រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋគ្រប់រាជធានីខេត្ត បានសរុបជាង៤ពាន់ក្បាល ។ នេះបើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹង នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ថា ក្នុងសប្ដាហ៍ចុងក្រោយនោះដែរ មន្ត្រីក៏បានផ្តល់សេវាលិខិតធ្វើដំណើរជូនពលរដ្ឋជាង៩រយក្បាល សៀវភៅស្នាក់នៅ ជាង២ពាន់ក្បាល សៀវភៅគ្រួសារជាង១ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណជាង៤ពាន់សន្លឹកផងដែរ ។
ប្រភពបានលើកឡើងថា លិខិតឆ្លងដែន (ធម្មតា) គឺជាឯកសារបញ្ជាក់ថា សាមីខ្លួនជាពលរដ្ឋកម្ពុជាមានសិទ្ធិសុំទិដ្ឋាការឆ្លងដែន និងជាឯកសារច្បាប់តែមួយគត់ ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅ ។
បើតាមក្រសួងមហាផ្ទៃ លិខិតឆ្លងដែនធម្មតាមានសុពលភាពរយៈពេល៥ឆ្នាំ សម្រាប់កុមារចាប់ពីអាយុពី០ឆ្នាំដល់៥ឆ្នាំ និងមានសុពលភាពរយៈពេល១០ឆ្នាំសម្រាប់អ្នកមានអាយុពី៦ ឆ្នាំឡើង ។ នីតិវិធីនៃការស្នើសុំធ្វើលិខិតឆ្លងដែនធម្មតា គឺសម្រាប់ពលរដ្ឋមានអាយុចាប់ពី១៥ឆ្នាំឡើងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត ៕
ចែករំលែកព័តមាននេះ