រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃា.តកម្ម នៅក្រុងព្រះសីហនុ ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន២នាក់ បានប្រើប្រាស់អាវុធខ្លី ចំនួន១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ ទៅលើបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចបូរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ ។
ជនសង្ស័យទាំង៣នាក់ រួមមាន ៖
ទី១. ឈ្មោះ ZHANG HAO ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន
ទី២. ឈ្មោះ WANG SHENG HOU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
និងទី៣. ឈ្មោះ YANG OU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។
វត្ថុតាងដកហូតបាន រថយន្ដ៣គ្រឿង, អាវុធខ្លីមួយដើម, គ្រាប់ប្រភេទ 380mm ចំនួន១០គ្រាប់ និងសំបកកន្ទុះចំនួន១គ្រាប់, ខ្នោះដៃចំនួន២, ផ្លាកលេខរថយន្ដ២គូ និងទូរសព្ទដៃ ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ