ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ដ្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​លើកទឹកចិត្ដដល់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ​ភ្នំពេញ ប្រកាន់​យក​ស្មារតី​ភាពជា​ដៃគូ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បាន​លើកទឹកចិត្ដ​ដល់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ​ភ្នំពេញ សូម​ប្រកាន់​យក​នូវ​ស្មារតី​ភាព​ជា​ដៃគូ​ល្អ​បន្ដ​ទៀត​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្ដម…

រាជធានីភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បាន​លើកទឹកចិត្ដ​ដល់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ​ភ្នំពេញ សូម​ប្រកាន់​យក​នូវ​ស្មារតី​ភាព​ជា​ដៃគូ​ល្អ​បន្ដ​ទៀត​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្ដម ​វេជ្ជបណ្ឌិត ស៊ិ​ក ប៊ុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​ក្នុង​ពិធីជប់លៀង​អបអរសាទរ​គម្រប់​ខួប ១០ ឆ្នាំ របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ ភ្នំពេញ កាលពីយប់​ថ្ងៃ​ទី ​១៨ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នៅ​សណ្ឋាគារ ហ្គា​ធិ​ន ស៊ី​ធី ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​។

ឯកឧត្ដម ​វេជ្ជបណ្ឌិត ស៊ិ​ក ប៊ុ​ណ្ណា បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​អបអរសាទរ​ខួប​ ១០​ ឆ្នាំ ​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ​ភ្នំពេញ នា​ពេល​នេះ​បាន​បង្ហាញ​ពី​សក្ខីភាព​នៃ​ការ​យកចិត្ដទុកដាក់ និង​ផ្ដល់​តម្លៃ​ជា​វិជ្ជមាន និង​ឆន្ទៈ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រឹង​មាំ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​ប្រកបដោយ​ភាព​ជឿជាក់ និង​ស្មោះត្រង់ ដើម្បី​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា ​។ ឯកឧត្ដម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី ​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្ដេចមហាបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ដ្រី​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ ដើម្បី «​កំណើនការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​» ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ​ឆ្នាំ ​២០៥០ ​។

ឯកឧត្ដម​រដ្ឋលេខាធិការ​បន្ដ​ថា ការ​គិតគូរ​រៀបចំ​យុទ្ធសាស្ដ្រ​នេះ បាន​ផ្ដោត​លើ​អាទិភាព​គន្លឹះ​ចំនួន​៥ ក្នុង​ទម្រង់​យុទ្ធសាស្ដ្រ​បញ្ច​កោណ​មុំ​ទី ​៣ នៃ​បញ្ច​កោណ​ទី ​១ ស្ដី​ពី​ការ​ភិ​វ​ឌ្ឍ​វិស័យ​ឯកជន និង​ការងារ ដែល​បាន​រំលេច​យ៉ាង​ច្បាស់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ដែល​ជា​គោលដៅ​យុទ្ធសាស្ដ្រ គឺ​ការ​បន្ដ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដែល​ជា​យន្ដការ​មិន​អាច​ខ្វះ​បាន និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គាំទ្រ​ពិពិធ​កម្ម និង​កំណើន ​។

ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​អាណត្ដិ​ទី​ ៧ ​នៃ​រដ្ឋសភា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​អាណត្ដិ​មុន​ៗ​ដែរ បាន​យកចិត្ដទុកដាក់ និង​ផ្ដល់​អាទិភាព​ខ្ពស់​លើ​វិស័យ​សុខាភិបាល ដែល​ក្នុង​នោះការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់​ក្នុង​មុំ​ទី​ ៣ នៃ​បញ្ច​កោណ​ទី​ ១ គឺ​ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន​ដែល​មាន​គោលដៅ​ជា​យុទ្ធសាស្ដ្រ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លា.ប់ និង​អត្រា​ឈឺ បណ្ដាល​មក​ពី​ជំងឺមិនឆ្លង​បម្បង​ៗ ការ​បន្ដ​លើកកម្ពស់​សុខភាព​បន្ដ​ពូជ សុខភាព​ទារក កុមារ និង​មាតា ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន​ក្នុង​ការ​ដឹកនាំ​បរិវត្ដ​កម្ម និង​អភិបាលកិច្ច​ក្នុង​វិស័យ​សុខាភិបាល ការ​បន្ដ​លើកកម្ពស់​គុណភាព និង​សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ ការ​ព្យាបាល និង​ថែទាំ​ជំងឺ ការ​បន្ដ​ពង្រឹងគុណភាព​នៃ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សុខាភិបាល ការ​លើកកម្ពស់​សមត្ថភាព​ជំនាញ ការ​លើកកម្ពស់​កិច្ចសហការ​រវាង​ក្រសួង ស្ថាប័ន ដៃគូ​ពាក់ព័ន្ធ និង​ការ​ចូលរួម​របស់​ប្រជាជន​តាម​សហគមន៍​ ។

ឯកឧត្ដម​ វេជ្ជបណ្ឌិត​ រដ្ឋលេខាធិការ​ ក៏​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ​ដែល​បាន​រួមចំណែក​ជួយ​ការពារ​សង្គម​ជា​ច្រើន ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ដែល​កាច​សាហា.វ ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩ ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ដជា​រៀង​រាល់​ឆ្នាំ បរិច្ចាគ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា ការ​អប់រំ​សុខភាព ពិសេស​ស្ដ្រី​ដែល​មានគភ៌​នៅ​ត្រឹម​ត្រីមាស​ទី​ ១ និង​ទី​ ២ តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា ដើម្បី​ទទួល​បាន​ចំណេះដឹង​បែប​ថ្មី​ស្ដី​ពី​របៀប​ថែទាំ​សុខភាព​របស់​មាតា និង​ទារក ការ​ត្រៀម​សម្រាល​របស់​មាតា និង​ការ​ចូលរួម​ចំណែក​រំលែក​បទ​ពិសោធន៍​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំ​នៅ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ​។ បន្ថែម​លើ​នេះ​ទៀត មន្ទីរពេទ្យ ក៏​បាន​ចូលរួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ TYDA ផ្ដល់​ការ​វះកាត់​បេះដូង​ជូន​អ្នកជំងឺ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ​ដែរ តាង​នាម​ក្រសួងសុខាភិបាល ឯកឧត្ដម ស៊ិ​ក ប៊ុ​ណ្ណា ក៏​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ បុគ្គលិក​គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ ភ្នំពេញ ក៏​ដូច​ជា​មន្ទីរពេទ្យ​ឯកជន​ដទៃ​ទៀត ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ចូលរួម​វិនិយោគ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ហើយ​ដែល​បាន​គោរព និង​អនុវត្ដន៍​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់ គោលនយោបាយ​អាទិភាព និង​កំណែទម្រង់​នានា ​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ស្មារតី ក្រមសីលធម៌​វិជ្ជាជីវៈ មាន​មនសិការ​វិជ្ជាជីវៈ ក្នុង​ការ​ចូលរួម​ចំណែក​បម្រើសេវា​សុខភាព​ជូន​ប្រជាជន​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​គណនេយ្យ​ភាព ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​សាស្ត្រាចារ្យ Attapoom Susupaus នាយក​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ​ភ្នំពេញ​ បាន​បញ្ជាក់​ថា ​ក្រោម​ចក្ខុវិស័យ​រួម​របស់​យើង និង​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​របស់​មន្ទីរពេទ្យ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​ ២០១៤ ជាមួយនឹង​បុគ្គលិក​តិច​ជាង ១០០​ នាក់ ហើយ​បាន​ចូលរួម​ជាមួយ​អ្នកជំងឺ​តិច​ជាង ៤០ ០០០ នាក់​ក្នុង​មួយ​ឆ្នាំ​ ។ លោក​សាស្ដ្រាចារ្យ​គូសបញ្ជាក់​ថា សព្វ​ថ្ងៃនេះ យើង​អាច​និយាយ​ដោយ​មោទនភាព​ថា ឥឡូវនេះ​យើង​រីក​ចម្រើន​ដោយ​មាន​បុគ្គលិក​សរុប​ជាង ៣៨៦​ នាក់ ហើយ​បាន​ព្យាបាល​អ្នកជំងឺ​ជាង ៨០ ០០០​ នាក់ រៀង​រាល់​ឆ្នាំ ហើយ​នេះ​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​យើង​ចំពោះ​ឧត្តមភាព​នៃ​ការ​ថែទាំ​សុខភាព ​។

លោក​សាស្ដ្រាចារ្យ​ បាន​ថ្លែង​ផង​ដែរ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​គុណភាព ​ត្រូវ​បាន​បង្ហាញ​បន្ថែម​ទៀត​ដោយ​ការ​អបអរសាទ​របស់​យើង ហើយ​មន្ទីរពេទ្យ​ រ៉ូ​យ៉ា​ល់ ​ភ្នំពេញ ​ទទួល​បាន​នូវ​ការ​ទទួល​ស្តង់ដារ​អាម៉េរិក (JCI) ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ​២០១៧ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ ​២០២០ និង​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​ ២០២៣ ។ លើស​ពី​នេះ យើង​បាន​ទទួល​ពានរង្វាន់​គិលានុបដ្ឋាយិកា​ល្អ​ពី BDMS ក្នុង​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ ​២០២១ យើង​មាន​មោទនភាព​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​ជា​មន្ទីរពេទ្យ​ឆ្នើម​នៅ​កម្ពុជា ​(The Best Hospital in Cambodia) ទទួលស្គាល់​ដោយ​ពានរង្វាន់​ដោយ​សុខភាព​ពិភពលោក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (Global Health Asia Pacific Awards) ។ បន្ថែម​ពី​នេះ​ទៀត មន្ទីរពេទ្យ​ទទួល​បាន​ពានរង្វាន់​ផ្នែ​ការ​ព្យាបាល​ការ​ប៉ះទង្គិច​ខួរក្បាល​ដោយ​ឧបទ្ទវហេតុ (TBI) ក្នុង​ឆ្នាំ ​២០១៩ និង​លើក​ទី ២ នៅ​ឆ្នាំ ២០២២​ ។

លោក​សាស្ដ្រាចារ្យ​ បាន​ថ្លែង​បញ្ជាក់​ថា ​៖ «​សមិទ្ធផល​ទាំងនេះ ​គឺជា​កម្លាំងចិត្ត និង​តំណាង​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ឧត្តមភាព និង​ការ​ជឿ​ទុកចិត្ត​របស់​អ្នកជំងឺ​មក​លើ​យើង និង​សហគមន៍​ថែទាំ​សុខភាព​របស់​យើង​»​ ។ លោក​សាស្ដ្រាចារ្យ​បាន​អះអាង​ផង​ដែរ​ថា យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​ការ​ថែទាំ​ប្រកបដោយ​គុណភាព ដោយ​ធានា​បាន​នូវ​សុវត្ថិភាព និង​តម្លៃ​សមរម្យ​សម្រាប់​អ្នកជំងឺ ​។

លោក​សាស្ដ្រាចារ្យ​ បាន​បន្ថែម​ថា ​៖ «​យើង​ផ្តល់​ការ​សន្យា​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​មួយ ដើម្បី​ឱ្យ​អ្នកជំងឺ​មាន​ទំនុក​ចិត្តជា​មុន​សិន និង​ធានា​ថា​បុគ្គល​គ្រប់​រូប​ដែល​ចូល​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​យើង​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ​។ យប់​នេះយើង​អបអរ​សមិទ្ធិ​ផល​របស់​យើង ជាមួយនឹង​ការ​លះបង់ និង​ការ​សហការ​គ្នា យើង​នឹង​បន្ត​កសាង​សុខភាព​សម្រាប់​ប្រជាជន​កម្ពុជា​» ៕ អត្ថបទសហការ