ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដើរ​លឿន​ប្រចាំថ្ងៃ​ ផ្តល់អត្ថប្រយោជន៍​៤យ៉ាងគួរឱ្យភ្ញាក់ផ្អើល​

6 ម៉ោង មុន

​ការដើរ​លឿន​គឺជា​លំ​ហាត់ប្រាណ​ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​នាំមក​នូវ​អត្ថប្រយោជន៍​រាប់មិនអស់​សម្រាប់​ទាំង​រាងកាយ និង​ចិត្ត​។ ត្រឹមតែ​ពីរ​បី​នាទី​ក្នុង​មួយថ្ងៃ អ្នក​អាចធ្វើឱ្យ​សុខភាព​បេះដូង​របស់​អ្នក​ប្រសើរឡើង សម្រក​ទម្ងន់ បង្កើន​កម្លាំង​សាច់ដុំ និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ១-​ការដើរ​លឿន​ធ្វើអោយ​សុខភាព​សរសៃឈាម​បេះដូង​ប្រសើរឡើង​ ​ការដើរ​លឿន​គឺជា​លំ​ហាត់ប្រាណ​ធ្វើឱ្យ​បេះដូង…

​ការដើរ​លឿន​គឺជា​លំ​ហាត់ប្រាណ​ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​នាំមក​នូវ​អត្ថប្រយោជន៍​រាប់មិនអស់​សម្រាប់​ទាំង​រាងកាយ និង​ចិត្ត​។ ត្រឹមតែ​ពីរ​បី​នាទី​ក្នុង​មួយថ្ងៃ អ្នក​អាចធ្វើឱ្យ​សុខភាព​បេះដូង​របស់​អ្នក​ប្រសើរឡើង សម្រក​ទម្ងន់ បង្កើន​កម្លាំង​សាច់ដុំ និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

១-​ការដើរ​លឿន​ធ្វើអោយ​សុខភាព​សរសៃឈាម​បេះដូង​ប្រសើរឡើង​

​ការដើរ​លឿន​គឺជា​លំ​ហាត់ប្រាណ​ធ្វើឱ្យ​បេះដូង និង សុខភាព​កាន់តែ​ប្រសើរ ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​ជួយ​កែលម្អ​សុខភាព​សរសៃឈាម​បេះដូង​។​

​នៅពេល​អ្នកដើរ​លឿន ចង្វាក់បេះដូង​របស់​អ្នក​កើនឡើង ឈាម​កាន់តែច្រើន​ត្រូវបាន​បូម​តាម​សរសៃឈាម​របស់​អ្នក ដោយហេតុនេះ​ធ្វើឱ្យ​ចរាចរ​ឈាម​ប្រសើរឡើង និង​ពង្រឹង​មុខងារ​បេះដូង​។​

​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការដើរ​លឿន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ដូចជា​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។​

២-​ការដើរ​លឿន​អាចជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​

​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការ​សម្រក​ទម្ងន់ ឬ​រក្សា​វា ការដើរ​លឿន​គឺជា​ជម្រើស​ដ៏​ល្អ​។ ក្នុង​ល្បឿន​ដ៏​លឿន រាងកាយ​ដុតបំផ្លាញ​កាឡូរី​ច្រើនជាង​ការដើរ​ធម្មតា ខណៈពេលដែល​បង្កើន​ការរំលាយ​អាហារ ជួយ​ឱ្យ​រាងកាយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​។​

​ការដើរ​លឿន​ក៏​មិន​ដាក់​សម្ពាធ​លើ​សន្លាក់​ដូច​លំ​ហាត់​កម្លាំង​ខ្លាំង​ផ្សេងទៀត​ដែរ ដែល​ធ្វើឱ្យ​វា​សាក​សម​សម្រាប់​មនុស្ស​ជាច្រើន រួមទាំង​មនុស្ស​ចាស់ ឬ​អ្នក​ដែលមាន​បញ្ហា​សន្លាក់​។ ការរួមបញ្ចូល​ការដើរ​លឿន​ជាមួយនឹង​របប​អាហារ​ដែលមាន​សុខភាព​ល្អ អ្នកនឹង​សម្រេចបាន​នូវ​គោលដៅ​សម្រក​ទម្ងន់ ឬ​សម្បទា​របស់​អ្នក​យ៉ាង​ងាយស្រួល​។​

៣-​ការដើរ​លឿន​ធ្វើអោយ​សុខភាព​ផ្លូវចិត្ត​ប្រសើរឡើង​

​ការដើរ​លឿន​មិន​ត្រឹមតែ​នាំមក​នូវ​អត្ថប្រយោជន៍​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​ផ្លូវចិត្ត​ផងដែរ​។​

​នៅពេល​អ្នក​ហាត់ប្រាណ រាងកាយ​របស់​អ្នកនឹង​ផលិត​អរ​ម៉ូ​ន endorphins កាន់តែច្រើន – អរ​ម៉ូ​ន​រីករាយ ដែល​ជួយ​កាត់បន្ថយ​ភាព​តានតឹង និង​ធ្វើអោយ​អារម្មណ៍​ប្រសើរឡើង​។​

​ការដើរ​លឿន​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​បង្កើន​ការ​ផ្តោតអារម្មណ៍ និង​ធ្វើឱ្យ​ការ​គេង​លក់​ស្រួល​ផងដែរ​។​

៤-​ការដើរ​លឿន​ជួយ​បង្កើន​កម្លាំង​សាច់ដុំ និង​ការ​ស៊ូទ្រាំ​

​ទោះបីជា​មិនមែនជា​លំ​ហាត់ប្រាណ​ដែលមាន​កម្លាំង​ខ្លាំង​ក៏ដោយ ការដើរ​លឿន​នៅតែ​ជួយ​អ្នក​ក្នុង​ការកសាង​កម្លាំង និង​ការ​ស៊ូទ្រាំ​ក្នុង​ក្រុម​សាច់ដុំ ជាពិសេស​សាច់ដុំ​ជើង សាច់ដុំ​ត្រគាក និង​សាច់ដុំ​ពោះ​។​

​នៅពេល​អ្នកដើរ​ក្នុង​ល្បឿន​ដ៏​លឿន សាច់ដុំ​របស់​អ្នកនឹង​ត្រូវ​ធ្វើការ​កាន់​តែ​ខ្លាំង​ដើម្បី​រក្សា​លំនឹង និង​រក្សា​ល្បឿន ដោយហេតុនេះ​ជួយ​បង្កើន​ភាពរឹងមាំ និង​ភាពបត់បែន​។​

​លើសពីនេះ ការដើរ​លឿន​ក៏​ជួយ​ពង្រឹង​ឆ្អឹង កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង និង​ធ្វើអោយ​ប្រសើរឡើង​នូវ​ភាពបត់បែន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ