នៅលើរថយន្តក្រុងពីភ្នំពេញទៅទីក្រុងហូជីមីញប្រទេសវៀតណាម អ្នកធ្វើដំណើរជាជនជាតិកម្ពុជាបានជជែកគ្នា ប៉ុន្តែពួកគេមិនមែននិយាយពីដំណើរកម្សាន្តដ៏សប្បាយរីករាយទេ ពួកគេនិយាយអំពីរឿងជំងឺរបស់ពួកគេ និងការស្វែងរកការព្យាបាល ។ នេះ គឺជាឧទាហរណ៍នៃវិបត្តិទំនុកចិត្តលើវិស័យសុខាភិបាល ដែលកម្ពុជា ត្រូវតែបន្តដោះស្រាយអោយមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
ទោះបីជាមានការកែលម្អយ៉ាងសំខាន់ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសេវាថែទាំសុខភាពរបស់កម្ពុជាក៏ដោយក៏ប្រជាជនកម្ពុជាជាច្រើន នៅតែបន្តស្វែងរកការព្យាបាលនៅក្រៅប្រទេស ជាពិសេសដូចជា ប្រទេសវៀតណាម ថៃ សិង្ហបូរី ឥណ្ឌា ចិន និងសូម្បីតែនៅប្រទេសបារាំងជាដើម ។ ស្ថានភាពនេះ បង្ហាញពីបញ្ហានៃទំនុកចិត្តដែលបន្តកើតមាននៅក្នុងប្រព័ន្ធសុខភាពសាធារណៈក្នុងប្រទេស ។ ការកសាងទំនុកចិត្តសាធារណៈ គឺចាំបាច់មិនត្រឹមតែរក្សាអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះផ្នែកថែទាំសុខភាពទូទៅរបស់ប្រទេសផងដែរ ។
ដើម្បីស្វែងយល់ពីបញ្ហានេះឲ្យច្បាស់លាស់ ក្រសួងសុខាភិបាលអាចចុះអង្កេតផ្ទាល់ ហើយស្តាប់សម្តីពល រដ្ឋ ដែលធ្វើដំណើរទៅវៀតណាម និងថៃ តាមរយៈឡានក្រុងដែលមួយថ្ងៃៗ មានអ្នកដំណើរជាច្រើនបានសុខចិត្តចំណាយពេលជិះរថយន្តជាច្រើនម៉ោង ឈឺខ្នងឈឺចង្កេះ វេចលុយទៅស្វែងរកសេវាកម្មពិគ្រោះ និងព្យាបាលជំងឺផ្សេងនៅស្រុកគេ ។ ពួកគេសុទ្ធតែទទួលស្គាល់ពីការកែលម្អផ្នែកសុខាភិបាលនៅក្នុងប្រទេស ។ ប៉ុន្តែក្តីមន្ទិល និងទំនុកចិត្តនេះនៅតែបន្តមានទើបពួកគេសុខចិត្តបន្តវេចលុយទៅព្យាបាលនៅស្រុកគេ ។
ដើម្បីចូលរួមលើកកម្ពស់ និងជំរុញការកែលម្អគុណភាពវិស័យសុខាភិបាលនៅក្នុងប្រទេស ការកែលម្អកន្លែងថែទាំសុខភាព និងលើកកម្ពស់ទំកចិត្តរបស់ប្រជាជន គឺមានសារៈសំខាន់ណាស់ ។ ខណៈពេលដែលប្រទេសកម្ពុជាបានបោះជំហានទៅមុខគួរអោយកត់សម្គាល់ ក្នុងការលើកកម្ពស់សមត្ថភាពរបស់គ្រូពេទ្យ មន្ទីរពេទ្យ និងគ្លីនិករបស់ខ្លួន ពលរដ្ឋមួយចំនួននៅតែព្រួយបារម្ភអំពីកង្វះខាតស្តង់ដារអន្តរជាតិទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ក៏ដូចជា សមត្ថភាពនៅក្នុងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រថ្មីៗ ។ ការវិនិយោគលើបច្ចេកវិជ្ជាធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ទំនើបនឹងធានាដល់ពលរដ្ឋឡើងវិញថា គ្រឿងបរិក្ខារក្នុងស្រុកអាចផ្តល់នូវគុណភាពនៃការថែទាំដូចនៅបរទេស ។
លើសពីនេះទៀត មន្ទីរពេទ្យនានាគួរតែធានាថា ពួកគេរក្សាភាពស្អាតស្អំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងបរិយាកាសដែលងាយស្រួលសម្រាប់អ្នកជំងឺ ព្រោះទាំងនេះ គឺជាសូចនាករដែលអាចមើលឃើញនៃប្រព័ន្ធដែលគួរឱ្យទុកចិត្ត ។
ការអភិវឌ្ឍ និងការបង្ហាញជំនាញរបស់គ្រូពេទ្យ ក្នុងស្រុក គឺជាគន្លឹះនៃទំនុកចិត្តមួយ ។ ប្រជាជនកម្ពុជាជាច្រើនបានភ្ជាប់សេវាថែទាំសុខភាពបរទេសជាមួយវេជ្ជបណ្ឌិត និងអ្នកឯកទេសដែលបានទទួលការបណ្តុះបណ្តាលកាន់តែប្រសើរ ។ ដើម្បីផ្លាស់ប្តូរការយល់ឃើញនេះ វិស័យសុខាភិបាលយើងគួរតែផ្តោតលើការពង្រឹងការអប់រំផ្នែកវេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលកម្រិតជំនាញសំខាន់ៗសម្រាប់អ្នកជំនាញថែទាំសុខភាពរបស់ខ្លួន ។ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិអាចផ្តល់ឱកាសដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដើម្បីទទួលបានចំណេះដឹង និងវិញ្ញាបនប័ត្រឯកទេស ។ ការរំលេចនូវរឿងរ៉ាវជោគជ័យរបស់ក្រុមគ្រូពេទ្យក្នុងស្រុក តាមរយៈយុទ្ធនាការឃោសនាសាធារណៈនឹងធ្វើឱ្យមានទំនុកចិត្តបន្ថែមទៀតលើសមត្ថភាពរបស់ពួកគេ ។
បទប្បញ្ញត្តិប្រកបដោយតម្លាភាព និងការទទួលស្គាល់គ្រឹះស្ថានថែទាំសុខភាពក៏អាចដើរតួនាទីយ៉ាងវែងក្នុងការកសាងទំនុកចិត្តផងដែរ ។ រដ្ឋាភិបាលគួរតែបង្កើតស្ថាប័នឯករាជ្យមួយ ដើម្បីវាយតម្លៃ និងបញ្ជាក់មន្ទីរពេទ្យ និងគ្លីនិកដោយផ្អែកលើស្តង់ដារតឹងរ៉ឹង ។ ការធ្វើឱ្យការវាយតម្លៃទាំងនេះជាសាធារណៈនឹងមិនត្រឹមតែធានានូវការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកជំងឺធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងផងដែរ ។ នៅពេលដែលមនុស្សឃើញភស្តុតាងនៃការត្រួតពិនិត្យគុណភាព និងភាពស៊ីសង្វាក់គ្នា ពួកគេទំនងជានឹងដាក់ការជឿទុកចិត្តរបស់ពួកគេនៅក្នុងប្រព័ន្ធ ។
ក្រៅពីនេះ កត្តាតម្លៃសមរម្យ និងភាពងាយស្រួល គឺមានសារៈសំខាន់ដូចគ្នា ។ ប្រជាជនកម្ពុជាជាច្រើនជ្រើសរើសការធ្វើដំណើរទៅព្យាបាលនៅបរទេសដោយសារពួកគេយល់ឃើញថា ការថែទាំសុខភាពពីបរទេសកាន់តែមានប្រសិទ្ធភាព ឬងាយស្រួល ហើយពេលខ្លះពួកគេគិតថា ពួកគេចំណាយអស់តិចជាង នៅក្នុងស្រុក ។ ការពង្រីកការធានារ៉ាប់រងសុខភាពជាសកល និងការឧបត្ថម្ភធនលើសេវាវេជ្ជសាស្ត្រសំខាន់ៗក៏អាចដោះស្រាយបញ្ហានេះបាន ។ មធ្យោបាយដ៏មានប្រសិទ្ធភាពមួយទៀត ក្នុងការកសាងទំនុកចិត្ត គឺតាមរយៈការលើកកម្ពស់ភាពជោគជ័យនៃការថែទាំសុខភាពក្នុងប្រទេស ។ ការចែករំលែកបទពិសោធន៍របស់អ្នកជំងឺដែលជោគជ័យដោយការព្យាបាលក្នុងប្រទេស និងរឿងរ៉ាវនៃការវះកាត់កម្រិតខ្ពស់ នៅក្នុងប្រទេសនេះអាចផ្លាស់ប្តូរការយល់ឃើញរបស់សាធារណៈជន ។
ការថែទាំអ្នកជំងឺដោយការយកចិត្តទុកដាក់ក៏ជាកត្តាសំខាន់មួយទៀតផងដែរ ។ មន្ទីរពេទ្យនានា គួរតែត្រូវ ផ្តោតលើការកែលម្អបទពិសោធន៍អ្នកជំងឺទាំងមូល រួមទាំងការកាត់បន្ថយពេលវេលារង់ចាំ ធានាការប្រាស្រ័យទាក់ទងច្បាស់លាស់ និងជំរុញវប្បធម៌នៃការយល់ចិត្តក៏ដូចជា ការគោរពក្នុងចំណោមបុគ្គលិកពេទ្យ ។ នៅពេលដែលអ្នកជំងឺមានអារម្មណ៍ថា មានតម្លៃ និងយកចិត្តទុកដាក់ពួកគេទំនងជាជឿជាក់លើប្រព័ន្ធនេះ ។
សរុបមកវិញ តាមរយៈការដោះស្រាយទិដ្ឋភាពមួយចំនួនដូចជា គុណភាព ជំនាញ តម្លៃសមរម្យ ឧបករណ៍ទំនើប តម្លាភាព ហើយក្រមសីលធម៌គ្រូពេទ្យកាន់តែប្រសើរនោះ វិស័យសុខាភិបាលនៅកម្ពុជាយើងអាចបង្កើតការជឿទុកចិត្ត លើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន ។ នៅពេលដែលជំនឿរបស់ពលរដ្ឋមានការកែប្រែនោះ ប្រជាពលរដ្ឋកាន់តែច្រើននឹងធ្វើការជ្រើសរើសស្វែងរកការព្យាបាលនៅក្នុងប្រទេសជាជាងនៅក្រៅប្រទេស ដែលនៅទីនោះគឺអស់តាំងពីសោហ៊ុយនៃការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក ។ល។
យើងទាំងអស់គ្នាត្រូវដឹងថា ការកសាងទំនុកចិត្តលើការថែទាំសុខភាព គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជាតិយើង ដែលកំពុងតែមានបំណងកាត់បន្ថយទេសចរណ៍ផ្នែកវេជ្ជសាស្ត្រ និងធានាឱ្យប្រជាពលរដ្ឋរបស់ខ្លួនមានទំនុកចិត្តលើសេវាវេជ្ជសាស្ត្រក្នុងស្រុក ។
ចំណែកប្រជាជនក៏ត្រូវស្វែងយល់អោយបានច្បាស់អំពីសមត្ថភាពរបស់គ្រូពេទ្យកម្ពុជាក្នុងការពិនិត្យ និងព្យាបាលជំងឺមុននឹងសម្រេចចិត្តទៅក្រៅប្រទេស ដើម្បីរកការពិនិត្យ និងព្យាបាលជំងឺ ។ យើងត្រូវតែទទួលសម្គាល់ថា សមត្ថភាពគ្រូពេទ្យកម្ពុជាបច្ចុប្បន្នកំពុងតែមានការរីកចម្រើន ហើយជំងឺជាច្រើន គឺអាចព្យាបាលក្នុងស្រុកបានដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែ ការវះកាត់មួយចំនួន និងជំងឺមហារីកជាដើម ។ ខណៈប្រជាជនមានសិទ្ធជ្រើសរើសការព្យាបាលដែលខ្លួនចង់បាននោះ ការសម្លឹងមើលជម្រើសក្នុងប្រទេស មុនជម្រើសក្រៅប្រទេសនឹងជួយកាត់បន្ថយការចំណាយហើយអាចទទួលបានលទ្ធផលនៃការព្យាបាលដូចគ្នា ៕
ចែករំលែកព័តមាននេះ