ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​នេះ ប្រទេស​នាំ​ចេញ​ធំ​ៗ​ទៅ​កាន់​សហរដ្ឋអាមេរិក គឺ​សុទ្ធតែ​រង​សម្ពាធ​ដំឡើង​ពន្ធ​របស់​លោក ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូ​ណា​ល់ ត្រាំ រាប់​ចាប់ពី​ចិន កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក…

នៅ​ពេល​នេះ ប្រទេស​នាំ​ចេញ​ធំ​ៗ​ទៅ​កាន់​សហរដ្ឋអាមេរិក គឺ​សុទ្ធតែ​រង​សម្ពាធ​ដំឡើង​ពន្ធ​របស់​លោក ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូ​ណា​ល់ ត្រាំ រាប់​ចាប់ពី​ចិន កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ។ ប្រសិនបើ​គាត់​អនុវត្ត​តាម​គោលនយោបាយ​ពន្ធ​ដូច​កាល​យុទ្ធនាការ​បោះ​ឆ្នោត កម្ពុជា​ក៏​ទំនងជា​មិន​អាច​គេច​រួច​ដែរ ។

កម្ពុជា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​ដែល​តំបន់​នេះ​ក៏​ហាក់ដូចជា ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​គំរាមកំហែង​ពន្ធ​សកល​របស់​លោក ត្រាំ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជា​ថ្មី​ជាមួយ​ប្រទេស​ចិន ខណៈ​ដែល​អាស៊ាន​ក៏​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយនឹង​អា​មេ​រិ​ក ហើយ​ថែម​ទាំង​ក៏​មាន​សេដ្ឋកិច្ច​មាន​ទំនាក់ទំនង​គួរសម​ដែរ​ជាមួយ​ចិន ។

កាលពី​អំឡុង​ជុំ​ទី​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន ដូច​ជា វៀតណាម ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​ថៃ សុទ្ធតែ​សើម​មាត់​នឹង​ការ​សម្រុក​នាំ​ចូល​អា​មេ​រិ​ក ដោយសារ​តែ​ក្រុមហ៊ុន​ជប៉ុន កូរ៉េ​ខាងត្បូង តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​ជា​ច្រើន​រើ​ចេញពី​ចិន ដើម្បី​គេច​ពី​សម្ពាធ​ពន្ធ ។ នៅ​ពេល​បោះ​ឆ្នោត លោក ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ​ដល់​ទៅ​៦០% លើ​ចិន ហើយ​និង​កំណត់​ពន្ធ​២០ ភាគរយ​លើ​ទំនិញ​នានា​ដែល​មក​ពី​គ្រប់​ទិស​ទី​ចូល​អា​មេ​រិ​ក ។ ដូច្នេះ​បើ​លោក​សម្រេចចិត្ត​អនុវត្ត​មែន​នោះ វា​ពិតជា​អាច​ពិបាក​សម្រាប់​កម្ពុជា និង​បណ្តា​ប្រទេស​ឯទៀត ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត Nikkei Asia បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​អាច​មាន​សម្ពាធ​ធ្ងន់ធ្ងរ​មួយ​ដែរ បើ​លោក​ត្រាំ កំណត់​ពន្ធ​តាម​ការ​សន្យា​បែប​នេះ ។ ការ​នាំ​ចេញ​របស់​កម្ពុជា​ពិតជា​តិច​ទេ ទៅ​អា​មេ​រិ​ក បើ​ធៀប​នឹង​ប្រទេស​នានា ប៉ុន្តែ​វា​ធំ​សម្រាប់​កម្ពុជា​ដោយ​អា​មេ​រិ​ក គឺជា​ទីផ្សារ​នាំ​ចេញ​រហូត​ដល់​៤០ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ។

អ្នកវិភាគ​ខ្លះ​បាន​អះអាង​ថា ស្ថានភាព​ដូច​ជា កម្ពុជា​បែប​នេះ​វា​អាច​ជា​ផល​ប៉ះពាល់​ធំ​បំផុត​នៅ​ក្នុង​អាស៊ាន បើ​គិត​ពី​សមាមាត្រ​នៃ​ការ​នាំ​ចេញ​សរុប ។ យោង​តាម​ស្ថិតិ​ដែល​កត់ត្រា​ដោយ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រង្វង់​៩​ខែ នៃ​ឆ្នាំ​២០២៤ នេះ​កម្ពុជា​នាំ​ចេញ​ទៅ​អា​មេ​រិ​ករ​ហូត​ដល់​៩,៤​ពាន់​លាន​ដុល្លារ ខណៈ​នាំ​ចូល​វិញ​តែ​ជាង​២៤០​លាន​ដុល្លារ ប៉ុណ្ណោះ ។ ចំណែក​កាលពី​ឆ្នាំ​២០២៣ កម្ពុជា​នាំ​ចេញ​ជាង​១១,៥ ពាន់​លាន​ដុល្លារ ហើយ​នាំ​ចូល​មក​វិញ​ត្រឹម ជិត​៣០៧​លាន​ដុល្លារ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​កម្ពុជា​មក គឺ​វៀតណាម​ដែល​ទំហំ​នាំ​ចេញ​របស់​ប្រទេស​នេះ ទៅ​អា​មេ​រិ​ក​មាន​ប្រមាណ​ជា​២៧,៤ ភាគរយ និង​ប្រទេស​ថៃ ប្រមាណ​ជា​១៧ ភាគរយ ។ នៅ​ពេល​នេះ​វៀតណាម​មាន​អតិ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី​៤ លើ​ពិភពលោក​ជាមួយ​សហរដ្ឋអាមេរិក នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន តៃវ៉ាន់ និង​កូរ៉េ​ខាងត្បូង​បាន​ប្រើប្រាស់​វៀតណាម ដើម្បី​គេច​ពី​សម្ពាធ​ពន្ធ ។ ចំណែក​ឥណ្ឌូ​នេ​ស៊ី​វិញ​អាច​យ៉ាប់​ដែរ​ពីព្រោះ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ នៅ​ពេល​នេះ គឺ​ចិន​ដោយ​ឥណ្ឌូ​ណេ​ស៊ី​នាំ​ចេញ វត្ថុធាតុដើម​ជា​ច្រើន​ទៅ​ចិន ។ ដូច្នេះ​បើ​ចិន​រង​សម្ពាធ​ពន្ធ ផលិតកម្ម​ផ​លិ​ផល​សម្រេច​ក៏​ពិបាក ។

ប្រសិនបើ​លោក ត្រាំ ដាក់​ពន្ធ​លើ​ទំនិញ​កម្ពុជា​មែន​វា​នឹង​បង្កើត​បញ្ហា​ប្រឈម​សំខាន់​ៗ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ ជា​ពិសេស​ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ ។ ផ្អែក​តាម​សេណា​រី​យ៉ូ​នេះ ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តប​ពហុភាគី​ពី​ប្រទេស​កម្ពុជា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​ដើម្បី​ប្រកួតប្រជែង ប្រកបដោយ​ប្រសិទ្ធភាព ។ សម្ពាធ​បែប​នេះ​អាច​នាំ​ឱ្យ​មានការ​កើនឡើង​ថ្លៃដើម​សម្រាប់​ផលិតផល​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ទំនិញ​ទាំងនោះ​មានការ​ប្រកួតប្រជែង​តិច​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ។ វា​អាច​បណ្តាល​ឱ្យ​មានការ​ថយ​ចុះ​នៃ​ការ​លក់ ការ​បាត់បង់​ការងារ និង​អ​ស្ថិរភាព​សេដ្ឋកិច្ច​ទាំងមូល ។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ការ​ត្រៀម​ការ​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ ។

បន្ថែម​ពីលើ​ការ​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា​ក៏​អាច​ពង្រឹង​សម្ព័ន្ធភាព​របស់​ខ្លួន​ជាមួយ​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ផលប្រយោជន៍​ពាណិជ្ជកម្ម​ស្រ​ដៀង​គ្នា​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាជិក​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត ។

ក្រៅពី​នេះ​កម្ពុជា​ក៏​គួរតែ​ពិចារណា​លើ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ។ តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា កសិកម្ម ទេសចរណ៍ និង​បច្ចេកវិទ្យា កម្ពុជា​អាច​បង្កើត​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធន់​ជាង​មុន​ដែល​អាច​ទប់ទល់​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ ។ យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្មនេះ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ពន្ធគយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ផង​ដែរ ។

ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ពន្ធគយ កម្ពុជា​អាច​ផ្តោត​លើ​ការ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​របស់​ខ្លួន ។ នេះ​អាច​រួម​បញ្ចូល​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម ក៏​ដូច​ជា ការ​ធានា​ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​។ តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព និង​ការ​ទាក់ទាញ​នៃ​ផលិតផល​កម្ពុជា ប្រទេស​ដ៏​តូច​ដូច​ជា​កម្ពុជា​អាច​មាន​សក្តានុពល​ប៉ះប៉ូវ​ផល​ប៉ះពាល់​នៃ​ពន្ធគយ​តាម​រយៈ​ការ​ទាក់ទាញ​អ្នក​ប្រើប្រាស់ សូ​ម្បី​តែ​នៅ​តម្លៃ​ខ្ពស់​ក៏​ដោយ ។

សរុប​មក ប្រសិនបើ​លោក ត្រាំ យកពន្ធ​លើ​ទំនិញ​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​អនុវត្ត​វិធីសាស្ត្រ​ពហុភាគី ដើម្បី​ប្រឈម​នឹង​វិធានការ​ទាំងនេះ ។ តាម​រយៈ​ការ​ចូលរួម​ការទូត ការ​កសាង​សម្ព័ន្ធភាព ការ​ស្វែងរក​ផ្លូវច្បាប់ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​ការ​ប្រកួតប្រជែង កម្ពុជា​អាច​ធ្វើការ​ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន ។ ខណៈ​ពេល​ដែល​ពន្ធគយ​បង្ក​បញ្ហា​ប្រឈម​យ៉ាង​សំខាន់​កម្ពុជា​ក៏​គួរតែ​បង្ហាញ​នូវ​ឱកាស​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​ខ្លួន និង​បន្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធន់ និង​ចម្រុះ​ជាង​មុន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ