ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​ចូល​កាន់​តំណែង ស្រប​ពេល​ឆ្នាំ​២០២៥ កំពុង​ជិត​មក​ដល់ អ្នកវិភាគ​ទំនាក់ទំនង​អន្តរជាតិ​កម្ពុ​ជាមួយ​រូប​បាន​ព្យាករណ៍​ពី​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ថា កម្ពុជា​នឹង​ដើរតួ​នាទី​កាន់តែ​ខ្លាំង​លើ​សមរភូមិ​ការទូត​របស់​ខ្លួន ។ ការ​វិល​ត្រឡប់​របស់​លោក​ប្រាក់ សុ​ខុន អ្នកការទូត​ជើង​ចាស់ មក​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស…

ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​ចូល​កាន់​តំណែង ស្រប​ពេល​ឆ្នាំ​២០២៥ កំពុង​ជិត​មក​ដល់ អ្នកវិភាគ​ទំនាក់ទំនង​អន្តរជាតិ​កម្ពុ​ជាមួយ​រូប​បាន​ព្យាករណ៍​ពី​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ថា កម្ពុជា​នឹង​ដើរតួ​នាទី​កាន់តែ​ខ្លាំង​លើ​សមរភូមិ​ការទូត​របស់​ខ្លួន ។

ការ​វិល​ត្រឡប់​របស់​លោក​ប្រាក់ សុ​ខុន អ្នកការទូត​ជើង​ចាស់ មក​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​ដែល​កម្ពុជា​យល់​ឃើញ​ពី​ភាព​ចាំបាច់​ខ្លាំង ក្នុង​ការ​ប្រើប្រាស់​នយោបាយ​ការទូត​របស់​ខ្លួន​អោយ​ក្លាយជា​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម ក្នុង​ពិភពលោក​ដ៏​រំជើបរំជួល និង​មាន​ភាព​មិន​ប្រាកដប្រជា ។

លោក បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បានអោយ​ដឹង​ថា កម្ពុជា​នៅ​តែ​បន្ត​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គោលនយោបាយ​ការ​បរទេស អ​ព្យា​ក្រិ​ត្យ អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ​។ លោក​បណ្ឌិត គិ​ន ភា បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​ចំណុច​សំខាន់​នៃ គោលនយោបាយ​ការ​បរទេស​ដែល​ដាក់​ចេញ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច ដោយ​ឈរ​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ គឺ​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​ពឹងផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​យន្តការ​ពហុភាគី​និយម​» ។

លោក​បណ្ឌិត គិ​ន ភា បន្ថែម​ថា កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ពិពិធ​កម្ម​ការទូត​របស់​កម្ពុជា​សំដៅ​ធ្វើ​យ៉ាងណា អោយ​កម្ពុជា​អាច​កាន់តែ​មាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អជា​មួយ​បណ្តា​ប្រទេស​នានា​ជា​ច្រើន​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក ។ លោក​បណ្ឌិត គិ​ន ភា បន្ត​ថា «​តាម​រយៈ​នេះ​កម្ពុជា​អាច​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​យើង​ពិពិធ​កម្ម​ដៃគូ​របស់​យើង​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ហើយ​នៅ​ពេល​ដែល​យើង​ធ្វើ​ទាំង​អស់នេះ​បាន​នឹង​រួមចំណែក​ជា​វិជ្ជមាន​សម្រាប់​អភិវឌ្ឍ​ប្រទេស​» ។

ក្នុង​នាម​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ប្លុក​តំបន់​ដែល​បាន​សង្កត់ធ្ងន់​ពី​ការ​មិន​ចូលបក្ស​សម្ព័ន្ធ និង​តុល្យភាព​ការទូត​ជា​យូរ​មក​ហើយ ។ តាម​រយៈ​ការ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​របស់​អាស៊ាន កម្ពុជា​អាច​ទាញ​យក​ផលប្រយោជន៍​រួម​របស់​ប្លុក និង​ជំរុញ​ឱ្យ​មាន​វិធីសាស្ត្រ​បង្រួបបង្រួម និង​មាន​តុល្យភាព​ចំពោះ​បញ្ហា​ក្នុង​តំបន់ ។ អាស៊ាន​រួបរួម​អាច​ដើរតួ​ជា​កម្លាំង​រក្សា​ស្ថិរភាព ដោយ​អនុញ្ញាត​ឱ្យ​កម្ពុជា​សម្រុះសម្រួល​ទំនាក់ទំនង​អាស៊ាន​-​អា​មេ​រិ​ក ដោយ​មិន​ប្រកាន់​ចិន ឬ​អា​មេ​រិ​ក​ពេក​នោះ​ទេ ។

ការ​ពង្រឹង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ក៏​អាច​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ជម្រើស​ល្អ​ផង​ដែរ ។ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដូច​ជា ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) កម្ពុជា និង​ប្រទេស​ជិតខាង​អាស៊ាន​អាច​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​រឹង​មាំ​ជាង​មុន ដោយ​កាត់​បន្ថយឥទ្ធិពល​នៃ​សម្ពាធ​ខាង​ក្រៅពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ។ បណ្តាញ​ពាណិជ្ជកម្ម​អាស៊ាន​ដ៏​រឹង​មាំ​អាច​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​វិនិយោគ និង​ទេសចរណ៍​របស់​ចិន ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ភាព​ធន់​នឹង​ការ​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ