សង្កេត​កន្លង​មកក្រសួង​បាន​រក​ឃើញ​ថា មាន​ទីតាំង​មួយ​ចំនួន ប្រកប​អាជីវកម្ម​លើស​ពី​ការ​អនុញ្ញាត​របស់​ក្រសួង ដោយ​ទទួល​ព្យាបាល​អ្នកជំងឺ​គ្រប់​ប្រភេទ ដែល​ពុំ​មែន​ជា​ជំនាញ​ឯកទេស​របស់​ខ្លួន និង​បង្ក​ឱ្យ​មាន​បញ្ហា​នា​ពេល​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ