ប្រទេសចិន ៖ បើយោងតាមប្រភពពីទីភ្នាក់សារព័ត៌មានរដ្ឋចិនស៊ីនហួ (Xinhua) កាលពីសប្តាហ៍មុន បានរាយការណ៍ថា ប្រទេសចិនបានរកឃើញអណ្តូងរ៉ែមាសមានតម្លៃរហូតដល់៦០០ពាន់លានយន់ ស្មើនឹង ៨២.៩ពាន់លានដុល្លារអាមេរិក ស្ថិតនៅភាគកណ្តាលខេត្តហ៊ូណាន (Hunan)។
បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ឯណោះវិញ បានឱ្យដឹងថា ទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បានបង្ហាញថា សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសផលិតមាសធំបំផុតរបស់ពិភពលោក ពោលមានចំណែកប្រហែល ១០% នៃទិន្នផលពិភពលោក កាលពីឆ្នាំ ២០២៣។ មាសចំនួនរហូតដល់ ៧៤១.៧៣២តោន ត្រូវបានប្រើប្រាស់នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ខណៈទិន្នផលមាន ២៦៨.០៦៨តោន ដូច្នេះមានន័យថា ប្រទេសេដ្ឋកិច្ចធំលំដាប់ទី២ពិភពលោកមួយនេះ ត្រូវតែពឹងផ្អែកលើការនាំចូល ដើម្បីបំពេញតម្រូវការក្នុងស្រុក។
ប្រភពពីស៊ីនហួបបានឱ្យដឹងទៀតថា បណ្ឌិតសភាភូគព្ភសាស្ត្រប្រចាំខេត្តហ៊ូណាន បានរកឃើញសរសៃរ៉ែមាសជាង៤០ទីតាំង នៅជម្រៅជាង២ពាន់ម៉ែត្រ ស្ថិតនៅក្នុងស្រុកភីងជាំង (Pingjiang) ជាមួយនឹងធនធានមាសសរុបចំនួន៣០០.២តោន ត្រូវបានរកឃើញក្នុងតំបន់រុករកស្នូល និងនៅកម្រិតខ្ពស់បំផុតគឺ១៣៨ក្រាមក្នុងមួយតោន។ ក្រុមការងារបានព្យាករណ៍ថាមានមាសបម្រុងច្រើនជាង១ពាន់តោន នៅជម្រៅជាង៣ពាន់ម៉ែត្រ។ ទុនបម្រុងមាសជាទូទៅ គឺសំដៅទៅលើផ្នែកអាចជីកយកបានតាមបរិមាណនៃធនធានមាស។
ដូចដឹងស្រាប់ហើយថា តម្លៃមាសបានកើនឡើងយ៉ាំងខ្លាំងនៅឆ្នាំនេះ ដោយសារការកើនឡើងកំដៅនៃភាពតានតឹងភូមិសាស្ត្រនយោបាយទូទាំងពិភពលោក។ កិច្ចសន្យាជួញដូរអនាគតមាសសកម្មបំផុតនៅផ្សារហ៊ុន Shanghai Futures Exchange របស់ប្រទេសចិនបានឱ្យតម្លៃឡើងខ្ពស់បំផុតមិនធ្លាប់មានចំនួន ៦៣៩.៤៨យន់ ឬស្មើនឹង ៨៨ដុល្លារក្នុងមួយក្រាម កាលពីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៕ ប្រភព ៖ Reuters និង VnExpress
ចែករំលែកព័តមាននេះ