ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យកម្មការិនីម្នាក់ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបាក់ជើងទាំងពីរ សន្លប់ស្តូកស្តឹង ហើយបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង ។
ករណីនេះកើតឡើងនៅវេលាម៉ោង៥និង១៤នាទីល្ងាចថ្ងៃទី២០ វិច្ឆិកា ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ខាងត្បូងវត្តព្រៃធ្លក ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ។
បើតាមអ្នកឃើញហេតុការផ្ទាល់ភ្នែក បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រី២នាក់ បានចុះពីលើរថយន្តដឹកកម្មករ-កម្មការិនី (រថយន្តឈប់ នៅលើចិញ្ចើមផ្លូវខាងស្តាំ) ហើយខណៈស្ត្រីរងគ្រោះ កំពុងដើរតាមលើចិញ្ចើមផ្លូវ បម្រុងចូលទៅផ្ទះ ស្រាប់តែមានរថយន្តដឹកកម្មករ-កម្មការិនីមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ បើកពីទិសខាងជើង ទៅត្បូង ស្របទិសគ្នាយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏វ៉ាជែងរថយន្ត១គ្រឿង ដែលឈប់ដាក់កម្មការិនី ឲ្យចុះនោះ គឺវ៉ាខាងស្តាំ ក៏ជ្រុលទៅបុកជនរងគ្រោះទាំងពីរនាក់ពីក្រោយ ពេញទំហឹង រួចកិនពីលើបណ្តាលឲ្យស្ត្រីម្នាក់បាក់ខ្ទេចត្រឹមចង្កេះទៅក្រោម ស្លា.ប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីម្នាក់ទៀតកិនបាក់ភ្លៅទាំងពីរ សន្លប់ស្តូកស្តឹង ហើយបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង ។
អ្នកឃើញហេតុការផ្ទាល់ភ្នែក បានឲ្យដឹងទៀតថា មូលហេតុមកពីរថយន្តបង្កបើកបរល្បឿនលឿន វ៉ាជែងខាងស្តាំ ខ្វះការប្រុងប្រយត្ន័ ក៏ជ្រុលទៅបុកស្ត្រីរងគ្រោះទាំង២នាក់ ពីក្រោយ ហើយកិនចំពីលើ ។
ប្រភពបន្តថា ក្រោយពីបុក ហើយកិនស្ត្រីរងគ្រោះទាំងពីររួច អ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ក៏ប៉ុន្តែសមត្ថកិច្ចបានឲ្យដឹងថា ស្គាល់អត្តសញ្ញាណហើយ ជនសង្ស័យមានទីលំនៅភូមិព្ររបឹស ឃុំត្នោតស្រុកកំពង់រោទ៌ សមត្ថកិច្ចកំពុងស្រាយជ្រាវ ដើម្បីចាប់ឃាត់ខ្លួន យកមកដោះស្រាយតាមនីតិវិធី។
រីឯសពស្ត្រីរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី (ស្ត្រីរងគ្រោះទាំងពីរ គឺនៅផ្ទះក្បែគ្នា) ។
មហាជនបានលើកឡើងថា អ្នកបើកបររថយន្តដឹកកម្មករ-កម្មការិនីភាគច្រើន បើកបរល្បឿនលឿន ខ្វះក្រមសីលធម៌ បើកវ៉ាជែង គ្នា ឆ្វេងស្តាំ មិនគោរពច្បាប់ចរាចរណ៍ សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ដល់អ្នកបើកបររថយន្តដឹកកម្មករទាំងនោះផង កុំឲ្យបន្តល្មើសច្បាប់ចរាចរណ៍បន្តទៀត ៕
ចែករំលែកព័តមាននេះ