ប្រទេសចិន ៖ អាជ្ញាធរប្រទេសចិន កំពុងប្រកួតប្រជែងជាមួយនឹងការធ្លាក់ចុះប្រាក់យន់ ខណៈដែលបណ្តាធនាគារវិនិយោគពិភពលោកមួយចំនួនព្យាករណ៍ថា រូបិយប័ណ្ណចិន នឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ផ្អែកលើការរំពឹងទុក បន្ទាប់ពីមានការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ប្រភពពីសារព័ត៌មាន CNBC កាលពីថ្មីៗនេះ បានឱ្យដឹងថា បណ្តាធនាគារវិនិយោគ និងក្រុមហ៊ុនស្រាវជ្រាវធំៗ នៅជុំវិញពិភពលោក បានព្យាករណ៍ថា ការជួញដូរប្រាក់យន់ចិននៅឯនាយសមុទ្រនឹងធ្លាក់ចុះជាមធ្យមចំនួន ៧.៥១យន់ក្នុង១ដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ហើយនោះនឹងសម្គាល់អំពីកម្រិតទាបបំផុត មិនធ្លាប់មានរបស់រូបិយប័ណ្ណប្រទេសសេដ្ឋកិច្ចធំទី២ ពិភពលោកមួយនេះ។
លោក ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសហើយថា លោកនឹងដាក់ពន្ធបន្ថែម ១០% លើទំនិញគ្រប់មុខនាំចូលពីប្រទេសចិន។ លោកថែមទាំងបានសន្យារួចហើយថានឹងដំឡើងពន្ធ ៦០% ឬខ្ពស់ជាងនេះលើទំនិញចិន អំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់លោក។ លោក Jonas Goltermann អនុប្រធានសេដ្ឋវិទូទីផ្សារនៃក្រុមហ៊ុន Capital Economics បានលើកឡើងថា អត្រាពន្ធនឹងនាំឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង ដូច្នេះប្រាក់យន់នឹងត្រូវរំកិលទៅកម្រិត ៨.៤២យន់ ធៀបនឹង១ដុល្លារអាមេរិក ដើម្បីបំពេញតបតាមអត្រាពន្ធ ៦០% លើទំនិញចិនគ្រប់មុខ។
ការជួញជូរប្រាក់យន់ចិននៅឯនាយសមុទ្រ បានធ្លាក់ចុះជាង ២% ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ អំឡុងពេលការដាក់ពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិន ក្រោមអាណត្តិដឹកនាំដំបូងរបស់លោក ត្រាំ កាលពីឆ្នាំ ២០១៨ ប្រាក់យន់បានធ្លាក់ចុះប្រហែល ៥% និងបានបន្តធ្លាក់ចុះ ១.៥% ទៀត នៅឆ្នាំបន្ទាប់ នៅពេលភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរ។
អាជ្ញាធរចិនកំពុងតែប្រឈមមុខនឹងការអំពាវនាវដ៏តឹងរ៉ឹង ដើម្បីការការពារប្រាក់យន់ពីការធ្លាក់ថ្លៃខ្លាំងពេក ចំពេលរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងនាំយកសេដ្ឋកិច្ចត្រឡប់ទៅរកភាពល្អប្រសើរឡើយវិញ។ អ្នកសេដ្ឋកិច្ចមួយចំនួនបានលើកឡើងថា ការធ្លាក់ថ្លៃយ៉ាងគំហុកណាមួយនៃប្រាក់យន់ចិន អាចប្រថុយនឹងលំហូរចេញមូលធនកាន់តែធ្ងន់ធ្ងរ និងបង្កើនភាពប្រែប្រួលដល់ទីផ្សារហិរញ្ញវត្ថុរបស់ចិន។
ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមគឺថា ធនាគារកណ្តាលចិន ប្រហែលជាមិនចង់ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះប្រាក់យន់នោះទេ ព្រោះអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលកំពុងតែធ្លាក់ចុះរួចទៅហើយ។ ជាក់ស្តែង កាលពីខែមុន ធនាគារកណ្តាលចិន ក៏បានរក្សាអត្រាគោលនយោបាយសំខាន់ៗមួយចំនួនដោយមិនផ្លាស់ប្តូរផងដែរ ដោយសារកំពុងស្វែងរកស្ថិរភាពរូបិយប័ណ្ណ៕ ប្រភព ៖ CNBC
ចែករំលែកព័តមាននេះ