ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ និង​គណៈប្រតិភូ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​បញ្ជូន​ និង​ទទួល​ពលករ​កម្ពុជា ​ទៅ​ធ្វើការ​នៅកូរ៉េ

2 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ឯកឧត្តម យូ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ឯកឧត្តម យូ សាំង​បម (Yoo Sang-bum) សមាជិក​រដ្ឋសភា និង​ជា​អនុប្រធាន​គណៈកម្មការ​នីតិកម្ម និង​តុលាការ​នៃ​សាធារណរដ្ឋ​កូរ៉េ រួម​និង​លោក​ជំទាវ ចូ បេ​ស៊ូ​ក (Cho Bae Sook) និង​ឯកឧត្តម សុង សក់​ជុន (Song Seog-jun) សមាជិក​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មការ​នីតិកម្ម និង​តុលាការ​នៃ​សាធារណរដ្ឋ​កូរ៉េ​។

ជំនួប​ពិភាក្សា​ការងារ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ មាន​គោលបំណង​បញ្ជាក់​ពី​ទំនាក់ទំនង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ជា​ពិសេស​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​បញ្ជូន​និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​ 

ឯកឧត្តម ហេង សួរ បាន​សម្តែង​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​កម្ពុជា ក្នុង​ភាព​ជា​ដៃគូ​យូរអង្វែង​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​ការងារ (EPS)​។ ប្រព័ន្ធ EPS មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រកបដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា​សាធារណរដ្ឋ​កូរ៉េ​នឹង​បង្កើន​ចំនួន​កូតា​ទទួលយក​ពលករ​កម្ពុជា​បន្ថែម​ទៀត ជា​ពិស​សព​លក​ជំនាញ​កម្ពុជា​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ខណៈ​ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​កូរ៉េ មាន​គោលនយោបាយ​គាំពារ​យ៉ាង​ល្អ​សម្រាប់​ពលករ​បរទេស ជា​ពិសេស​តាម​រយៈ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ដែល​ជួយ​សម្រួល​ដល់​ពលករ​បរទេស និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលករ​បរទេស​។ ក្នុង​នោះ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​កូរ៉េ ក៏​ទទួល​បាន​នូវ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​កូរ៉េ និង​ទទួល​បាន​នូវ​សិទ្ធិ និង​ឱកាស​ដូច​ទៅ​នឹង​ពលករ​កូរ៉េ​ដែរ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម យូ សាំង​បម (Yoo Sang-bum) លើក​ឡើង​ថា ទំនាក់​ទំនងជា​ដៃគូ​រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ប្រជាជន​កម្ពុជា ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ជា​ពិសេស​ក៏​មាន​ស្ត្រី​កម្ពុជា​ជា​ច្រើន​បាន​រៀប​ការ​ជាមួយ​បុរស​កូរ៉េ ដោយ​កំពុង​រស់នៅ​និង​ចូលរួម​ក្នុង​សកម្មភាព​សង្គម វប្បធម៌​ជាមួយ​ប្រជាជន​កូរ៉េ​។

ទន្ទឹម​នេះ ឯកឧត្តម យូ សាំង​បម សង្ឃឹមថា​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​ជំរុញ និង​សម្រួល​ដល់​ដំណើរការ​បញ្ជូន​និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ ​៕ អត្ថបទសហការ