ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ដែល​ខ្ពស់​ជាងគេ​នៅ​ស្រុក​ខ្មែរ ត​ភ្ជាប់​រវាង​ខេត្តពោធិ៍សាត់​និង​ខេត្តកោះកុង

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុ​ជាត​ភ្ជាប់​រវាង​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង នឹង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ លោក ផ​ន…

រាជធានី​ភ្នំពេញ ៖ ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុ​ជាត​ភ្ជាប់​រវាង​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង នឹង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០២៤​ថា ស្ពាន​លេខ​២៨​នៃ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ គឺជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​ស្រុក​ខ្មែរ ដែល​មាន​កម្ពស់​៩០​ម៉ែត្រ ប្រវែង​សរុប​៥៣៧​ម៉ែត្រ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ គឺ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ។

អ្នកនាំពាក្យ​បាន​រៀបរាប់​ថា នៅ​យើង​ពីលើ​កំពូល​ស្ពាន លោក​អ្នក​នឹង​មើលឃើញ​ផ្លូវ​អន្ទង់អាំង​ជា​ច្រើន​កន្លែង​, ព្រៃ​ព្រឹក្សា​ខៀវស្រងាត់​គ្រប់​រដូវ​កាល​, ពពក​មី​ដេរដាស​, អ័ព្ទ​បែកផ្សែង​ផុតកន្ទុយភ្នែក​, សម្រស់​ទឹកស្ទឹង​ដំណាក់​ក្បូន​, ជ្រលង​ស្ទឹង​ឫស្សី​ជ្រុំ​, តំបន់​វាល​វែង និង​អូរ​សោម​ជាដើម​..​។​ល​។

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សាងសង់​កំពុង​ព​ន្លឿ​ន​ការ​ស្ថាបនា តាម​ផែនការ​ដែល​បាន​គ្រោងទុក ។ ផ្លូវជាតិ​លេខ​១០ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០២០ ដោយ​ក្នុង​ផែនការ គឺ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣ ប៉ុន្តែ​មាន​ភាព​យឺតយ៉ាវ​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល ។

គម្រោង​កសាង​ផ្លូវ​ថ្មី​នេះ មាន​ទទឹង​តួ​ផ្លូវ​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST) និង
​សាងសង់​ស្ពាន​ចំនួន​២៨​កន្លែង ដែល​ក្នុង​នោះ មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ មាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍​គំនូស​ចរា​ចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​អ្នកទេសចរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ភ្ជាប់​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​កម្ពុជា និង​ប៉ូ​ល​សេដ្ឋកិច្ច​នានា ។

គម្រោង​សាងសង់​ផ្លូវ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​បន្ថែម​ខ្ទង់ចំណាយ​៥៧​លាន​ដុល្លារ​ទៀត លើ​គម្រោង​ចាស់​ដែល​មាន​ចំនួន​១៨៨​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចៀស​ពី​ការ​ពុះ​កាត់​ភ្នំក្រវាញ​ជា​ពីរ​ផ្នែក ដែល​ធ្វើ​ឱ្យ​ខូចខាត​ប្រព័ន្ធ​បរិស្ថាន និង​ទីជម្រក​របស់​ពពួក​សត្វព្រៃ ខណៈ​បច្ចុប្បន្ន​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ត្រូវ​បាន​ទាញ​យក​ចំណូល​ពី​ការ​លក់​ឥណទាន​កាបូន​។

ផ្លូវជាតិ​ថ្មី​មួយ​ខ្សែ​នេះ នឹង​ជួយ​សម្រួល​បាន​ច្រើន​ក្នុង​ការ​ជួយ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​តាម​រយៈ​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ​ពេលវេលា ចំណេញ​ថវិកា​បាន​ច្រើន ដោយ​យើង​អាច​ដឹក​ទំនិញ​បាន​ពី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​ប៉ៃលិន ទៅ​កាន់​ខេត្តកោះកុង ចុះ​ទៅ​កំពង់​ផែ​ទឹក​ជ្រៅ​ត្រង់​តែ​ម្តង ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្លងកាត់​រាជធានី​នៅ​ភ្នំពេញ​ទៀត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ