តាមផែនការដែលដាក់ចេញដោយក្រសួងរ៉ែ និងថាមពលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ កម្ពុជានឹងលែង មានបញ្ហាកង្វល់អំពីកង្វះខាតថាមពលអគ្គិសនីបន្តទៀតហើយ ដោយសារតែក្នុងផែនការនេះកម្ពុជាគ្រោងដំណើរការអភិវឌ្ឍថាមពលថ្មីដល់ទៅ២៣ គម្រោងដែលមានអនុភាពជិត៦ពាន់មេហ្គាវាត់ ។
តាមអ្វីដែលបានលើកឡើងនៅក្នុងអំឡុងពេលដែលក្រសួងជំនាញនេះរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ កន្លងទៅនេះ គម្រោងថ្មីទាំងនេះ គឺមានតាំងពីគម្រោងទាញថាមពលពីខ្យល់ ជីវម៉ាស ថាមពលពន្លឺព្រះអាទិត្យ ឧស្ម័ន(LNG) វារីអគ្គិសនី និងស្ថានីយស្តុកថាមពលបន្ថែមលើគម្រោងដែលមានស្រាប់និងកំពុងប្រើប្រាស់ ។
គម្រោងទាំងនេះ គឺជាផែនការដ៏ធំដែលគេដឹងថា នឹងចំណាយធនធានប្រមាណជាជិត៦ពាន់លានដុល្លារឯណោះក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនីដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក ។
ពាក់ព័ន្ធនឹងផែនការនេះ យើងអាចចាត់ទុកថា ជាគម្រោងអនុត្តរភាពថាមពលមួយរបស់កម្ពុជា ខណៈដែលបច្ចុប្បន្នកម្ពុជានៅតែត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានធនធានថាមពលអគ្គិសនីតិចតួចជាងគេធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់ ។
កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាអាចផលិត និងប្រមូលថាមពលសម្រាប់បម្រើសេចក្តីត្រូវការនៅក្នុង ប្រទេសបានប្រមាណជា៤,៦ពាន់មេហ្គាវាត់ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២៤ ជាមួយនឹងគម្រោងថ្មីៗមួយ ចំនួនដែលបានដំណើរការ កម្លាំងផលិត និងប្រមូលថាមពលកម្ពុជា គឺឡើងដល់ជិត៥ពាន់មេហ្គាត់ដែរ ។ ទៅថ្ងៃមុខ ប្រសិនបើកម្ពុជាពិតជាអាចដំណើរការអភិវឌ្ឍថាមពលតាមផែនការដែលគ្រោងខាងលើ ដូច្នេះកម្ពុជាអាចនឹងផលិតថាមពលសរុបមួយឆ្នាំប្រមាណជា១១ពាន់មេហ្គាវាត់ ។
ជាមួយនឹងវឌ្ឍនភាពនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសារទរហើយបានជំរុញ និងលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធជាពិសេស គឺក្រសួងរ៉ែ និងថាមពលបន្តបេសកម្មនេះបន្ថែមទៀត នៅក្នុងគោលបំណងធានាសន្តិសុខថាមពលដល់ប្រជាជន និងតម្រូវការអភិវឌ្ឍប្រទេស ។
សម្តេចធិបតី បានលើកឡើងថា តម្រូវការថាមពលកម្ពុជាមានកំណើនកើនឡើងជាបន្តបន្ទាប់ ពោល គឺនៅក្នុងមួយឆ្នាំប្រមាណជាជាង១៥ភាគរយដែលជាកិច្ចការដែលក្រសួងត្រូវគិតគូរទុកជាមុន ហើយដាក់ចេញនូវផែនការឆ្លើយតប ។
សម្តេចធិបតីបានបន្ថែមថា ខណៈដែលកម្ពុជាកំពុងមានស្ថេរភាពនយោបាយ-សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង សេចក្ដីត្រូវការ និងភាពចាំបាច់នៃការប្រើប្រាស់ថាមពលកាន់តែកើនឡើងជាលំដាប់ដែលកម្ពុជាត្រូវតែគិតគូរទុកជាមុន ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងប្រទេស ក្នុងឆ្នាំ២០២៤នេះ បានកើនឡើងជាង១៥ភាគរយ ធៀបទៅនឹងការប្រើប្រាស់នៅឆ្នាំ២០២៣ ក្នុងនោះជិត ៨៧ភាគរយ ជាបរិមាណថាមពលដែលផលិតក្នុងស្រុក និងចំនួនជាង១៣ភាគរយជាបរិមាណនាំចូល ពីប្រទេសជិតខាងនៅឡើយ ។
ជាការពិតកម្លាំងផលិតថាមពលអគ្គិសនីសរុបរបស់ប្រទេស គឺមានច្រើនគួរសម ហើយការតភ្ជាប់បណ្តាញ អគ្គិសនីក៏បានកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ការប្រើប្រាស់ថាមពលរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងស្ថានភាពសន្សំសំចៃខ្ពស់មួយផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រសួងបានខិតខំណាស់រឿងបញ្ហាតម្លៃនេះ ដោយក្រសួងបានបន្តឧបត្ថម្ភធនប្រមាណជា១២៥លានដុល្លារតាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថេរភាព ។
តាមការខិតខំនេះ តម្លៃអគ្គិសនីដែលពលរដ្ឋកំពុងតែប្រើប្រាស់ គឺមានតម្លៃចាប់ពី៣៨០រៀល ទៅ៤៨០រៀល និងរហូតដល់៦១០រៀល នៅក្នុងមួយគីឡូវាត់ម៉ោង សម្រាប់លំនៅឋានចំណូលទាប និងមធ្យម ។ ហើយតម្លៃ៤៨០រៀល សម្រាប់កសិកម្ម ដែលប្រើពេលយប់ ។ លើសពីនេះអគ្គិសនីកម្ពុជា ក៏មានការបន្ថយថ្លៃលក់ជូនផ្នែកឧស្សាហកម្ម កសិកម្ម និងសណ្ឋាគារសម្រាប់វិស័យទេសចរណ៍ផងដែរ ។
តាមតួរលេខ ដល់ចុងឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្ដាញជាតិបានគ្រប់ដណ្ដប់លើភូមិចំនួនជាង៩៩ភាគរយនៃចំនួនភូមិទូទាំងប្រទេស ខណៈដែលពលរដ្ឋបានភ្ជាប់ គឺឈានដល់ទៅជិត៤លានផ្ទះ ។ ផ្អែកតាមសិ្ថតិនេះ ពលរដ្ឋកម្ពុជាសឹងតែទាំងអស់ហើយដែលអាចប្រើប្រាស់អគ្គិសនីបំភ្លឺ ប៉ុន្តែដោយសារតែបញ្ហាតម្លៃទើបពលរដ្ឋប្រើប្រាស់នៅក្នុងសភាពសន្សំសំចៃបំផុត ។
សរុបមកវិញ ក្រៅពីគិតគូរបន្តនិរន្តភាពសន្តិសុខថាមពលជូនពលរដ្ឋហើយ ប្រសិនបើអាចក្រសួង គួរតែគិតគូរបញ្ចុះថ្លៃភ្លើងជូនពលរដ្ឋបន្ថែមទៀតក៏ជារឿងរឹតតែប្រសើរ ។ ពលរដ្ឋពិតជាដឹងអំពីការលំបាករបស់ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតម្លៃអគ្គិសនីនៅកម្ពុជាហាក់នៅខ្ពស់នៅឡើយធៀបនឹងកម្រិតប្រាក់ចំណូលប្រចាំខែរបស់ពលរដ្ឋម្នាក់ៗ ៕
ចែករំលែកព័តមាននេះ