ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ៖ ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ មិនមែន​ការ​វះកាត់ ឬ​ជា​ដាក់​វិធានការ​តឹងតែង​ចំពោះ​ក្រសួង ស្ថាប័ន​ណា​ទេ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​បញ្ជាក់​ថា ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ក្រសួង​មុខងារសាធារណៈ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​បញ្ជាក់​ថា ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ក្រសួង​មុខងារសាធារណៈ កំពុង​សហការ និង​សម្របសម្រួល​នា​ពេល​នេះ គឺ​មិនមែន​ជា​ការ​ដាក់​សម្ពាធ មិនមែន​ជា​ការ​វះកាត់ ឬ​ជា​ដាក់​វិធានការ​តឹងតែង​ចំពោះ​ក្រសួង ស្ថាប័ន​ទេ ផ្ទុយ​ទៅ​វិញ នេះ​គឺជា​ការ​ផ្តល់​នូវ​ការ​គាំទ្រ និង​ជំនួយ​បច្ចេកទេស​ចាំបាច់ ដើម្បី​ធានា​ដល់​ស្ថាប័ន កាន់តែ​រឹង​មាំ និង​អនុវត្ត​បេសកកម្ម​របស់​ក្រសួង ស្ថាប័ន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្តី​ពី​«​ផែនការ​សកម្មភាព ២០២៤-២០២៨ ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​» នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ក្រប​ខណ្ឌ​ជា​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា (​គ​.​វ​.​រ​.) បាន​លើក​ឡើង​ថា “​ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ នៅ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ គឺជា​កិច្ចការ​ដែល​បន្ត​ពី​នីតិកាល​មុន​ៗ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កសាង​គ្រឹះ​សម្រាប់​យើង ដើម្បី​អនុវត្ត​បន្ត​។ នៅ​ពេល​នេះ ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ខុស​ប្លែក​ពី​នីតិកាល​ទី​៦ ទៅ​លើ វិធីសាស្ត្រ នៃ​ការ​អនុវត្ត និង​ការ​កំណត់​អាទិភាព នៃ​វិធានការ​គន្លឹះ​តែ​ប៉ុណ្ណោះ​” ។

មាន​ប្រសាសន៍ ដែល​សុទ្ធតែ​បង្ហាញ និង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការងារ​កែទម្រង់ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជា​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ ក៏​មិនមែន​ជា​ការងារ​ដោយឡែក​របស់​ក្រសួង​មុខងារសាធារណៈ តែ​ម្នាក់ឯង​នោះ​ដែរ គឺជា​ការងារ​របស់​ក្រសួង ស្ថាប័ន​ទាំងអស់​គ្នា រួម​ទាំង​អង្គភាព​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ ។

ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ក្រសួង​មុខងារសាធារណៈ កំពុង​សហការ និង​សម្របសម្រួល​នា​ពេល​នេះ គឺ​មិនមែន​ជា​ការ​ដាក់​សម្ពាធ មិនមែន​ជា​ការ​វះកាត់ ឬ​ជា​ដាក់​វិធានការ​តឹងតែង​ចំពោះ​ក្រសួង ស្ថាប័ន​ទេ ផ្ទុយ​ទៅ​វិញ នេះ​គឺជា​ការ​ផ្តល់​នូវ​ការ​គាំទ្រ និង​ជំនួយ​បច្ចេកទេស ចាំបាច់​ដើម្បី ធានា​ដល់ ស្ថាប័ន កាន់តែ​រឹង​មាំ និង​អនុវត្ត​បេសកកម្ម​របស់ ក្រសួង​ស្ថាប័ន ឲ្យ​មាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​” […] “​សូម​យើង​ទាំងអស់​គ្នា ចាត់​ទុក​ថា ការងារ​កែទម្រង់ គឺជា​ឱកាស​កែ​លម្អ​ខ្លួនឯង និង​ឱកាស​ក្នុង​ការ​កែ​លម្អ​អង្គភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​”​នេះ​បើ​តាម ឯកឧត្តម​បាន​បន្ថែម ។

សូម​ជម្រាប​ថា​សិក្ខាសាលា​រយៈ ១​ថ្ងៃ​ពេញ​នេះ បាន​រៀបចំ​ឱ្យ​មាននូវ​បទ​បង្ហាញ​ចំនួន​៣ ពី​វាគ្មិន​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​មុខងារសាធារណៈ ព្រមទាំង​រៀបចំ​វេទិការ​សំណួរ​-​ចម្លើយ លើ​ប្រធានបទ​ស្តី​ពី វិធានការ​គន្លឹះ​ទាំង​៣ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៣ នៃ​រដ្ឋសភា ដើម្បី​បកស្រាយ​នូវ​ច​ម្ង​ល់ម​ង្ទិ​ល​របស់​សិក្ខាកាម​មក​លើ​វិធានការ​គន្លឹះ​ទាំង​៣ ក្នុង​ការ​ជំរុញ​ដំណើរការ​អនុវត្ត​ការ​ជ្រើសរើស គ្រប់គ្រង​និង​អភិវឌ្ឍ​មន្ត្រីរាជការ​ស៊ី​វិល ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ទស្សនវិស័យ និង​គោលដៅ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

សិក្ខាសាលា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មុខងារសាធារណៈ មន្ទីរ​មុខងារសាធារណៈ​រាជធានី ខេត្ត និង​មានការ​ចូលរួម​ពី​ប្រធាន​ក្រុមការងារ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​ក្រសួង ស្ថាប័ន អភិបាល អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ព្រមទាំង​តំណាង​ការដ្ឋាន​កែទម្រង់​វិធានការ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​ទាំង​៥ រួម​មាន ៖ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​កែទម្រង់រដ្ឋបាល​សាធារណៈ (​អ​.​គ​.​ក​.​ស​.) អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (​អ​.​គ​.​ហ​.) លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ (​គ​.​ក​.​ប​.​យ​.) និង​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់ (​គ​.​ក​.​ច​.) សរុប​ប្រមាណ ២៨០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ