ខេត្តកំពត ៖ ក្រោយមានការភ្ញាក់ផ្អើលថា ផ្ការាំទឹករាំដុះក្នុងល្អាងភ្នំ អាជ្ញាធរស្រុកទឹកឈូបានចុះទៅពិនិត្យ ដែលដឹកនាំដោយលោកអុឹម ចន្ទ័សោធន អភិបាលស្រុកទឹកឈូ រួមដំណើរលោកអភិបាលរងស្រុក មន្ត្រីសាលាស្រុក និងនគរបាលប៉ុស្តិ៍ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី2 ធ្នូ ឆ្នាំ2024 បានចុះទៅក្នុងល្អាងភ្នំសេដាអោន ឬភ្នំក្បាលរមាស ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ដើម្បីចូលទៅទៅពិនិត្យមើលរុក្ខជាតិមួយប្រភេទដែលគេភ្ញាក់ផ្អើលថាជាផ្ការាំទឹករាំដុះក្នុងរូងភ្នំ ។
លោកអុឹម ចន្ទ័សោធន អភិបាលស្រុកទឹកឈូ បាននិយាយប្រាប់អោយដឹងថាការចុះទៅពិនិត្យមើលរុក្ខជាតិផ្ការាំទឹករាំនៅក្នុងរូងភ្នំនោះ ពិតជាបានឃើញជាក់ស្ដែងមែន ។
លោកអភិបាលស្រុកទឹកឈូ បានចាត់ទុកថានេះជាដើមរុក្ខជាតិមួយដ៍កម្រ ហើយក៏មិនដែលជួបប្រទះដែរ ។ លោកបានបន្តថា ផ្ការាំទឹករាំដុះក្នុងរូងភ្នំនេះ នាខែត្រជាក់ទើបវាដុះចេញតែក្នុងរយៈពេល10ថ្ងៃទៅ15ថ្ងៃ រុក្ខជាតិដ៏កម្រមួយនេះអាចនឹងក្រៀមស្វិតទៅវិញ ។
លោកអភិបាលស្រុកទឹកឈូ ក៏បានណែនាំអោយអ្នកនាំភ្ញៀវ រក្សានិងការពារកន្លែងផ្ការាំទឹករាំនេះទុកគ្រាន់មានបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ មកលេងកម្សាន្តក្នុងល្អាងភ្នំ ចង់ទស្សនាអោយបានឃើញទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ