ទីក្រុងដាម៉ាស់៖ មានព្រឹត្តិការណ៍វិវត្តថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសស៊ីរីនៅពេលពួកឧទ្ទាមដែលប្រយុទ្ធប្រឆាំងនឹងរបបដឹកនាំរបស់លោកអាល់អាសាតរយៈពេល១៣ឆ្នាំមកហើយនោះនៅសុខៗពួកគេវាយដណ្ដើមបានខេត្តអាឡេប៉ូ (Aleppo)។ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាមចាប់ផ្ដើមផ្ទះឡើងកាន់តែខ្លាំងហើយនៅដំណាក់កាលចុងក្រោយនេះ។
ឆាកប្រយុទ្ធគ្នាដ៏សន្ធាប់នៅប្រទេសស៊ីរីភាគពាយព្យត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះបានឆក់យកជីវិតជនស៊ីវិល២៧នាក់។ ក្នុងនោះក៏មានកុមារ៨នាក់ផងដែរ។ នេះបើយោងតាមលោកដេវីដ ខាដេន (David Carden) ជាអ្នកសម្របសម្រួលផ្នែកមនុស្សធម៌នៅប្រទេសស៊ីរី។ អំពើហិង្សាចុងក្រោយនេះជាការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរវាងគូបដិបក្ខទាំងពីរ។
ពួកឧទ្ទាមដែលដឹកនាំដោយក្រុមឥស្លាមនិយម ហាយ៉ាត ថារៀ អាល់សាម (Hayat Tahrir al-Sham) វាយឆ្មក់កាលពីថ្ងៃពុធចូលខេត្តអាឡេប៉ូ និងដណ្ដើមបានទីក្រុង និងភូមិរាប់សិបកន្លែងដែលគ្រប់គ្រងដោយរដ្ឋាភិបាលលោកអាល់អាសាត។ កងទ័ពរដ្ឋាភិបាលស៊ីរីថ្លែងថាខ្លួននៅតែបន្តវាយប្រយុទ្ធទល់នឹងពួកឧទ្ទាមនៅឡើយទេ មានន័យថាពួកឧទ្ទាមមិនទាន់វាយយកបានទាំងស្រុងឡើយ។
កងទ័ពរដ្ឋាភិបាលស៊ីរីថ្លែងបន្តទៀតថាការប្រយុទ្ធគ្នាថ្មីៗនេះធ្វើឱ្យពួកឧទ្ទាមបាត់បង់កម្លាំងប្រយុទ្ធមិនតិចនាក់ទេនៅតំបន់ជនបទនៃខេត្តអាឡេប៉ូ (Aleppo) និងខេត្តអ៊ីតលីប (Idlib)។ លោកមហាមេត ហ៊ូសេន (Mohamed Hussein) ជាទាហានឧទ្ទាមដែលចូលរួមច្បាំងជាមួយក្រុមហាយ៉ាតដែរនោះអះអាងថាការវាយប្រហារលើកនេះទទួលបានជោគជ័យ។ យុទ្ធនាការនេះចាប់ផ្ដើមកាលពីបីថ្ងៃមុន។ នៅទីបញ្ចប់ អរគុណព្រះជាម្ចាស់ យើងរំដោះបានទាំងស្រុងតំបន់ជនបទនៅភាគខាងលិចក្រោមកិច្ចសហការពីយុទ្ធជនមូចាហៃឌីន (Mujahideen)។
ជាកិច្ចឆ្លើយតបទៅនឹងការអះអាងនេះ យោធារដ្ឋាភិបាលស៊ីរីអះអាងថាខ្លួនមិនទាន់របូតទីតាំងណាមួយនៅឡើយទេ ហើយខ្លួននៅតែបន្តវាយទប់ទល់នឹងកម្លាំងវាយលុករបស់ពួកឧទ្ទាម។ យោធារដ្ឋាភិបាលស៊ីរីថ្លែងថាយុទ្ធជនរបស់ពួកឧទ្ទាមស្លាប់ដូចគេហាលអីចឹងនៅតំបន់ជនបទនៃខេត្តអាឡេប៉ូ និងអ៊ីតលីប។ នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ពួកឧទ្ទាមចាប់តាំងពីខែមីនា ឆ្នាំ២០២០៕
ចែករំលែកព័តមាននេះ