រាជធានីភ្នំពេញ៖ គ្រូបង្រៀននៃបណ្តាញសាលារៀន វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលារៀនសហគមន៍២១ កាលពីពេលថ្មីកន្លងទៅនេះ បានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញមកពីប្រទេសកាណាដា ទៅលើចំណេះដឹងពាក់ព័ន្ធការអប់រំពិសេស ។
អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប មានប្រសាសន៍ថា ការបណ្តុះបណ្តាល ដែលធ្វើឡើងតាមរយៈសិក្ខាសាលា Mental Health Literacy កាលពីថ្ងៃទី២៤ មករា បានផ្តល់ជាទុន ក៏ដូចជាចំណេះដឹងទៅដល់ លោកគ្រូអ្នកគ្រូនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ទៅលើព័ត៌មានពាក់ព័ន្ធជាមួយនឹងប្រភេទ នៃការអប់រំបែបពិសេស ដែលមានដូចជា ADHD និង អូទីហ្សឹម, ពីលក្ខណៈនៅក្នុងការសម្គាល់ នូវអ្វីដែលអាចកើតឡើងចំពោះកុមារ ដែលមានបញ្ហា ADHD ហើយក៏ដូចជាកុមារដែលមានបញ្ហាអូទីហ្សឹម ។
ជាមួយគ្នា អ្នកជំនាញក៏បានបង្ហាញពីការសម្គាល់ ចំពោះកុមារដែលមានបញ្ហា ADHD និងអូទីហ្សឹម ដោយធ្វើការបង្ហាញទាក់ទងនឹងកម្រងសំណួរមួយចំនួន ដែលលោកគ្រូអ្នកគ្រូអាចធ្វើការវិភាគជាមួយកុមារ ដែលនឹងចូលរៀន ឬក៏កំពុងរៀននៅបណ្តាញសាលារៀន ដើម្បីអាចជួយគាំទ្រពួកគាត់ឱ្យបានទាន់ពេលវេលា ។
បើតាមអ្នកស្រី អ៊ុក សូនីតាតាមរយៈការធ្វើបទបង្ហាញពីអ្នកជំនាញ លោកគ្រូអ្នកគ្រូទទួលបានចំណេះដឹងជាច្រើន ដែលអាចជួយគាំទ្របន្ថែម ដល់កុមារដែលមានបញ្ហា ADHD ក៏ដូចជាអូទីហ្សឹម ក្នុងការជួយដល់កុមារទាំងនោះ អាចរៀនសូត្រជាមួយកុមារធម្មតា ហើយមានការរីកចម្រើនទៅលើការប្រាស្រ័យទាក់ទង ក៏ដូចជារៀននៅសាលា ដែលតម្រូវឱ្យមានការអប់រំពិសេស ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ